ខេត្តប៉ៃលិន៖ ករណីសង្ឃកំហូចប៉ងរំលោភក្មេងស្រីក្នុងបន្ទប់ទឹក តែត្រូវម្តាយក្មេងស្រីរងគ្រោះតាមទាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកខាងក្រោយការិយាល័យទេសចរណ៍ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
លោកសង្ឃកំហូច ដែលប៉ុនប៉ងចាប់រំលោភកូនស្រីគេ និងត្រូវបានចាប់ផ្សឹកនេះ មានឈ្មោះពិន ចាន់សេរីរ័ត្ន អាយុ៣១ឆ្នាំ ជាសង្ឃដែលធ្លាប់គង់នៅវត្តក្រពើ ស្ថិតនៅក្នុងភូមិក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមកស្នាក់នៅក្នុងខេត្តប៉ៃលិន តែមិនដឹងវត្តច្បាស់លាស់។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះម.ន.ម.ល.យ ទើបនឹងមានអាយុ៣ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិសង្កាត់ កើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកសង្ឃ ពិន ចាន់សេរីរ័ត្ន ខាងលើ បានឱ្យលុយទៅក្មេងស្រីរងគ្រោះចំនួន៥០០រៀល រួចក៏នាំក្មេងស្រីរងគ្រោះចូលទៅក្នងបន្ទប់ទឹក ចំណុចកើតហេតុខាងលើ ប៉ុនប៉ងរំលោភសេពសន្ថវៈ តែភ្លាមនោះ ត្រូវស្ត្រីជាម្តាយក្មេងស្រីរងគ្រោះតាមរកកូនស្រី ក៏ប្រទះឃើញសង្ឃខាងលើ និងកូនស្រី កំពុងនៅក្នុងបន្ទប់ទឹកតែ២នាក់ ក៏សួរនាំ ធ្វើឱ្យសង្ឃកំហូចនោះភ័យខ្លួន ក៏រត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ។ ចំណែកស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច រហូតឈានដល់ការចាប់ឃាត់ខ្លួនលោកសង្ឃទ្រុស្តសីលនោះ យកមកសួរនាំតែម្តង។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ មិនបានសម្រេចទៅលើកុមារីតូចម្នាក់រួចមក សមត្ថកិច្ចជំនាញក៏ចុះធ្វើការស្រាវជ្រាវរកព្រះសង្ឃ ដែលជាជនសង្ស័យរូបនោះភ្លាមៗ។ ប៉ុន្តែក្រោយកើតហេតុ សង្ឃអង្គនោះ បានព្យាយាមគេចខ្លួនតាមរថយន្តសំដៅទៅកាន់វត្តឯខេត្តបាត់ដំបង តែត្រូវបានសមត្ថកិច្ចជំនាញ ទាក់ទងទៅសមត្ថកិច្ច ចរាចរណ៍ ដែលកំពុងដាក់ពង្រាយតាមគោលដៅត្រួតពិនិត្យតាមផ្លូវជាតិលេខ៥៧ ឱ្យជួយស្ទាក់ឃាត់រថយន្ត ដែលព្រះសង្ឃជាជនសង្ស័យកំពុងជិះ រួចក៏ឃាត់ខ្លួនបានតែម្តង។
ប្រភពដដែលបន្តថា ក្រោយពីឃាត់ខ្លួនព្រះសង្ឃខាងលើរួចមក សមត្ថកិច្ចជំនាញបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរបន្ថែមទៀត រួចប្រគល់ឱ្យខាងមន្ទីរធម្មការ និងសាសនា ជាអ្នកដោះស្រាយបន្ត។
លោកសំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ថា រឿងហេតុខាងលើ គឺមានការយល់ច្រឡំខ្លះៗ ដោយសារតែករណីនេះ គឺព្រះសង្ឃបានឱ្យលុយក្មេងស្រីរងគ្រោះចំនួន៥០០រៀល ហើយក្មេងស្រីនោះក៏តាមព្រះសង្ឃទៅខាងលើក្រោយកន្លែងកើតហេតុ។ ដោយមិនចង់ឱ្យខេត្តប៉ៃលិនមានឈ្មោះពាក់ព័ន្ធរឿងអាស្រូវ ទើបខាងមន្ទីរក៏ប្រជុំជាមួយមន្ត្រីសង្ឃខេត្ត សម្រេចផ្សឹកសង្ឃដែលជាជនសង្ស័យ នៅថ្ងៃកើតហេតុនោះតែម្តង។
លោកប្រធានមន្ទីរធម្មការរូបនេះបន្តថា ព្រះសង្ឃដែលជាជនសង្ស័យ បានមកស្នាក់នៅខេត្តប៉ៃលិន ដោយមិនដឹងគង់នៅវត្តណាច្បាស់លាស់នោះទេ ប៉ុន្តែធ្លាប់គង់នៅវត្តក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ដោយឡែកតាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា សង្ឃកំហូចខាងលើ ធ្លាប់ដើរបិណ្ឌបាតក្នុងក្រុងប៉ៃលិនជាងកន្លះខែមកហើយ ប៉ុន្តែមិនដឹងនៅវត្តណានោះទេ។ តែបើតាមការសាកសួរ សង្ឃអង្គនោះ បានឆ្លើយថា លោកគង់នៅវត្តភ្នំយ៉ាត ខេត្តប៉ៃលិន៕