Wednesday, November 20, 2024
Homeព័ត៌មានជាតិBIG, មង្គល ទីណា និងងួន សុបិន្ដ ចាប់អារម្មណ៏មុខជំនួញមីហឹរ

BIG, មង្គល ទីណា និងងួន សុបិន្ដ ចាប់អារម្មណ៏មុខជំនួញមីហឹរ

ភ្នំពេញ៖ ក្នុងពិធីជប់លៀងឆ្លងឆ្នាំ និងចាប់រង្វាន់ធំប្រមាណជាង២ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី៣១ ធ្នូ របស់ក្រុមហ៊ុនមីហឹរសេអ៊ូល៧យ៉ាង នៅភោជនីយដ្ឋានទន្លេបាសាក់២ក្បាលថ្នល់ តារា៣ដួងរួមមាន នាយសុបិន្ត លោក BIG និងតារាចម្រៀងលោក មង្គល ទីណា ត្រូវគេឃើញបង្ហាញខ្លួនយ៉ាងក្រឡឺមនៅក្នុងពិធីនោះក្នុងតំណែងជាពិធីករចាប់ឆ្នោត និងជាតារាចម្រៀង។

អ្វីដែលគេកត់សម្គាល់ថា គឺតារាទាំង៣សុទ្ធតែបានប្រកាសថា ខ្លួននឹងសិក្សាពីកម្រោងបើកហាងលក់មីហិរយីហោនេះ ដើម្បីទប់នឹងការងារសិល្បៈ ដែលមិនអាចឈានឡើងអោយខ្ពស់ជាងនេះទៀតបាន។

លោក BIG និយាយថា លោកល្មមនឹងដល់ពេលលោកត្រូវសម្លឹងមើលអាជីវកម្មមួយ ហាងមួយដើម្បីពង្រីកប្រាក់ចំណូលរបស់ខ្លួនហើយ ដោយលោកយល់ថាការបើកជំនួញមីហឹរស៊េអូល៧យ៉ាង គឺជាអ្វីដែលលោកចាប់អារម្មណ៍។

លោកថាអាជីវកម្មហូបចុកបែបនេះ ងាយស្រួលនឹងធ្វើអោយលោកមិនប្រឈមខាតបង់ និងមិនបោះទុនច្រើននោះទេ ខណៈដែលយីហោហាងនេះ ក៏មានការពេញនិយមស្រាប់ ដែលមិនពិបាកភ័យរឿងបើកហើយបិទវិញ។

លោក ងួន សុបិន្ត និយាយថា លោកចង់ក្លាយជាម្ចាស់ហាងហូបចុកបែបនេះជាយូរមកហើយ ដោយលោកបានចាត់ទុកឱកាសបានក្លាយជាពិធីករក្នុងកម្មវិធីចាប់ឆ្នោតរបស់ក្រុមហ៊ុនមីហឹរសេអ៊ូល៧យ៉ាង នឹងធ្វើអោយលោកកាន់តែស្គាល់ជិតស្និទ្ធជាមួយម្ចាស់ហាង ហើយអាចសិក្សាពីដំណើរការអាជីវកម្មបានយ៉ាងរលូនក្នុងពេលដ៏ខ្លី។

លោកថានេះជាមុខរបរហូបចុកដែលអ្នកណាក៏ចាប់អារម្មណ៍ ហើយដើម្បីអាចសម្រេចនូវគោលបំណងនេះ គឺលោកនឹងសិក្សាពីដំណើរការបើកហាងអោយបានកាន់តែឆាប់។ យ៉ាងណាមិញ លោកថាពេលវេលាពិតប្រាកដនៅមិនទាន់ដឹងទេ ដោយគ្រាន់តែលោកដឹងថា នឹងអាចសិក្សាក្នុងពេលឆាប់ដើម្បីមានហាងហូបចុកមួយជារបស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។

មិនខុសគ្នាដែរ លោក មង្គល ទីណា តារាចម្រៀងថោន បានអះអាងថា លោកស្រឡាញ់អាជីវកម្មបែបនេះជាយូរមកហើយ ដោយសារតែពេលន្លងមកលោកក៏មានមិត្តភ័ក្រ្តដំណើរការហាងនេះ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ លោកថាមុខរបរមីហិរសេអ៊ូល៧យ៉ាង គឺជាអាហារដែលបងប្អូនខ្មែរភាគច្រើនចូលចិត្ត ដូច្នេះអោយតែបើកត្រូវចំបរិយាកាសល្អ គឺងាយស្រួលខ្លាំងណាស់ សម្រាប់ជោគជ័យ ជាពិសេសសម្រាប់ផលចំណេញ។

នៅក្នុងពិធីនោះ លោក អ៊ឹម លី ម្ចាស់ក្រុមហ៊ុនមីហឹរសេអ៊ូល៧យ៉ាង ក៏បានថ្លែងបញ្ជាក់ថាដែរ មកទល់រយៈពេល២ឆ្នាំដែលលោកទិញសិទ្ធិដំណើរការអាជីវកម្មនេះ ហាងមីហិរមានសាខាចំនួន៧០កន្លែងហើយ ដោយគម្រោងនឹងទិញសិទ្ធិភេសជ្ជៈឆប់ឆាហ៍ មកដាក់ក្នុងហាងនៅគ្រប់សាខាបន្ថែមទៀត ចាប់ពីឆ្នាំ២០១៩តទៅ ដែលមានន័យថា ក្រៅពីភ្ញៀវអាចទទួលទានមីហឹរយ៉ាងឆ្ងាញ់របស់កូរ៉េ ក៏បានទទួលទានភេសជ្ជៈឆប់ឆាហ៍ ដែលជាប្រេនល្បីល្បាញរបស់ថៃក្នុងហាងតែមួយ។ យ៉ាងណាមិញ លោកបានប្រកាសថា គ្រប់បណ្ដាហាងមីហឹរដែលមិនមានយីហោ មីហឹរសេអ៊ូល៧យ៉ាង គឺមិនមែនជាសាខារបស់ខ្លួនឡើយ។

លោក អ៊ុច រ៉ូម៉ា ម្ចាស់ហាង និងលោក សួម វីរ៉ាដេត តំណាងភេសជ្ជៈឆប់ឆាហ៍ បានថ្លែងបញ្ជាក់ស្របគ្នាថា ចាប់ពីឆ្នាំ២០១៩តទៅ ហាងឆប់ឆាហ៍ នឹងមានសាខាសរុបទាំងអស់ជាង៩០កន្លែង ដោយសារតែមុនកុងត្រាចាប់ដៃជាមួយហាងមីហឹរសេអ៊ូល៧យ៉ាង ខ្លួនមានសាខាចំនួន២៥ទីតាំងហើយ នៅទូទាំងប្រទេសគិតត្រឹមឆ្នាំ២០១៨នេះ៕

RELATED ARTICLES