បន្ទាប់ពីទទួលបានជោគជ័យលើការផលិតខ្សែភាពយន្តជាច្រើនរឿង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ ផលិតកម្មមហាហង្ស បានក្រុងពលីចេញថតខ្សែភាពយន្តខ្នាតធំថ្មី មួយទៀតរឿង ”ស៊ុបពើម៉ាំ” (Super mom) ដែលជារឿងបែប កំប្លែង សើចសប្បាយដែលមានការចូលរួមសម្ដែងពីតារាកំប្លែងល្បីៗ ។ ក្នុងនោះអ្នកនាងសុខ សោម៉ាវត្តី និងនាយគ្រឿន ជាតួឯក។
នាយកប្រតិបត្តិវ័យក្មេងរបស់ផលិតកម្មមហាហង្ស អ្នកនាងភិន សុដាលីស បានថ្លែងឲ្យដឹងនៅក្នុងពិធីក្រុងពលីថា រឿង ”ស៊ុបពើម៉ាំ” ជាខ្សែភាពយន្តបែបស្នេហា ឌឺដង កាច់កុង កំប្លែងសើចសប្បាយតាំងពីដើមរហូតដល់ចប់ ហើយខ្សែរឿងនេះ ផ្ដោតសំខាន់លើអ្នកនាងកាតុ និងនាងខ្ញុង ដែលជាតួម្ដាយកាច់កុង ឌឺដងគ្នា តាំងពីដើមរហូតដល់ចប់ ដែលបង្កើតឲ្យមានឈុតឆាកកំប្លែងសើចសប្បាយ ដែលខុសប្លែកពីរឿងមុនៗ ដែលភាគច្រើនតម្រូវឲ្យតួប្រុសនិងតួស្រីកាច់កុង ឌឺដងគ្នា តែរឿងនេះតារាកំប្លែងស្រីល្បីប៉ះតារាកំប្លែងស្រីល្បីដូចគ្នា ខណៈដែលតារាកំប្លែងទាំងពីរ ពុំដែលធ្លាប់ប៉ះគ្នានៅលើឆាក។
ភិន សុដាលីស បន្ថែមថារឿង ”ស៊ុបពើម៉ាំ” ជាខ្សែភាពយន្តខ្នាតធំទី៣ របស់មហាហង្ស ប្រចាំឆ្នាំ២០១៦ នេះ នឹងត្រូវចាប់ផ្ដើមចេញថតចាប់ពីថ្ងៃ២៩ ខែសីហា តទៅ ហើយនិងត្រៀមដាក់បញ្ចាំងនៅអំឡុងចុងឆ្នាំ២០១៦ ខាងមុខនេះ ជាមួយគម្រោងលើការចំណាយជាង៧ម៉ឺនដុល្លារ។ ដាលីស បញ្ជាក់ថា ”យើងសម្រិតសម្រាំងលើការផលិតគ្រប់ផ្នែក ដើម្បីឲ្យមានគុណភាពល្អតម្រូវទីផ្សារ ភាពយន្តនាពេលបច្ចុប្បន្ន ខណៈដែលតួសម្ដែងសុទ្ធតែតារាល្បីៗ ដែលមានតម្លៃខ្លួនខ្ពស់ ដូច្នេះការចំណាយក៏ច្រើន ទៅតាមហ្នឹងដែរ”។
នាយកប្រតិបត្តិវ័យក្មេងរូបនេះ បានបង្ហាញពីជំនឿចិត្តថា រឿងនេះនឹងទាញបានការគាំទ្រខ្លាំងពីទស្សនិកជន ដោយហេតុថា ជារឿងបែបកំប្លែងសើចសប្បាយ ត្រូវទៅនឹងទីផ្សារភាពយន្តនាពេលបច្ចុប្បន្ន។ ម្យ៉ាងតួសម្ដែងនៅក្នុងរឿងនេះ សុទ្ធតែជាតួដែលមានទេពកោសល្យ សមត្ថភាពខ្ពស់ និងមានឈ្មោះបោះសំឡេង។
រឿង ”ស៊ុបពើម៉ាំ” មានការចូលរួមសម្ដែងដោយអ្នកនាងសុខ សោម៉ាវត្តី, នាយគ្រឿន, នាយពែកមី, នាយក្រូច, នាងខ្ញុង, អ្នកនាងកាតុ, នាយសុបិន, DJកាកា និងតារាសម្ដែងជាច្រើនរូបទៀត៕ សុខ ស៊ីឡាង