ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍សិស្សានុសិស្សពុលចំណី សង្ស័យជាបាយកញ្ចប់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
លោកវ៉ាត់ វង់ នាយកសាលាបឋមសិក្សាប៉ោយសំរោង បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានជនជាតិកូរ៉េមួយក្រុមកាន់សាសនាគ្រឹស្ត បានចូលមកក្នុងសាលាដើម្បីសុំផ្សព្វផ្សាយសាសនា។ នៅក្នុងនោះក្រុមជនជាតិកូរ៉េ ក៏មានពិធីលេងល្បែងកំសាន្តជាច្រើនសម្រាប់ពួកក្មេងៗ រួមទាំងចែកស្ករគ្រាប់ បាយកញ្ចប់ ទឹកសុទ្ធ ព្រមទាំងអាវយឺតឱ្យសិស្សានុសិស្សទៀតផង។ ក្រោយពីចប់ការលេងល្បែងកំសាន្ត ក៏នាំគ្នាញ៉ាំអាហាររួមគ្នា ទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងក្រុមជនជាតិកូរ៉េទាំងនោះផងដែរ។ លុះក្រោយពីញ៉ាំអាហាររួច ក្មេងៗមួយចំនួនក៏កើតមានអាការទន់ដៃទន់ជើង ខ្លះក្អួតចង្អោរ និងឈឺពោះ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះជាបន្តបន្ទាប់តែម្តង។
លោកស៊ិន រ៉ាស៊ី មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា គិតមកទល់ម៉ោង៨ និង១២នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្មេងៗដែលទទួលការជួយសង្គ្រោះគឺមានចំនួន១៤២នាក់ ក្នុងនោះប្រុស៦៣នាក់។ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ មានក្មេងៗចំនួន៩០នាក់ បានធូរស្រាលនិងអនុញ្ញាតឱ្យវិលត្រឡប់មកផ្ទះវិញ ដោយឡែកក្មេងៗ៥២នាក់ទៀត ក្នុងនោះ ស្រី២៩នាក់ កំពុងបន្តសម្រាកព្យាបាលនៅឡើយ។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្មេងដែលពុលអាចបណ្តាលមកពីពុលជ្រក់នៅក្នុងបាយ ដែលជនជាតិកូរ៉េ មួយក្រុម ចុះចែកឱ្យហូបកាលពីថ្ងៃរសៀល ដោយក្នុងម្នាក់ទទួលបានបាយ១កញ្ចប់ ទឹកសុទ្ធ១ដប លុះក្រោយពេលញ៉ាំរួច ដល់ម៉ោងកើតហេតុខាងលើ ទើបមានអាការពុលតែម្តង។
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ឱ្យដឹងដែរថា ជនជាតិកូរ៉េមួយក្រុមនោះ តែងតែចុះធ្វើសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋាន ដូចជាជីកអណ្តូងទឹក និងចែកបាយជាដើម ស្រាប់តែលើកនេះ ក៏មានអាការៈពុលតែម្តង ដែលគេសង្ស័យថា អាចបណ្តាលមក ពីជ្រកនៅក្នុងបាយនោះ ខណៈដែលរាល់ដងមិនដែលមានហេតុការណ៍នេះកើតឡើងនោះទេ។
បើតាមលោកឧត្តមសេនីយ៍ មេបញ្ជាការនៅពេលកើតហេតុភ្លាមៗ លោកបានបញ្ជាកម្លាំងរបស់លោក សហការជាមួយកម្លាំងអធិការស្រុកព្រះនេត្រព្រះ និងក្រុមគ្រូពេទ្យ ជួយសង្គ្រោះករណីនេះផងដែរ។ លោកថា អភិបាលស្រុក និងមន្ត្រីជាច្រើនទៀត បានចូលរួមយ៉ាងដុត ដៃដុតជើងលើកករណីមួយនេះ។
ដោយឡែក លោកកែវ សុភត្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវ ដល់បណ្តាប្រជាពលរដ្ឋដែលនិយម ធ្វើពិធីជប់លៀងផ្សេងៗ ធ្វើយ៉ាងណា ត្រូវគិតពីកត្តាអនាម័យឱ្យបានខ្ពស់ ព្រោះវាអាចធ្វើឱ្យយើងមានបញ្ហាពុលអាហារដូចករណីខាងលើ៕