កាលលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមនៅរស់រានមានជីវិត គឺមានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលមាត់ដាចជាងគេ ប៉ុន្តែ ក្រោយពេលលោកស្លាប់បានប៉ុន្មានខែ ក៏ស្រាប់តែលេចអ្នកវិភាគជាបន្តបន្ទាប់។ មុនទទួលរងគ្រោះដោយការធ្វើឃាត លោកបណ្ឌិតកែម ឡី បានសរសេរក្នុងហ្វេសប៊ុក បង្ហាញ “យុទ្ធសាស្ត្រ១១ចំណុច” ជួយ CPP ឱ្យឈ្នះឆ្នោត ហើយថ្មីៗនេះ ក៏មាន “ទាយាទកែម ឡី” ម្នាក់ បង្ហាញនូវគុណវិបត្តិ៥ចំណុច របស់បក្សប្រឆាំង ដែលអាចឱ្យ CPP ឈ្នះឆ្នោតដែរ ដែល “នគរធំ” សូមលើករឿង “ទាយាទ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សូមរំព្ញកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក ថា “គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពឈ្នះ និងបានកាន់អំណាចបន្តទៀត ករណីមានការផ្លាស់ប្តូរវប្បធម៌បុគ្គល វប្បធម៌ ស្ថាប័ន…” ក្នុងសំណេរនោះ លោកកែម ឡី បានបង្ហាញ “យុទ្ធសាស្ត្រ១១ចំណុច” ឱ្យបក្សកាន់អំណាចពិចារណា រួមមាន ៖ ១-បង្កើតដៃគូថ្នាក់ជាតិ រវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលចាប់ផ្តើមវិភាគថវិការដ្ឋ…។ ២-វិភាគស្ថាប័នក្រសួង ពិនិត្យលទ្ធភាព កាត់បន្ថយក្រសួង…។ ៣-រៀបចំការកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន…។ ៤-ដកដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ដោយពិភាក្សាសំណង…។ ៥-រៀបចំផែនការបញ្ជូនជនជាតិវៀតណាមដែលចូលមកខុសច្បាប់ចេញឱ្យអស់…។ ៦-ជ្រើសរើសថ្នាក់ដឹកនាំរដ្ឋ ប្រកបដោយគុណភាពនិងប្រជាប្រិយភាព…។ ៧-ដាក់បេក្ខភាពយុវជនមានសមត្ថភាពក្នុង តំណែងរដ្ឋមន្ត្រី៥០ភាគរយ…។ ៨-ប្រកួតប្រជែងរកមនុស្សល្អនិងស្អាតស្អំ…។ ៩-រៀបចំផ្ទេរតំណែងនាយករដ្ឋមន្ត្រីជាប្រវត្តិ- សាស្ត្រ…។ ១០-កាត់បន្ថយភាពក្រីក្រ តាមរយៈផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច…។ ១១-យន្តការឯករាជ្យនានា ត្រូវផ្តល់លទ្ធភាពជូនអង្គការសង្គមស៊ីវិលចូលរួម…។
យុទ្ធសាស្ត្រខាងលើនេះ បណ្ឌិតកែម ឡី បញ្ជាក់ថា នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត បន្តកាន់អំណាចទៅ មុខទៀត តាមរយៈកំណែទម្រង់ឱ្យទាន់សភាពការណ៍ មុនពេលបោះឆ្នោត នាឆ្នាំ២០១៧-២០១៨ ខាងមុខនេះ ប៉ុន្តែ បើ ធ្វើមិនបាន អាចធ្វើឱ្យបក្សប្រឆាំង ប្រជែងសន្លឹកឆ្នោតបាន។ ជាអកុសល ម្ចាស់សំណេរក្នុងហ្វេសប៊ុកនោះ ត្រូវរងនូវការ បាញ់ប្រហារគួរឱ្យរន្ធត់ ដោយពុំទាន់បានឃើញលទ្ធផលនៃការវិភាគនេះផង។
