Monday, November 18, 2024
Homeតារាខ្មែរអម្ពរ ទេវី ត្រៀមលេចមុខថតភាពយន្តថ្មី នៅហង្សមាស

អម្ពរ ទេវី ត្រៀមលេចមុខថតភាពយន្តថ្មី នៅហង្សមាស

អ្នកនាងអម្ពរ ទេវី បានលេចមុខក្នុងកម្មវិធី Cambodian Got’s Talent រដូវកាលទី២ របស់ក្រុមហ៊ុនហង្សមាស ក្នុងវគ្គ Live Show កាលពីរាត្រីថ្ងៃទី២១ ខែតុលា ដែលបង្កឱ្យមហាជនជាច្រើនបានចាប់អារម្មណ៍ ព្រោះតែអតីតភរិយាលោកពេជ្រ ភិរុណ រូបនេះ បានចុចប៊ូតុងមាស ជ្រើសយកកុមារាឈៀង ហេង ដែលចង់ក្លាយជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរនោះ ទៅវគ្គបន្តទៀតផង ធ្វើឱ្យកុមារដែលមានក្តីសុបិនចង់ធ្វើជាបណ្ឌិតអក្សរសាស្ត្រខ្មែរនោះ រំភើបរហូតដល់ស្រក់ទឹកភ្នែកទៀតផង។

ការលេចមុខអ្នកនាងអម្ពរ ទេវី ចូលរួមជាមួយគណៈកម្មការ ទាំង៤រូប របស់ក្រុមហ៊ុនហង្សមាស ព្រាប សុវត្ថិ, នាយកុយ, នាយក្រឹម និងអ្នកនាងខាត់ សុឃីម នោះ ធ្វើឱ្យមហាជនជាច្រើនសម្តែងការចាប់អារម្មណ៍អ្នកនាងអម្ពរ ទេវី ចំពោះការលេចមុខអ្នកនាងនៅស្រុកកំណើតជាថ្មី ញឹកញាប់ជាងមុននេះ ព្រោះមុននេះ អ្នកនាងទើបតែថតភាពយន្តឱ្យផលិតកម្ម LD Picture តាមរយៈរឿង “ឆន្ទា” បន្ទាប់ពីរឿង “ទឹកចិត្តម្តាយសម័យថ្មី” របស់ផលិតកម្មថោន។

ប្រភពបានឱ្យដឹងថា អ្នកនាងអម្ពរ ទេវី នឹងលេចមុខក្នុងភាពយន្តថ្មីមួយទៀត របស់ផលិតកម្មហង្សមាស ផងដែរ ចំពោះការមកស្រុកខ្មែរ លើកនេះ ព្រោះអ្នកនាងទេវី ធ្លាប់បានថតបទចម្រៀងល្បីៗជាច្រើននៅហង្សមាស ហេតុនេះហើយបានជាហង្សមាស ត្រូវតែអញ្ជើញអតីតតារាសម្តែងរូបនេះ ចូលថតភាពយន្តភាគរបស់ខ្លួនសាជាថ្មីឡើងវិញ។

អ្នកនាងអម្ពរ ទេវី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា អ្នកនាងនៅតែស្រលាញ់អាជីពសិល្បៈ អ៊ីចឹងបើបងប្អូនគាំទ្រ អ្នកនាងនឹងថតរឿងក្រោយៗជាបន្តបន្ទាប់ទៀត។

អំឡុងពេលដែលអ្នកនាងថតរឿង “ឆន្ទា” របស់ផលិតកម្ម LD នោះ ក៏មានផលិតកម្មមួយដែរ បានទាក់ទងឱ្យអ្នកនាងសម្តែងជាមួយដៃគូចាស់ គឺលោកទេព រិនដារ៉ូ សាជាថ្មីឡើងវិញ ហើយអ្នកនាងមានអារម្មណ៍រំភើបខ្លាំងណាស់ ព្រោះថា ដៃគូចាស់ដែលអ្នកនាងចង់សម្តែងជាមួយបំផុតនោះ គឺលោកទេព រិនដារ៉ូ នេះឯង។

