ខេត្តកណ្តាល ៖ ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្រះទឹកខាងក្រោយផ្ទះបុរសជាឪពុកក្មេកជនរងគ្រោះ ស្ថិតក្នុងភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង។
បុរសរងគ្រោះ ដែលលង់ទឹកស្លាប់ មានឈ្មោះស៊ិន មករា អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិ២ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការបំភ្លឺពីឈ្មោះម៉ាន ប៊ុនធូ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានមកមើលឪពុកក្មេកឈឺនៅផ្ទះ ស្ថិតក្នុងភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង។ លុះដល់ម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានឃើញកណ្តុរងាប់នៅក្នុងផ្ទះ ទើបកាន់សត្វកណ្តុរនោះ បំណងយកទៅបោះចោលនៅស្រះទឹកខាងក្រោយផ្ទះ។
ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃដដែលទៅហើយ នៅតែពុំទាន់ឃើញជនរងគ្រោះត្រឡប់មកវិញទៀត ទើបក្រុមគ្រួសារនាំគ្នាផ្អើលឆោឡោនាំគ្នាដើររក ស្រាប់តែប្រទះឃើញស្បែកជើងជនរងគ្រោះអណ្តែតក្នុងទឹកស្រះ ទើបប្រញាប់ចុះរាវរក ក៏ប្រទះឃើញជនរងគ្រោះលង់ទឹកស្រះស្លាប់បាត់ទៅហើយ ភ្លាមនោះក្រុមគ្រួសារក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង៕