កាលពីពេលថ្មីៗនេះទៀត លោករស់ សារ៉ុម អតីតប្រធានសមាគមធាងត្នោត និងបច្ចុប្បន្នប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថា “CPP នឹងឈ្នះឆ្នោតជាង៩០អាសនៈសភាតំណាងរាស្ត្រ នៅ ឆ្នាំ២០១៨ បើ CNRP គ្មានយន្តការច្បាស់លាស់ ដោះស្រាយបញ្ហាគន្លឹះដូចខាងក្រោម…”។ បញ្ហាគន្លឹះនោះមាន៥ចំណុច ជាយុទ្ធសាស្ត្របង្ហាញផ្លូវបក្សប្រឆាំង ឱ្យមើលឃើញគុណវិបត្តិរបស់ខ្លួនទៅវិញ ដែលផ្ទុយពីបណ្ឌិតកែម ឡី ដែលបង្ហាញផ្លូវ បក្សកាន់អំណាច។ ចំណុចទាំង៥ ដែលលោករស់ សារ៉ុម ជួយបំភ្លឺបក្សប្រឆាំង នោះរួមមាន ៖ ១- CNRP មិនព្រមកែទម្រង់ផ្ទៃក្នុងគណបក្ស។ ២-CNRP បញ្ជូនតែមន្ត្រីឱបជើងទៅប្រចាំការនៅ គ.ជ.ប។ ៣-ពលរដ្ឋចំណាកស្រុកមិនបានចុះ ឈ្មោះបោះឆ្នោត ទៅបានឯជនអន្តោប្រវេសន៍ អាចចុះឈ្មោះនិងបោះឆ្នោតបាន។ ៤-មន្ត្រី PEC ជាសមាសភាព គ.ជ.ប ចាស់ គ្មានការផ្លាស់ប្តូរ។ ៥-បញ្ហាស៊ីបច្ចេកទេស។
អ្នកវិភាគរូបនេះ បានទាំងផ្តល់បទសម្ភាសន៍បន្ថែមដល់ “នគរធំ” ថា បក្សប្រឆាំងប្រៀបបាននឹង “ផ្ទះថ្ម សសរប្ញស្សី” បើមិនព្រមកែទម្រង់ ឬមិនព្រមព្យាបាលផ្ទៃក្នុងបក្ស អាចនឹងចាញ់បក្សកាន់អំណាច ដែលមានភាពចាស់ទុំនយោបាយ ជា ពិសេស លោកបញ្ជាក់ពីរូបមន្តគិត “អាសនៈ” ទោះបីរាជធានីភ្នំពេញ មានអ្នកបោះឆ្នោតដល់ទៅ៥លាននាក់ ក៏នៅតែ១២ អាសនៈដដែល៘
ក្តាប់បាននូវការវិភាគនោះ យើងអាចសន្និដ្ឋានបានថា ទោះជាលោកបណ្ឌិតកែម ឡី បាត់រូបបាត់វិញ្ញាណ ក៏នៅមាន “ទាយាទ” ចេញមុខបន្តវេនវិភាគបញ្ហាសង្គមនិងនយោបាយ ជាបន្តបន្ទាប់ ឬថា កាន់តែច្រើនទៅៗ ដោយសារមនុស្សសម័យនេះ ប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន។
ពាក្យថា “ទាយាទ” មានន័យថា អ្នកបន្តវង្សត្រកូល ទទួលមរតក សំដៅដល់កូនប្រុសស្រីដែលត្រូវទទួលមរតកពីឪពុកម្តាយ ប៉ុន្តែ តាមនិយមន័យ ទាយាទ អាចហៅបានទាំងអស់ សូម្បីសិស្សជំនិតទទួលមរតកវិជ្ជាគុនពីគ្រូ ឬទទួលការងារ ជំនាញពីរៀមច្បង ក៏ហៅ “ទាយាទ” បានដែរ។ ទោះមិនបានតាំងខ្លួនជាទាយាទ ក៏ការវិភាគបញ្ហាសង្គម តាមលំអានអ្នក ស្លាប់ ក៏អាចចាត់ទុកជាទាយាទដែរ។ ធម្មតាការវិភាគតែងមានខុសមានត្រូវ ដូចកាលបណ្ឌិតកែម ឡី បង្ហាញយុទ្ធសាស្ត្រ១១ ចំណុចជួយ CPP ឱ្យឈ្នះឆ្នោតនោះ អ្នកតាមដានមើលឃើញថា ជាការវិភាគត្រឹមត្រូវ ប៉ុន្តែ ចំណុចដែលលោកចង់ឱ្យមាន ការផ្ទេរតំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិនោះ មិនបានធ្វើឱ្យបក្សកាន់អំណាចពេញចិត្តនោះទេ។ រីឯការវិភាគរបស់លោក រស់ សារ៉ុម ដែលជួយបំភ្លឺផ្លូវបក្សប្រឆាំងនោះ ក៏មានត្រូវខ្លះ ខុសខ្លះ ដូចចំណុចទី១ ថា “CNRP មិនព្រមកែទម្រង់ផ្ទៃក្នុង បក្ស” តើកាលៈទេសៈបច្ចុប្បន្ន បក្សប្រឆាំងកែយ៉ាងម៉េចកើត បើមេដឹកនាំបក្សកំពុងរងសម្ពាធពីតុលាការ រហូតរត់ចោល ស្រុក និងឃុំខ្លួនឯងក្នុងទីស្នាក់ការបក្ស