អម្ពរ ទេវី ដែលចុះមកស្រុកខ្មែរ ជាញឹកញាប់ចុងក្រោយនេះ គ្មានការចូលរួមជូនដំណើរពីស្វាមីថ្មីរបស់នាង នៅអាមេរិក នោះឡើយ ហើយរាល់ពេលឱ្យតែមកដល់ស្រុកខ្មែរនោះ អ្នកនាងទេវី ត្រូវបានអតីតប្តី លោកពេជ្រ ភិរុណ យកចិត្តទុកដាក់ទាំងសម្លៀកបំពាក់ និងកន្លែងគេង ដែលមិនខុសគ្នាអំឡុងពេលដែលអ្នកទាំង២ នៅជាប្តីប្រពន្ធគ្នាឡើយ។

សកម្មភាពរបស់លោកពេជ្រ ភារុណ បែបនេះ ត្រូវបានអ្នកនាងអម្ពរ ទេវី ចាត់ទុកលោកភិរុណ ថា ដូចជាឪពុកម្នាក់អ៊ីចឹង ហើយស្វាមីថ្មីរបស់អ្នកនាងមិនមានការប្រចណ្ឌនោះទេ។ អ្វីដែកលអ្នកនាងអម្ពរ ទេវី កាន់តែទទួលភាពកក់ក្តៅពីអតីតស្វាមីនោះ គឺនៅពេលដែលអ្នកនាងសម្តែងជាតួជំទាវ ដែលត្រូវប្រើប្រាស់គ្រឿងអលង្ការ និងឈុតឱ្យស័ក្តិសមជាជំទាវនោះ ត្រូវបានលោកពេជ្រ ភិរុណ ជាអ្នករៀបចំចាត់ចែងឱ្យទាំងអស់ ទើបធ្វើឱ្យអ្នកនាងអាចសម្តែងរឿងថ្មីៗនេះ ដោយមិនពិបាកខ្វល់រឿងសម្លៀកបំពាក់ ព្រោះលោកភិរុណ បានដឹងថា អ្នកនាងស្លៀកពាក់ឈុតបែបណា ទើបស័ក្តិសម។

អម្ពរ ទេវី បានបន្សល់នូវចំណងដៃកូនប្រុសស្រី២នាក់ ក្រោយលែងលះជាមួយអតីត ប្តីលោកពេជ្រ ភិរុណ នេះ គឺកូនប្រុសឈ្មោះ ភិរុណ ឥន្ទ្របុត្រ រស់នៅអាមេរិក និងកូនស្រី ឈ្មោះភិរុណ លក្ស្មី ទេវី នៅស្រុកខ្មែរ។ ដោយឡែក ការចាប់ដៃជាមួយស្វាមីថ្មីនោះ អ្នកនាងអម្ពរ ទេវី ទទួលបានចំណងដៃកូនស្រីម្នាក់ទៀតហើយ។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកន្លងមក អ្នកនាងអម្ពរ ទេវី ក៏បានអះអាងថា សម្រាប់ពេលអនាគតអ្នកនាងមានគម្រោងចង់មករស់នៅស្រុកខ្មែរ វិញទៀតផង តែមិនអាចផ្សះផ្សាស្នេហ៍ជាមួយលោកភិរុណ នោះទេ ព្រោះពេលនេះ អ្នកនាងបានចាត់ទុកលោកភិរុណ ដូចជាឪពុកទៅហើយ។

ដោយឡែក ការលេចមុខក្នុងភាពយន្តថ្មីរបស់ក្រុមហ៊ុនហង្សមាសនោះ ត្រូវបានអ្នកដឹកនាំសម្តែងផលិតកម្មនេះ បង្ហើបឱ្យដឹងថា អ្នកនាងទេវី មិនមែនចេះតែសម្តែងនោះទេ គឺទាល់តែសាច់រឿងនោះស័ក្តិសមជាមួយអ្នកនាង ទើបគាត់ព្រមសម្តែង។ ចំពោះតួអង្គដែលអ្នកនាងទេវី ស័ក្តិសមក្នុងការសម្តែងនោះ គឺអាចជាជំទាវម៉ឺងម៉ាត់ម្នាក់ ដូចក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែរ ទើបអ្នកនាងទេវី ពេញចិត្តក្នុងការសម្តែង៕

RELATED ARTICLES