ខេត្តបាត់ដំបង៖ យុវជនម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ ក៏សម្រេចចិត្តគិតខ្លី ចងកបញ្ចប់ជីវិតនៅលើដើមអម្ពិល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដើមអម្ពិលខាងក្រោយផ្ទះ ជនរងគ្រោះចំងាយប្រមាណ៤០០ម៉ែត្រ ស្ថិតក្នុងក្រុមទី៧ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ។
យុវជនគិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះប៉ាន់ ប៉ី អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកជនរងគ្រោះ មិនធ្លាប់ប្រាប់ថា គេមានបញ្ហាផ្លូវចិត្តរឿងអ្វីឡើយ តែប៉ុន្មានថ្ងៃមុននេះ សង្កេតឃើញថា ជនរងគ្រោះហាក់មានទឹកមុខក្រៀមស្រពោនខុសប្លែកធម្មតា ហើយពេលខ្លះហាក់ដូចកំរោលចូលអ៊ីចឹង តែពេលក្រុមគ្រួសារសួរនាំរកមូលហេតុ បែរជាជនរងគ្រោះមិនព្រមប្រាប់ គ្រាន់តែឆ្លើយថា អត់អីទេៗរហូត ស្រាប់តែចុងក្រោយបែរជាគិតខ្លីចងក សម្លាប់ខ្លួនបែបនេះទៅវិញ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ បានចូលដេក នៅក្នុងផ្ទះតាមធម្មតា ស្រាប់តែព្រឹកឡើង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក៏ស្រាប់តែបាត់ជនរងគ្រោះ មិនឃើញនៅផ្ទះ ទើបក្រុមគ្រួសារបាននាំគ្នាដើររក ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន នៅខាងក្រោយភូមិបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឆោឡោឡើងទាំងព្រឹកតែម្តង៕