ខេត្តរតនគិរី ៖ បុរសជាជនជាតិវៀតណាម២នាក់ឪពុកកូន ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង ចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដោយយោងតាមលិខិតបង្គាប់ឱ្យចាប់ខ្លួន និងនាំខ្លួនលេខ០២.ភជ ៤៥ ចុះថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ របស់ស្ថាប័នស្រាវជ្រាវ ស៊ើបអង្កេត នគរបាលខេត្តបារៀវុងតាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងយោងចំណារឯកភាពរបស់ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តរតនគិរី ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ លើសំណើសុំឃាត់ខ្លួនរបស់ស្នងការដ្ឋានគរបាលខេត្តរតនគិរី។
នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ អនុវត្តន៍តាមលិខិតយោងខាងលើ បានស្រាវ និងឃាត់ខ្លួន ជនជាតិវៀតណាមចំនួន២នាក់នៅក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ។
លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលផែនអន្តោប្រវេសន៍ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទី១-ឈ្មោះឡេ ថាន់ថាវ ភេទប្រុស ឆ្នាំកំណើត១៩៦៨ កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ ២៧៣៤៣២៩៩៦ និងទី២-ឈ្មោះឡេ ក្វៀតថាំង ភេទប្រុស ឆ្នាំកំណើត១៩៩៧ ស្រុកកំណើតខេត្តហាយយឿង កាន់អត្តសញ្ញាណបណ្ណវៀតណាមលេខ ២៧៣៦២០៧៥៩ ជនសង្ស័យទាំង២នាក់ ត្រូវជាឪពុកកូននឹងគ្នា។
សូមបញ្ជាក់ថា ជនជាតិវៀតណាមទាំង២នាក់ឪពុកកូនខាងលើនេះ បានរត់គេចខ្លួនចេញពីប្រទេសវៀតណាម លួចឆ្លងដែនចូលមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធក្នុងករណីឆបោកទ្រព្យសម្បត្តិ ប្រជាជនវៀតណាម នៅក្នុងខេត្តបារៀវុងតាវ ប្រទេសវៀតណាម។
លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន បញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ ឪពុក និងកូនខាងលើនេះ បានត្រៀមរៀបចំបែបបទ និងរង់ចាំចំណារឯកភាពពីថ្នាក់លើ ដើម្បីប្រគល់ទៅឱ្យភាគីវៀតណាម ចាត់ការបន្តតាមច្បាប់នៃប្រទេសវៀតណាម៕