រីឯមន្ត្រីបក្សប្រឆាំងដទៃទៀត រស់ទាំងភ្នែកសេកភ្នែកលលកនោះ? ករណីនេះ ប្រៀប បាននឹងគ្រួសារដ៏ក្រីក្រ ឪពុកមានជំងឺធ្ងន់ តើបានលុយឯណាជួសជុលផ្ទះ នៅពេលខ្យល់កន្ត្រាក់បក់បំប៉ើងអស់ដំបូលនោះ? នឹងអាចកែទម្រង់ផ្ទៃក្នុងបាន លុះត្រាតែទាំងមេនិងកូននៅជួបជុំគ្នា តែបើបែកខ្ញែកគ្នាយ៉ាងនេះ កំណែទម្រង់ ពិបាកធ្វើណាស់ សូម្បីបក្សកាន់អំណាច ក៏មិនងាយកែទម្រង់តាមតែខ្សែញាក់របស់អង្គការសង្គមស៊ីវិលបានដែរ។ រីឯចំណុចត្រូវ ដែលលោក រស់ សារ៉ុម លើកឡើងនោះ គឺការចុះឈ្មោះកន្លែងណា បោះឆ្នោតកន្លែងហ្នឹង អាចធ្វើឱ្យរាជធានីភ្នំពេញ ពេញណែនដោយ អ្នកបោះឆ្នោត ព្រោះកម្មករ កម្មការិនីរាប់សែននាក់ ដែលជាប់ការងាររោងចក្រ។ បើបោះ៥លាននាក់ ក៏នៅតែ១២អាសនៈ ដដែល ហើយបើបោះ១លាននាក់ ក៏១២អាសនៈ អាចឱ្យ CPP មានលទ្ធភាពឈ្នះនៅតាមខេត្ត ដែលការវិភាគនេះមិន ខុសទេ។
ធម្មតាអ្នកវិភាគឯករាជ្យ បើឃើញយ៉ាងណាថាយ៉ាងនោះ ទើបមានឈ្មោះថា ជាអ្នកវិភាគសុចរិត ប៉ុន្តែ បើវិភាគមិន សមហេតុសមផល ធ្វើឱ្យបាត់បង់តម្លៃខ្លួន។ ជាក់ស្តែងមានប្រភពព័ត៌មានមិនច្បាស់ការមួយ បានសរសេរថា “លោកសម រង្ស៊ី គ្រោងប្រគល់តំណែងប្រធានគណបក្សប្រឆាំង ឱ្យលោកកឹម សុខា ជាអនុប្រធាន ដើម្បីឈរឈ្មោះបោះឆ្នោតប្រធានាធិបតី បារាំង” ការសរសេររបៀបនេះ ដូចជាហួសហេតុបន្តិច ដែលគេអាចបកស្រាយបាន៣យ៉ាង គឺទីមួយ អ្នកសរសេរនោះចង់ លើកកិត្តិយសលោកសម រង្ស៊ី ឱ្យខ្ពស់កប់ពពក ខណៈដែលរូបលោកជាជនជាតិខ្មែរ អាចឈរឈ្មោះធ្វើប្រធានាធិបតីបារាំង ដែលពិភពលោកគ្មានយន្តការបែបនេះទេ។ ទីពីរ គឺមានន័យបន្ទាបបន្ថោកជនជាតិបារាំង ព្រោះស្រុកបារាំង ខ្វះអីជនជាតិ បារាំង ដែលជាឥស្សរជននយោបាយ ត្រូវដាក់បេក្ខភាពនោះ ទោះជាលោកសម រង្ស៊ី មានសញ្ជាតិបារាំង ក៏គេមិនបោះឆ្នោត ឱ្យដែរ។ ម៉្យាងទៀត លោកសម រង្ស៊ី ក៏មិនល្ងង់អីទៅធ្វើរបៀបនេះទេ។ ទីបីទៀត អាចធ្វើឱ្យបក្សប្រឆាំង កើតមន្ទិលសង្ស័យ លែងទុកចិត្តគ្នា ព្រោះតែសំណេរមិនសមហេតុសមផលនោះ។ អ្នកសរសេរនោះ ក៏ចាត់ទុកជា “ទាយាទកែម ឡី” ដែរ បើ សរសេរសមទំនង គេជឿ តែបើសរសេររបៀបហ្នឹង បានត្រឹមគេសើចប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋខ្មែរសម័យនេះ ចេះវិភាគ រឿងនយោបាយគ្រប់គ្នា រឿងអីចេះតែជឿ ភ្លេចពិចារណានោះ។
សរុបទៅ បើអ្នកវិភាគស្រករក្រោយ ចង់ធ្វើ “ទាយាទកែម ឡី” ត្រូវសរសេរដាក់ឈ្មោះប្រភពឱ្យច្បាស់លាស់ កុំលាក់ ក្បាល ចេញកន្ទុយ ព្រោះលោកបណ្ឌិតកែម ឡី មិនចេះលាក់ទេ ទោះវិភាគយ៉ាងណាក៏តាមចិត្តចុះ កុំតែចូលគន្លង “បរិហារ កេរ្តិ៍”។ ម៉្យាងទៀត ការវិភាគដែលល្អ នឹងមានគេយកទៅអនុវត្ត តែបើវិភាគខុសទំនង នាំឱ្យបាត់គុណតម្លៃ៕
ដោយ ៖ អាចារ្យថាំ