ភ្នំពេញ៖ ករណីប្រទះឃើញសាកសពសង្ស័យស្លាប់ក្នុងអំពើឃាតកម្ម ស្ទាក់វាយសម្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជិត៦ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ចាក់ថ្មី ក្បែរមាត់ប្រឡាយ តាមផ្លូវ៣០ម៉ែត្រ មុខរោងចក្រអំបោះ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ រួចក៏ប្រទះឃើញសាកសពដេកស្លាប់ក្បែរមាត់ប្រឡាយ ទើបកើតមានការផ្អើលឆោឡោ ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យភ្លាមៗ។
ស្ត្រីចំណាស់ម្នាក់បានអះអាងថា សាកសពនេះ គឺជាចៅប្រុសរបស់គាត់ ដែលមានឈ្មោះស្រៀង សីលា អាយុ២២ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទនៅផ្សារអូរឡាំពិក ស្នាក់នៅជាមួយគាត់ជាជីដូន ឈ្មោះលុច សៀងហ៊ុន អាយុ៦១ឆ្នាំ នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
សាកសពជនរងគ្រោះមានឪពុកឈ្មោះវ៉ាន ស្រៀង អាយុ៤៨ឆ្នាំ ម្តាយឈ្មោះសឿង ហុង អាយុ៣៥ឆ្នាំ និងមានបងប្អូនចំនួន៤នាក់ (ប្រុស៣ ស្រី១) ជនរងគ្រោះជាកូនទី២។
តាមការបំភ្លឺរបស់ស្ត្រីជាជីដូនជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ចៅប្រុសរបស់គាត់ (ជនរងគ្រោះ) បានសុំគាត់ទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ នៅម្តុំពោធិចិនតុង។
លុះដល់វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល ដោយសារបាត់ចៅយូរពេក ទើបគាត់បានខលទៅសួរម្តង ពេលនោះចៅប្រុសបានប្រាប់ថា ចេញឥឡូវហើយ។ បន្ទាប់មក នៅវេលាម៉ោង១២រំលង អធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយមិនទាន់ឃើញចៅប្រុសត្រឡប់មកដល់ផ្ទះទៀត គាត់ក៏ទូរស័ព្ទទៅម្តងទៀត តែចៅប្រុសមិនលើកទូរស័ព្ទសោះ រួចក៏បាត់ដំណឹងរហូតដល់ វេលាម៉ោង៥និង៥០នាទីព្រឹកនេះ ក៏មានគេប្រាប់ថា ប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់ក្បែរមាត់ប្រឡាយ ទីតាំងកើតហេតុ ទើបគាត់ប្រញាប់មកមើល ក្រែងជាចៅប្រុស លុះមកដល់ ពិនិត្យមើលច្បាស់ទើបដឹងថា ពិតជាចៅប្រុសគាត់មែន។
តាមការសន្និដ្ឋានជំហានដំបូង បានឱ្យដឹងថា ជនរងគ្រោះត្រូវជនសង្ស័យស្ទាក់វាយ កាប់ប្រហារ នៅលើក្បាល និងផ្ទៃមុខ មានស្នាមកាប់របួស និងហូរឈាម បន្ទាប់មកក៏រុញទម្លាក់ទឹក ហើយគេចខ្លួន។ ចំណែកជនរងគ្រោះ មិនទាន់ស្លាប់ ក៏ព្យាយាមស្រវាឡើងគោក ហើយដាច់ខ្យល់ស្លាប់តែម្តង ព្រោះជើងខោរបស់ជនរងគ្រោះ សើមទទឹក៕