តារាចម្រៀងផលិតកម្មថោន និង Camtrax នាងមាស សុខសោភា បានសម្តែងចុងក្រោយនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២១ ខែតុលា ហើយនាងប្រញាប់វិលត្រឡប់មកស្រុកខ្មែរវិញ ឱ្យទាន់ពេលឡើងច្រៀង Concert មួយ ដែលនាងត្រូវសម្តែងនៅ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
តាមរយៈការវិលវិញយ៉ាងតក់ក្រហល់របស់មាស សុខសោភា នេះ បញ្ជាក់ថា នាងមិនបានចេញទៅច្រៀងនៅសហរដ្ឋអាមេរិក និងកាណាដា នោះទេ គឺបានតែសម្តែងនៅប្រទេសអាល្លឺម៉ង់ និងបារាំង។ ប៉ុន្តែសម្រាប់ការចេញច្រៀងក្រៅស្រុករបស់អ្នកចម្រៀងល្បី១ខែនេះ គឺមានការចាប់អារម្មណ៍ពីមហាជនថា នាងទទួលបានការគាំទ្រច្រើនជាងមុន ពិសេស គឺការសម្តែងរាត្រីចុងក្រោយនៅទីក្រុងប៉ារីស ជាមួយតារាចម្រៀងរួមទ្រនំ លោកប៉ុន សុណារិន្ទ ហៅខេម នោះ។
អាណិកជនខ្មែរ នៅបារាំង ទាំងស្រីទាំងប្រុសប្រជ្រៀតគ្នាសុំថតរូបជាមួយសោភា រហូតដល់មានការលាន់មាត់សរសើរថា នាងល្បីមិនចាញ់តារាបរទេសឡើយ។ ទោះជាយ៉ាងណា ប្រុសៗទាំងនោះ មិនហ៊ានសារភាពសុំស្នេហ៍មាស សុខសោភា ឡើយ ដោយសារគ្រប់គ្នាបានដឹងថា នាងមានម្ចាស់ចិត្តរួចទៅហើយ គឺអាណិកជនខ្មែរ នៅកាណាដា លោកអ៊ឹត រ៉ាដា ដែលតាមនាងស្អិតគ្រប់ជំហានទាំងក្នុង និងក្រៅស្រុកនេះ។
ការប្រញាប់ហោះមកស្រុកខ្មែរវិញ របស់មាស សុខសោភា ដើម្បីឱ្យទាន់ការដែលនាងសន្យាច្រៀងឱ្យក្រុមហ៊ុនមួយចំនួន នៅក្នុងស្រុកនេះ បញ្ជាក់ថា សោភា ទុកឱ្យដៃគូចម្រៀងរបស់នាងលោកខេម បន្តស្នាក់នៅច្រៀងនៅក្រៅស្រុករយៈពេល២ខែ តែម្នាក់ឯងថែមទៀត ព្រោះលោកខេម បានប្រាប់អ្នកយកព័ត៌មានយើងថា ត្រូវច្រៀងសម្តែងនៅក្រៅស្រុក រយៈពេល៣ខែ ក្នុងនោះ មានអាល្លឺម៉ង់ បារាំង និងអាមេរិក ផងដែរ។
តាមរយៈវីដេអូ និងរូបភាពជាច្រើនដែលមាស សុខសោភា សម្តែងនៅក្រៅប្រទេសនេះ បញ្ជាក់ថា នាងមានការគាំទ្រច្រើនសម្រាប់ទីផ្សារនៅបរទេស បើប្រៀបធៀបជាមួយតារាចម្រៀងស្រីផ្សេងៗទៀត របស់ខ្មែរ ដែលធ្លាប់ចេញទៅបរទេសនោះ។ ចំណុចដែលមាស សុខសោភា ខ្លាំងពេលចេញទៅច្រៀងនៅប៉ែកអឺរ៉ុប នេះ ត្រូវបានអាណិកជនខ្មែរ រស់នៅបារាំង បានប្រាប់អ្នកយកព័ត៌មានយើងតាមសារអេឡិចត្រូនិកថា ដោយសារសោភា អាចច្រៀងបានគ្រប់ទម្រង់ ពិសេស គឺបទពីដើមៗនោះ ទើបធ្វើឱ្យគេចូលចិត្តមើលការច្រៀងសម្តែងរបស់នាងជាងអ្នកចម្រៀងផ្សេងៗទៀត។ តែអ្វីដែលសំខាន់នោះ គឺសោភា មិនធ្លាប់ចូលរួមហែបក្សដូចតារាផ្សេងៗនោះ ទើបធ្វើឱ្យអ្នកនៅក្រៅប្រទេសចេញទៅគាំទ្រ នាងភ្លូកទឹកភ្លូកដីយ៉ាងនេះ។
តាមរយៈការកើបលុយបានជាច្រើនម៉ឺនដុល្លារ ត្រឹមការច្រៀងសម្តែងរយៈពេល១ខែ នៅបរទេសនេះ មាស សុខសោភា ដែលអះអាងថា នឹងអាចចូលរោងការនៅរយៈពេល២ឬ៣ឆ្នាំ ខាងមុខនេះ នាងនៅតែមិនទាន់ហ៊ានកំណត់ថ្ងៃច្បាស់លាស់នៃការក្រាបផ្ទឹមនោះដដែល បន្ទាប់ពីបានរួមរស់ជាមួយគូស្នេហ៍ លោកអ៊ឹត រ៉ាដា ១១ឆ្នាំ ដោយមិនទាន់មានខាន់ស្លាមក។
មហាជននិយាយថា ពេលនេះ មាស សុខសោភា មានអ្វីៗគ្រប់យ៉ាងអស់ទៅហើយ គឺលុយ វីឡា និងរថយន្តទំនើប អ៊ីចឹងនាងនៅខ្វះតែម៉្យាងគត់ គឺការរៀបការតាមប្រពៃណីខ្មែរ តាមបំណងម្តាយរបស់នាងចង់បាន៕