ខេត្តក្រចេះ ៖ ស្ត្រីជាមេខ្យល់ម្នាក់ ឈ្មោះផូ មឿន អាយុ៣១ឆ្នាំ មានលំនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងចំណោមបក្ខពួក៣នាក់ បានធ្វើសកម្មភាពបោកបញ្ឆោត នាំនារីខ្មែរចំនួន៣០នាក់ ចេញទៅធ្វើការនៅក្រៅប្រទេស (ម៉ាឡេស៊ី) ដោយខុសច្បាប់ ទីបំផុតត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន បញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ និងត្រូវបានចៅក្រមស៊ើបសួរ លោកញិល ប៊ុនលី សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្ត កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោមបទចោទប្រកាន់ ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន។
លោកស្រី វរសេនីយ៍ឯក នៅ រតនា ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានថ្លែងប្រាប់ថា ស្ត្រីជាមេខ្យល់រូបនេះ ត្រូវកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួននៅរាជធានីភ្នំពេញ ដោយយោងតាមបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ អាយុ២៧ឆ្នាំ រស់នៅឃុំចង្ក្រង់ ស្រុកចិត្របុរី ដែលស្ត្រីរូបនេះបានបោកបញ្ឆោតនាងឱ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុននាំពលករតាំងពីឆ្នាំ២០១៤ ហើយរហូតមកទល់ពេលនេះត្រូវបានបាត់ដំណឹងសូន្យឈឹង។
លោកស្រីស្នងការររង បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន និងសាកសួរ ស្ត្រីសង្ស័យជាមេខ្យល់បានឆ្លើយសារភាពថា ក្រោយបញ្ចប់ការងារពីបុគ្គលិកក្រុមហ៊ុននាំពលករ ដែលរាជរដ្ឋាភិបាលបានបិទមិនឱ្យមានអាជីវកម្មនោះរួចមក ខ្លួនរួមនឹងបក្សពួក២នាក់ផ្សេងទៀត នៅតែបន្តលួចធ្វើជំនួញការនាំនារីទៅក្រៅប្រទេសដោយខុសច្បាប់បន្តទៀត ហើយសរុបទៅ មាននារីចំនួនជាង៣០នាក់ហើយ ដែលត្រូវបាននាង និងបក្ខពួក២នាក់ទៀត បានបោកបញ្ឆោតនាំចេញឱ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់។ ក្នុងនោះ នារីដែលរងគ្រោះទាំងចំនួនជាង៣០នាក់ដែល ត្រូវបាននាំយកចេញក្រៅប្រទេស ភាគច្រើនរស់នៅខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។
លោកស្រីស្នងការរង បានបញ្ជាក់ទៀតថា ចំពោះជនសង្ស័យ២នាក់ប្តីប្រពន្ធផ្សេងទៀត ដែលនៅពីក្រោយខ្នងស្ត្រីសង្ស័យលើជំនួញជួញដូរមនុស្សឆ្លងដែននេះ ពេលនេះពួកគេកំពុងតែគេចខ្លួន ហើយនគរបាលកំពុងតែស្រាវជ្រាវចាប់ខ្លួនផងដែរ៕