ពិធីករប្រុសវ័យក្មេងលោក គីម កូតា ដែលធ្លាប់តែលេចមុខនៅតាមកម្មវិធីសម្ពោធផលិតផលរបស់ក្រុមហ៊ុន ផ្សេងៗនោះ បានឲ្យដឹងថា នៅដើមឆ្នាំ២០១៩នេះ រូបគេមានរាសីឡើងខ្ពស់ត្រដែតត្រដឹម រហូតដល់រីករាយសឹងតែដេកមិនលក់ឡើយ។
ពិធីករលេងម៉ូដសក់កូតា ថ្លែងទាំងរំភើបថា ពីមុនធ្លាប់តែចាប់អាជីពធ្វើជាអ្នកអត្ថាធិប្បាយនោះ ពេលនេះនឹងឈានចូលថតភាពយន្ដរឿង”វិញ្ញាណស្នេហ៍” ដែលនឹងធ្វើពិធីសែនក្រុងពាលី នៅព្រឹកថ្ងៃទី៦ ខែមករា នេះហើយ របស់ផលិតកម្មកេសារ៉ា ។
គីម កូតា បានឲ្យដឹងថា តាមពិតអាជីពសម្ដែងមិនមែនជាចំណូលចិត្តរបស់ខ្លួនឡើយ តែដោយសារមានការជម្រុញពីផលិតករ ទើបលោកឈានមកបន្ថែមអាជីពថ្មីនេះ ដោយមានជំនឿថា អាចនឹងធ្វើទៅបាន ព្រោះអាជីពសិល្បៈលោកស្រលាញ់គ្រប់ផ្នែកទាំងអស់។
ដោយឡែកនៅពាក់កណ្ដាលឆ្នាំ២០១៩នេះ លោក កូតា ក៍អះអាងផងដែរថា នឹងត្រៀមថតភាពយន្ដថ្មីមួយទៀតក្នុងតំណែងជាតួអង្គសំខាន់ម្នាក់ ក្នុងរឿង”កម្មស្នេហ៍ចាំជាតិ”៕