ភ្នំពេញ៖ ហេតុការណ៍អំពើហិង្សា ប្តីខឹងនឹងប្រពន្ធមករំខានក្តីសុខពេលកំពុងឱបស្រីថ្មី រហូតផ្ទុះជាអំពើហិង្សាវាយប្រពន្ធបែកមុខនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងនឹងផ្លូវ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
តាមសម្តីស្ត្រីជាជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងមានឈ្មោះសុខុម អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ ជាប្រពន្ធការពេញច្បាប់របស់ប្តី ដែលជាជនបង្កឈ្មោះសុខ វណ្ណី អាយុ៣៨ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនលីហួរ វេរលុយ។
ស្ត្រីរងគ្រោះជាប្រពន្ធ បន្តរៀបរាប់ថា ពួកនាងបានរៀបការជាមួយគ្នាអស់រយៈពេល១៦ឆ្នាំមកហើយ និងបានរួមរស់បង្កើតបានកូនស្រី ចំនួន២នាក់ ក្នុងនោះកូនច្បងអាយុ១៣ឆ្នាំ ចំណែកកូនពៅអាយុ៨ឆ្នាំ។ នៅមុនកើតហេតុ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នាងបានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ លុះពេលត្រលប់មកវិញ ក៏បាត់ប្តីមិនឃើញនៅផ្ទះ ទើបទូរស័ព្ទទៅសួរ ស្រាប់តែប្តីបានប្រាប់ថា កំពុងរវល់ការងារ និងនៅជាមួយមេនៅសង្កាត់ចាក់អង្រែក្រោម តែនាងសង្ស័យក៏ឆែកមើលតាមប្រព័ន្ធ GPS ដែលនាងបានភ្ជាប់ជាមួយរថយន្តរបស់ប្តី ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB 2561 ស្រាប់តែប្រទះឃើញនៅចំណុចមុខក្លឹបកំសាន្ត true face ដែលជាក្លឹបលេងថ្នាំក្រវីទៅវិញ។
ស្ត្រីជាប្រពន្ធរូបនេះបន្តថា ដោយសារតែខឹងសម្បានឹងប្តីកំហូចចេះល្បិចកុហកប្រពន្ធ ទើបនាងបានតាមទៅរកប្តី រហូតដល់ក្នុងក្លឹបខាងលើ ស្រាប់តែប្រទះឃើញប្តី កំពុងតែសម្ងំឱបស្រីស្នេហ៍យ៉ាងផ្អែមល្ហែម ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏ស្រែកឡូឡា រករឿងឈ្លោះប្រកែកគ្នាជាមួយប្តី ផ្អើលពេញក្នុងក្លឹប រហូតត្រូវសន្តិសុខក្លឹបដេញប្តីប្រពន្ធពួកនាងឱ្យចេញមកក្រៅ និងបានឡើងជិះរថយន្ត សំដៅមកផ្ទះវិញដោះស្រាយគ្នា ឱ្យដឹងសខ្មៅម្តង។
ស្ត្រីជាប្រពន្ធខាងលើ បានឱ្យដឹងទៀតថា លុះពេលជិះក្នុងរថយន្តជាមួយគ្នា មកដល់កន្លែងកើតហេតុ ប្តីប្រពន្ធនាងក៏បានផ្ទុះជំលោះសារជាថ្មី រហូតឈានដល់ការប្រតាយប្រតប់គ្នា ស្រាប់តែប្តីកំណាច បានវាយនាងនឹងកណ្តាប់ដៃ បណ្តាលឱ្យបែកមុខមាត់ និងចិញ្ចើមខាងស្តាំតែម្តង។
នៅទីបំផុត ស្ត្រីរងគ្រោះបានត្រឹមតែវេចទឹកភ្នែកត្រឡប់ទៅផ្ទះវិញដោយខ្លួនឯងប៉ុណ្ណោះ៕