ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍ប្រទះឃើញសាកសពស្អុយរលួយនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខE៥ ជាន់ទី៣ ផ្ទះជួលយីហោផ្កាយបី ស្ថិតក្នុងក្រុងប៉ោយប៉ែត។
សាកសពខាងលើ មានឈ្មោះប៊ុនថាំ នួនអ៊ុក អាយុ៤៨ឆ្នាំ ជាជនជាតិថៃ មានមុខរបរជាបុគ្គលិកបំរើការងារនៅកាស៊ីណូ DNA ស្តាវេហ្គាស់ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិធុងឡែង ស្រុកឡង ខេត្តផ្លៃ ប្រទេសថៃ។
តាមសម្តីម្ចាស់ផ្ទះជួលផ្កាយបី បានឱ្យដឹងថា ដំបូងឡើយ មានអ្នកជួលបន្ទប់ក្បែរបន្ទប់របស់ជនរងគ្រោះខាងលើ បានធុំក្លិនស្អុយភាយមកក្រៅ ហើយមិនបានចាប់អារម្មណ៍នោះឡើយ ព្រោះស្មានថាក្នុងបន្ទប់របស់ជនរងគ្រោះ មានត្រីងៀត។ ចំណែកអ្នកសម្អាតក៏សុំច្បាប់ទៅស្រុកទៀតផង។ រហូតដល់ក្លិននេះចេះតែស្អុយខ្លាំងឡើងៗ ទើបអ្នកក្បែរនោះរាយការណ៍ប្រាប់សមត្ថកិច្ច គាស់ទ្វារបន្ទប់ចូលទៅមើល ទើបដឹងថា ក្លិនសាយភាយនោះមិនមែនជាក្លិនត្រីងៀតទេ គឺក្លិនសពស្អុយរលួយនៅក្នុងបន្ទប់។
ម្ចាស់ផ្ទះជួលបានបន្តថា នៅមុនពេលកើតហេតុ អ្នកស្នាក់នៅបន្ទប់ជួលជនរងគ្រោះ ក៏មិនបានឃើញជនរងគ្រោះចេញពីបន្ទប់ជាច្រើនថ្ងៃដែរ តែមិនចាប់អារម្មណ៍ នឹកស្មានថា ជនរងគ្រោះទៅលេងស្រុកកំណើតឯប្រទេសថៃ ដឹងអី ជនរងគ្រោះបែរជាដេកស្លាប់ហើមស្អុយក្នុងបន្ទប់បែបនេះទៅវិញ។ ហើយបើតាមការឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញថា នៅវេលាម៉ោង២និង២៩នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ គឺឃើញជនរងគ្រោះរូបនេះ បានដើរចូលបន្ទប់ រួចក៏បាត់លែងចេញមកវិញរហូតតែម្តង៕