ថ្មីៗនេះ ពិធីការិនីល្បីឈ្មោះ នាងឌួង ហ្សូរីដា បានបង្ហាញសារតូចចិត្តតូចថ្លើមជាខ្លាំង នៅពេលដែលប្រជាជនមានទុក្ខរត់ទៅប្តឹងសមត្ថកិច្ច តែដំណោះស្រាយមានភាពយឺតយ៉ាវ ឬគ្រាន់តែកត់សំណុំរឿងហើយ ស្ងាត់ឈឹងរហូតមក។
ហ្សូរីដា ថែមទាំងថ្លែងសារមិនធ្លាប់មានពីមុនមកទៀត ដោយលើកឡើងមតិរបស់មហាជនថា “ចោរនិងប៉ូលិស រកស៊ីតែមួយ ជាមួយគ្នា”។
ការថ្លែងបែបនេះរបស់ឌួង ហ្សូវីដា ដោយសារតែតារារូបនេះធ្លាប់ត្រូវបានចោរលួចស្លាកលេខរថយន្តរបស់នាង ហើយត្រូវបានកាមេរ៉ាថតជាប់សកម្មភាពរបស់ចោរទាំងអស់ ប៉ុន្តែ នៅពេលដែលនាងបានយកវីដេអូ បង្ហាញពីសកម្មភាពចោរលួចស្លាកលេខឡាននាងទៅប្តឹងប៉ូលិស រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅតែមិនទាន់រកមុខចោរ ឃើញហើយក្រុមចោរទាំងនោះ បែរជាដើរធ្វើសកម្មភាពលួចស្លាកលេខរថយន្តអ្នកផ្សេងៗទៀត ពេញក្រុងតែម្តង។
ឌួង ហ្សូរីដា ថ្លែងសារថា “សង្ស័យតែអាពួកចោរតែមួយ ដែលលួចស្លាកលេខឡានខ្ញុំហ្នឹងឯង! គួរអញ្ជើញគាត់ចូលសម្រាន្តក្នុងគុកតែម្តងទៅ! លោកប៉ូលិស ដូចជាមិនបានធ្វើការសោះ ប្តឹងបានតែប្តឹង តែគ្មានចំណាត់ការ តើឱ្យប្រជាជនរំពឹងលើអ្វីទៅ? អញ្ចឹងហើយបានជាប្រជាជនមួយចំនួននាំគ្នានិយាយថា “ចោរ និងប៉ូលិស រកស៊ីតែជាមួយគ្នាហ្នឹងឯង”។
គួរបញ្ជាក់ថា ឌួង ហ្សូរីដា ធ្លាប់ចតកូនរថយន្តរបស់នាងនៅមុខហាងដាណាម៉ា តាមផ្លូវស្តុបទេពផន តែឡានរបស់នាងបានបាត់ស្លាកលេខ ហើយពេលនាងឆែកកាមេរ៉ាសុវត្ថិភាពនោះ ស្រាប់តែជាប់សកម្មភាពចោរលួចដោះស្លាកលេខរថយន្តរបស់នាងនោះ ច្បាស់ក្រឡែត។
ភ្លាមៗនោះ ហ្សូរីដា បានយកវីដេអូទៅប្តឹងសមត្ថកិច្ច ដោយប៉ូលិសបានកត់ឯកសារយ៉ាងត្រឹមត្រូវ តែក្រោយប្តឹង រហូតមកដល់ពេលនេះ គឺស្ងាត់ឈឹង តែបែរជាលេចមុខក្រុមចោរ ដែលមានភាពប្រហាក់ប្រហែលគ្នា ដូចក្នុងវីដេអូលួចស្លាកលេខឡាននាងនោះ ដើរធ្វើសកម្មភាពនៅទីតាំងផ្សេងវិញ ទើបពីធីការិនីរូបនេះ ត្អូញថា តើឱ្យប្រជាជនទៅរំពឹងអ្នកណាទៅ លោកប៉ូលិស?៕