Sunday, November 24, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវតើអ្នកដឹងទេ?ហេតុអ្វីអាមេរិក ជ្រើសយកសត្វឥន្ទ្រី ជានិមិត្តរូបជាតិ?

ហេតុអ្វីអាមេរិក ជ្រើសយកសត្វឥន្ទ្រី ជានិមិត្តរូបជាតិ?

តួនាទីរបស់សត្វឥន្ទ្រី ក្នុងនាមជានិមិត្តរូបជាតិ ជាប់ពាក់ព័ន្ធទៅនឹងការចុះទំរបស់វាលើត្រាធំសហរដ្ឋអាមេរិក Great Seal កាលពីឆ្នាំ១៧៨២។ ក្រោយថ្ងៃប្រកាសឯករាជ្យ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៤ កក្កដា ឆ្នាំ១៧៧៦ សភាកុងហ្គ្រេស បានបញ្ជាឱ្យលោកបេន ចាមីន, លោក ថូម៉ាស់ ជេហ្វើសុន និងលោកចន អាដាំ រចនារូបត្រាមួយសម្រាប់ប្រើជាផ្លូវការ។

ទោះបីយ៉ាងនេះក្តី ស្ថាបនិកទាំង៣រូប បរាជ័យក្នុងកិច្ចការនោះ។ លុះដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ១៧៩២ ការងាររបស់អស់លោកទាំង៣ ត្រូវបានប្រគល់ឱ្យទៅលោក ឆាល ថំសុន លេខាធិការសភាកុងហ្គ្រេសវិញ។

លោក ថំសុន បានជ្រើសយករូបសត្វឥន្ទ្រីតាមការណែនាំរបស់មេធាវីរដ្ឋភេនស៊ីលវើនៀ គឺលោកវិល្លៀម បាតុន ហើយសភា ក៏បានសម្រេចឱ្យប្រើនិមិត្តរូបជាតិ មានរូបឥន្ទ្រីនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៧៨២។

ខណៈរូបសញ្ញានិមិត្តរូបថ្មី បានលេចឡើងលើឯកសារផ្លូវការនានា ទង់ជាតិ រូបិយវត្ថុ ក៏ដូចជា អគារដ្ឋ។ ឥន្ទ្រី ក៏បានក្លាយជារូបតំណាងជនជាតិអាមេរិក។

យ៉ាងណាក៏ដោយ ស្តេចសត្វស្លាបមួយនេះ បានប្រឈមនឹងការផុតពូជក្នុងជីវិតពិតរបស់វា។ នាចុងទសវត្សរ៍ឆ្នាំ១៨០០ ចំនួនឥន្ទ្រីនៅទូទាំងប្រទេសអាមេរិក កើនដល់១០ម៉ឺនក្បាល។ ប៉ុន្តែចំនួននេះបានថយចុះយ៉ាងឆាប់រហ័ស ដោយយោងលើកត្តាប្រមាញ់ និងបំផ្លាញពីពួកអ្នកស្រុក។

នៅឆ្នាំ១៩៤០ សភាកុងហ្គ្រេស បានអនុម័តច្បាប់ការពារសត្វឥន្ទ្រី ដោយកំណត់ថា ជារឿងខុសច្បាប់ចំពោះជនណាដែលរក្សាទុក សម្លាប់ ឬលក់ឥន្ទ្រី។ ក្រោយសង្គ្រាមលោកលើកទី២ ការគំរាមថ្មីមួយបានលេចឡើងម្តងទៀត នៅពេលឥន្ទ្រី បានស៊ីចំណីដែលគេលាយថ្នាំពុល DDT។

ទសវត្សរ៍ឆ្នាំ១៩៦០ សត្វឥន្ទ្រីនៅទូទាំងសហរដ្ឋអាមេរិក មានប្រមាណជា៤០០គូ ហើយដល់ឆ្នាំ១៩៧៨ វាត្រូវានដាក់ក្នុងបញ្ជី សត្វដែលកំពុងឈានទៅផុតពូជ។ ទោះជាយ៉ាងនេះក្តី នៅឆ្នាំ១៩៩៥ ឥន្ទ្រីបានក្លាយជាសត្វដែលរួចផុតពីការផុតពូជ។ តមកនាឆ្នាំ២០០៧ វាក៏ត្រូវគេលុបឈ្មោះចេញពីបញ្ជីកំពុងឈានទៅផុតពូជផងដែរ៕

RELATED ARTICLES