Monday, January 20, 2025
Homeព័ត៌មានជាតិខឹងទះកំផ្លៀងនិងគំរាមសម្លាប់ ឃាតករវ័យក្មេងបបួលកូនជ្រមុជទឹកស្ទឹងស្លាប់

ខឹងទះកំផ្លៀងនិងគំរាមសម្លាប់ ឃាតករវ័យក្មេងបបួលកូនជ្រមុជទឹកស្ទឹងស្លាប់

ខេត្តកំពង់ឆ្នាំង៖ ជនដៃដល់ជាឃាតករ ដែលបានសម្លាប់ក្មេងប្រុសអាយុ២ខួបបោះចោលក្នុងទឹកស្ទឹង នៅចំណុចភូមិក្តុលសែនជ័យ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ ដោយជនដៃដល់គឺជាក្មេងប្រុសដែលទើបនឹងមានវ័យ១០ឆ្នាំប៉ុណ្ណោះ ចំណែកមូលហេតុដោយសារតែក្មេងប្រុសដៃដល់ ខឹងនាងម្តាយក្មេងប្រុសរងគ្រោះទះកំផ្លៀង និងគំរាមសម្លាប់គេ កាលពីពេលកន្លងទៅ។

ជនសង្ស័យជាឃាតករ ឈ្មោះ ប៊ុន សុភារិទ្ធ

គួររំលឹកថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំណុចភូមិក្តុលសែនជ័យ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដោយក្មេងប្រុសតូចម្នាក់ ត្រូវបានឃាតករដៃឆៅសម្លាប់យ៉ាងឃោរឃៅ រួចយកសពបោះចោល ក្នុងទឹកស្ទឹង ធ្វើឱ្យស្ត្រីជាម្តាយកំពុងមានផ្ទៃពោះជិតគ្រប់ខែ ស្រែកទ្រហោយំរហូតដល់សន្លប់បាត់ស្មារតី។

ក្មេងប្រុសរងគ្រោះរិន សារ៉ុង អាយុជាង២ខួប (កើតថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦) មានឪពុកឈ្មោះស៊ីម សារឿន អាយុ២២ឆ្នាំ ម្តាយឈ្មោះនឿន សុគីន អាយុ២១ឆ្នាំ (កំពុងមានផ្ទៃពោះជិតគ្រប់ខែសម្រាល) និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានបញ្ជាក់ឱ្យដឹងថា នៅមុនកើតពេលកើតហេតុ នៅវេលាម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានសាក្សីបានឃើញក្មេងប្រុសសង្ស័យឈ្មោះ ប៊ុន សុភារិទ្ធ បានដឹកដៃក្មេងប្រុសរងគ្រោះ ទៅខាងជើងផ្ទះរបស់ខ្លួន ទៅក្បែរមាត់ស្ទឹងដែលមានចម្ងាយប្រមាណជិត១គីឡូម៉ែត្រពីខាងជើងផ្ទះរបស់ខ្លួន ហើយអ្នកដែលបានឃើញហេតុការណ៍ ក៏បានប្រាប់ក្មេងទាំង២ថា កុំឱ្យទៅលេងទឹកប្រយ័ត្នលង់ទៀតផង។

ចាប់តាំងពីបាត់ក្មេងរងគ្រោះឪពុកម្តាយបានខំដើររកតាំងពីព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបបានប្រទះឃើញក្មេងប្រុសរងគ្រោះស្លាប់នៅក្នុងទឹកស្ទឹង។ ក្រោយពីពិនិត្យធ្វើកោសល្យវិច័យឃើញថា សពក្មេងប្រុសរងគ្រោះ មានស្នាមជាំខ្នង ដូចមានស្នាមវាយ និងរយះផ្ទៃមុខ ព្រមទាំងមានស្នាមត្រង់កទៀតផង។

ក្មេងប្រុសសង្ស័យឈ្មោះប៊ុន សុភារិទ្ធ បានឆ្លើយសារភាពទៀតថា នៅមុនពេលកើតហេតុ រូបគេបានលួងលោមក្មេងប្រុសរងគ្រោះ ជិះកង់ជាមួយគេ រួចក៏ដឹកទៅសម្លាប់នៅចំណុចមាត់ស្ទឹង ដោយចាប់ជ្រមុជទឹក សម្លាប់ក្មេងប្រុសរងគ្រោះតែម្តង។ ចំណែកមូលហេតុ ដោយសារតែរូបគេ មានគំនុំជាមួយម្តាយក្មេងប្រុសរងគ្រោះ ដែលធ្លាប់ទះកំផ្លៀងរូបគេ និងថែមទាំងគំរាមសម្លាប់រូបគេទៀតផង កាលពីពេលកន្លងមក។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងសួរនាំមនុស្សទាំង៣នាក់បន្ថែមទៀត ដើម្បីវែកមុខរកឃាតករពិតប្រាកដ និងឈានដល់ការបំបែកសំណុំរឿងក្តីឃាតកម្មដ៏ឃោរឃៅមួយនេះ៕

RELATED ARTICLES