Tuesday, January 21, 2025
Homeព័ត៌មានជាតិប្រយ័ត្ននារីៗពេលចូលញាំការ!!! ភ្ញៀវស្រីទៅញាំការ ចូលបន្ទប់ទឹក ប្រុសព្រានលួចថត

ប្រយ័ត្ននារីៗពេលចូលញាំការ!!! ភ្ញៀវស្រីទៅញាំការ ចូលបន្ទប់ទឹក ប្រុសព្រានលួចថត

ភ្នំពេញ ៖ ករណីប្រុសព្រានមានឈ្មោះដុង បាន ហៅហេង អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិស្រីស ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ក្រុងកំពង់ចាម បានបន្លំខ្លួនចូលស៊ីការគេហើយ នៅចូលទៅសម្ងំក្នុងបន្ទប់ទឹកស្រី ចាំលួចថតរូបគេ ចូលបន្ទប់ទឹកទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ អគារA ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពដដែលបន្តថា ពួកគាត់បានរៀបការមង្គលការកូនស្រី នៅចំណុចមជ្ឈមណ្ឌលកោះពេជ្រ អគារA លុះក្រោយពីហូបចុករាំលេងសប្បាយក្អាកក្អាយជិតដល់ម៉ោងបញ្ចប់កម្មវិធីទៅហើយ ក៏ស្រាប់តែជនសង្ស័យខាងលើ បានដើរតាមស្ត្រីម្នាក់ដែលត្រូវជាសាច់ញាតិរបស់ម្ចាស់ដើមការ ចូលទៅក្នុងបន្ទប់ទឹកស្រីៗ ទាំងដែលស្ត្រីនោះមិនបានដឹងខ្លួន និងមិនបានចាប់អារម្មណ៍សោះឡើយ។ពេលនោះស្រាប់តែជនសង្ស័យដែលចូលទៅសម្ងំក្នុងបន្ទប់ទឹក បានឱនមើលស្ត្រីជា សាច់ញាតិម្ចាស់ដើមការ តាមប្រឡោះជញ្ជាំងខាងក្រោម ធ្វើឱ្យស្ត្រីនោះសង្ស័យ ក៏សម្លឹងមើលវិញ ស្រាប់តែឃើញថា ជាមនុស្សប្រុសសោះ ហេតុអ្វីបានជាចូលបន្ទប់ទឹកស្រី លុះពិនិត្យមើលទៅ ក៏ឃើញជនសង្ស័យកាន់ទូរស័ព្ទកំពុងលួចថតគាត់ ទើបគាត់បានទូរស័ព្ទហៅប្តី ចូលមកដល់ គោះទ្វារបន្ទប់ទឹក ហៅដែរ តែជនសង្ស័យមិនព្រមបើកទ្វារទេ ទើបបុរសជាប្តីបានឡើងទៅមើលតាមជញ្ជាំង ក៏ប្រទះឃើញជនសង្ស័យ កំពុងនៅក្នុងបន្ទប់ទឹកមនុស្សប្រុសមែន ទើបចាប់ឃាត់ខ្លួនជាប់ ប្រគល់ទៅឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ប្រុសព្រានកំហូចរូបនេះ បានឆ្លើយសារភាពក្នុងន័យយករួចខ្លួនថា តាមពិតខ្លួនបានមកចូលរួមមង្គលការគេ ដោយគ្មានអ្នកអញ្ជើញមែន តែខ្លួនបានជូនភ្ញៀវមកញ៉ាំការគេនៅអគារ B ហើយត្រូវភ្ញៀវនោះ ហៅគាត់ឱ្យចូលទៅហូបជាមួយទៅ។ លុះពេលផឹកស្រវឹងខ្លួនក៏ដើរទៅបន្ទប់ទឹក ស្រាប់តែឆ្លងចូលដល់អគារ A ដោយមិនដឹងខ្លួនទៅវិញ និងថែមទាំងច្រឡំដើរចូលបន្ទប់ទឹកស្រីទៀត នឹកស្មានថា ជាបន្ទប់ទឹកប្រុស (ស្រវឹងពេក មើលអត់ដឹងថា មួយណាជាបន្ទប់ទឹកប្រុស មួយណាជាបន្ទប់ទឹកស្រី) បន្ទាប់មក ក៏កើតមានរឿងបែបនេះតែម្តង។

ក្រោយកើតហេតុ ម្ចាស់ដើមការសុំឆែកមើលទូរស័ព្ទរបស់ជនសង្ស័យអស់ហើយ ឃើញគ្មានរូបរបស់ពួកគាត់ (ជនសង្ស័យសម្ងំលុបចោលអស់) ទើបខ្ជិលរករឿងវែងឆ្ងាយ សម្រេចមិនធ្វើការប្តឹងផ្តល់អ្វីទេ គ្រាន់តែស្នើឱ្យសមត្ថកិច្ច ជួយធ្វើការអប់រំណែនាំ ឱ្យជនសង្ស័យខាងលើ កែខ្លួនឡើងវិញ ឈប់បន្លំខ្លួនចូលស៊ីការគេហ្វ្រីៗ ពិសេសបញ្ឈប់សកម្មភាពលបចូលបន្ទប់ទឹកស្រីលួចថតរូបគេបែបនេះទៀត៕

RELATED ARTICLES