ភ្នំពេញ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងស្ទើរមិនចង់ជឿ ដែលបុរសម្នាក់បានជាប់នៅក្នុងលូអស់រយៈពេលជាង១០ថ្ងៃ និងតែងផឹកទឹកលូជំនួសអាហារ ដើម្បីចម្អែតក្រពះ បន្តជីវិតរស់នៅទៀត និងបានស្រែកហៅអ្នកដំណើរឱ្យជួយដែរ តែគ្មានអ្នកបានឮ ទើបតែមកដល់យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ក៏មានអ្នកដំណើរម្នាក់បានឮសូរសំឡេង ឈប់រកមើល ទើបដឹងថាមានមនុស្សជាប់ក្នុងលូ ក៏នាំគ្នាជួយសង្គ្រោះ នាំបុរសរូបនោះចេញមកក្រៅវិញ។
ហេតុការណ៍សង្គ្រោះជីវិតបុរសម្នាក់ចេញពីក្នុងលូនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះឧកញ៉ា ថៃ ប៉ុនរ៉ុង តាមផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពពីប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូឆ្លងកាត់ទីនោះ ស្រាប់តែឮសំឡេងបុរសម្នាក់ ស្រែកដង្ហោយហៅពីក្នុងលូ និងលើដៃខ្វៃៗឱ្យជួយ ស្របពេលនោះដែរ ពួកគាត់ក៏បានឈប់ម៉ូតូរកមើលក្នុងលូ ស្រាប់តែប្រទះ ឃើញបុរសម្នាក់នោះកំពុងសម្ងំនៅក្នុងលូ មិនដឹងតាំងពីពេលណានោះទេ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាគាស់គម្របលូ ដើម្បីបើកឱ្យបុរសរូបនោះចេញមកក្រៅ។
ក្រោយបានចេញពីក្នុងលូចេញមកក្រៅហើយ បុរសរូបនោះ បាននិយាយទាំងស្មារតីហាក់បីដូចជាវង្វេងវង្វាន់ថា គាត់បានចូលទៅក្នុងលូ អស់រយៈពេល១០ថ្ងៃមកហើយ ហើយរាល់ពេលឃ្លាន គឺគាត់ផឹកតែទឹកលូធ្វើជាអាហារ។ ក្រោយមកបុរសរូបនោះ ត្រូវបានខាងមន្ទីរសង្គមកិច្ច បានមកទទួលយកទៅស្នាក់នៅមួយយប់សិន។
តាមប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បាននាំគ្នាឆ្ងល់ថា មិនដឹងជាបុរសរូបនេះ ចូលតាមប្រហោងលូពីណាមកទេ ព្រោះបើ តាមមាត់លូ នៅចំណុចដែលប្រទះឃើញជនរងគ្រោះនេះ គឺមិនអាចឱ្យបុរសរូបនោះលូនចូលបានឡើយ៕