ខេត្តកណ្តាល៖ ក្មេងប្រុសតូចម្នាក់ បានជិះកង់លេងនៅក្បែរៗផ្ទះរបស់ខ្លួន ស្រាប់តែអកុសល រេចង្កូតដួលទៅប៉ះនឹងជញ្ជាំងស័ង្កសី ដែលមានចរន្តអគ្គិសនីឆ្លង បណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម។
ក្មេងប្រុសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះម៉ន សំណាង អាយុ១ខួប ១០ខែ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅ ក្នុងភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម។
តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាបថា់ នៅមុនពេលកើតហេតុ ក្មេងប្រុសរងក្រោះ បានជិះកង់លេងនៅ ក្បែរៗផ្ទះ ស្រាប់តែបន្តិចក្រោយមក ក៏បានដួលកង់ ទៅប៉ះនឹងជញ្ជាំងផ្ទះស័ង្កសី ដែលមានឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យប្រកាច់ ភ្លាមនោះឪពុក ម្តាយក៏បានមកលើកកូនរឹត លុះឃើញកូនមានសភាពដកចង្កាមាន់ ក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក តែអកុសល ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យរួចប្រាប់ថា ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញពិនិត្យហេតុស្រុក កម្លាំងប៉ុស្តិ៍ព្រែកក្មេង ក្រុមប្រឹក្សាឃុំព្រែកក្មេង ពេទ្យឃុំ មេភូមិទួលទ្រា ធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋាន ក្មេងប្រុសរងគ្រោះស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនីពិតប្រាកដមែន៕