ខេត្តតាកែវ ៖ ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។
ជនសង្ស័យមានឈ្មោះប្រាក់ ហេង អាយុ៣៨ឆ្នាំ មុខរបរកម្មករដើរបោះអីវ៉ាន់ដាក់ឱ្យម៉ូយ មានលំនៅក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកជនរងគ្រោះជាដើមបណ្តឹង មានឈ្មោះស៊្រាង សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត យោងតាមបណ្តឹងរបស់ឈ្មោះស៊្រាង សំណាង ដែលបានប្តឹងចោទប្រកាន់ទៅលើឈ្មោះប្រាក់ ហេង ដែលជាកម្មករដឹកឥវ៉ាន់ថា បានយកប្រាក់របស់គាត់ ជាថៅកែចំនួន២៥០០ដុល្លារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ និងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅពេលដែលរូបគាត់ប្រើឱ្យឈ្មោះប្រាក់ ហេង ដឹកឥវ៉ាន់ដាក់តាមម៉ូយ។ លុះបន្ទាប់ពីយកប្រាក់របស់គាត់ចំនួន២៥០០ដុល្លារហើយ ជនសង្ស័យក៏គេចខ្លួនបាត់ មិនព្រមចូលទូទាត់ប្រាក់ឱ្យគាត់ជាថៅកែវិញសោះ។
ប្រភពដដែលបន្តថា រហូតមកដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះប្រាក់ ហេង បានប្រើល្បិចទៅយកភេសជ្ជៈចំនួន៦កេស ពីឈ្មោះមិន ណុច ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលត្រូវជាម៉ូយឥវ៉ាន់របស់ជនរងគ្រោះ ឈ្មោះស៊្រាង សំណាង ដោយកុហកថា ថៅកែឈ្មោះស៊្រាង សំណាង ឱ្យមកយក។ លុះឈ្មោះមិន ណុច ទាក់ទងទៅសួរនាំជនរងគ្រោះឈ្មោះស៊្រាង សំណាង ទើបបែកធ្លាយរឿងរ៉ាវ និងឈានដល់ការរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ តែម្តង៕