គ្រប់គ្នាបានគិតថា ពេលដែលតារាចម្រៀងល្បីល្បាញ ឱក សុគន្ធកញ្ញា ដែលបានភ្ជាប់ពាក្យកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នោះ នាងនឹងក្លាយទៅជាតារាចម្រៀងស្រីម្នាក់ដែលមានឥទ្ធិពលជាងគេនៅហង្សមាស ហើយតារារួមទ្រនំត្រូវគោរពកោតខ្លាចអំណាចរបស់នាងជាមិនខានឡើយ។
ការសំអាងបែបនេះ ដោយសារសុគន្ធកញ្ញា ពេលនេះជាអ្នកចម្រៀងស្រីនាំមុខគេនៅហង្សមាស ស្រាប់ ហេតុនេះហើយពេលក្លាយទៅប្អូនថ្លៃថៅកែនោះ រឹតតែត្រូវផលិតកម្មលើកស្ទួយថែមទៀតជាមិនខានឡើយ ហើយសម្រាប់តារាស្រីផ្សេងទៀត ដែលចង់បានតំណែងនេះ សូមកុំមានក្តីស្រមៃតទៅទៀតអី ព្រោះហង្សមាស នឹងមិនលើកតារាស្រីណាជាងប្អូនថ្លៃលោកថៅកែឡើយ។
ប៉ុន្តែ ផ្ទុយពីការសន្និដ្ឋានបែបនេះ ព្រោះតារាចម្រៀងរួមអាជីពជាមួយឱក សុគន្ធកញ្ញា បានអះអាងដោយការពារអ្នកចម្រៀងរូបនេះថា តាំងពីភ្ជាប់ពាក្យហើយរហូតមកដល់ពេលនេះ សុគន្ធកញ្ញា គ្មានប្រែប្រួលចិន្តាខុសពីមុននោះទេ ហេតុនេះហើយបានជាមានអ្នកចម្រៀងនៅហង្សមាស ពេញចិត្តនាងច្រើនជាងការមិនចូលចិត្ត។
ប្រភពនោះថែមទាំងថា សុគន្ធកញ្ញា មិនដែលចាត់ទុកថា នាងជាប្អូនថ្លៃលោកថៅកែហង្សមាស ទៀតផង ហើយចំណុចដែលថា ហង្សមាស មិនលើកតារាស្រីណាឱ្យល្បីជាងសុគន្ធកញ្ញា នោះ មិនត្រូវបានអ្នកចម្រៀងស្រីដែលស្និទ្ធស្នាលជាមួយសុគន្ធកញ្ញា នោះ យល់ស្របនោះឡើយ។
តារាចម្រៀងដែលនៅទ្រឹងនៅហង្សមាស តែក្រាញមិនដើរចេញនោះ បានឱ្យដឹងថា ពេលនេះ សុគន្ធកញ្ញា នៅតែមានទីផ្សារខ្លាំងដដែល តែបើធ្លាក់ហើយ ហង្សមាស នឹងលើកតារាផ្សេងវិញហើយ ព្រោះថា ក្រុមហ៊ុននេះ គេរកស៊ីតម្រូវទៅតាមទីផ្សារជាក់ស្តែង មិនមែនលើកអ្នកច្រៀងអត់កើតនោះទេ គឺលើកអ្នកមានសមត្ថភាព។
ឱក សុគន្ធកញ្ញា បានផ្តាច់ស្នេហ៍ពីអតីតសង្សារតន្ត្រីកររ៉េតធី ដូណា កាលពីឆ្នាំ២០១១ ដោយមកភ្ជាប់ស្នេហ៍ថ្មី ជាមួយលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស រហូតឈានទៅដល់ការភ្ជាប់ពាក្យ និងត្រៀមចូលរោងការ នាពេលខាងមុខនេះទៀតផង។
ចំណងស្នេហាថ្មីរបស់អ្នកចម្រៀងល្បីឈ្មោះ សុគន្ធកញ្ញា នេះ ត្រូវបានម្តាយរបស់នាងអ្នកស្រីអ៊ិន ថាច សម្តែងការគាំទ្រទាំងស្រុង ដែលខុសពីពេលសុគន្ធកញ្ញា ចាប់ដៃជាមួយលោកដូណា នោះ ល្បីថា ម្តាយនាងមិនពេញចិត្ត។
ទោះជាយ៉ាងណា មង្គលការរវាងឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះទេ បន្ទាប់ពីពួកគេបានទិញផ្ទះវីឡាទ្រនំស្នេហ៍តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា (ផ្លូវ២០០៤) ហើយថ្មីៗនេះ បានបណ្តើរគ្នាទៅសាងស្នេហ៍នៅកោះម៉ាល់ឌីវ យ៉ាងផ្អែមល្ហែមនោះ។
អ្នកសិល្បៈជាច្រើនបានសម្តែងការអបអរសាទរចំពោះសុគន្ធកញ្ញា ដែលជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសនេះ ពិសេស គឺថ្មីៗនេះ អ្នកស្រីឌី សាវ៉េត តារាភាពយន្តជើងចាស់ បានអះអាងថា សុគន្ធកញ្ញា ជានារីម្នាក់ដែលមានសំណាង ព្រោះបានធ្វើប្អូនថ្លៃថៅកែហង្សមាស ដែលជាក្រុមហ៊ុនធំជាងគេផ្នែកសិល្បៈនៅកម្ពុជា នោះ។ ប៉ុន្តែ ទន្ទឹមនឹងនេះ មជ្ឈដ្ឋានមហាជនមួយចំនួន បែរជារិះគន់ឱក សុគន្ធកញ្ញា ដោយថា នាងចង់ល្បីនៅហង្សមាស បានយូរឆ្នាំតទៅទៀត ដោយសុខចិត្តបោះបង់ចោលសង្សារចាស់ រ៉េតធី ដូណា ទៅភ្ជាប់សង្សារថ្មីជាពួកម៉ាកលោកដូណា គឺលោកអ៊ឹង សុខលី នេះទៅវិញ។ ពួកគេបានហៅចំណងស្នេហានេះថា មានភាពចម្រូងចម្រាសខ្លាំង ខណៈដែលលោកដូណា បានថ្លែងសារខូចចិត្ត តែធ្លាប់បាននិយាយប្រាប់អ្នកយកព័ត៌មានយើងទាំងអារម្មណ៍ធម្មតាថា លោកត្រៀមទៅញ៉ាំការសុគន្ធកញ្ញា ជានិច្ច ប្រសិនបើថ្ងៃរៀបការ ហៅលោកទៅដែរនោះ។
ក្រៅពីឱក សុគន្ធកញ្ញា តារាចម្រៀងដែលបានល្បីបែកបាក់សង្សារចាស់ មានដូចជា មាស សុខសោភា និងសុគន្ធ និសា ជាដើម ដែលរកបានម្ចាស់ចិត្តថ្មីរៀងៗខ្លួន៕