ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ត្រីមេម៉ាយម្នាក់ បានលែងលះប្តីជាយូរឆ្នាំមកហើយ និងមិនមានកូនចៅនឹងគេនោះទេ ស្នាក់នៅតែម្នាក់ឯង លុះអ្នកជិតខាងឃើញបាត់យូរមិនចេញពីបន្ទប់ដូចសព្វដង ក៏ដើរទៅគោះទ្វារហៅ តែមិនឮឆ្លើយ ទើបសង្ស័យ ក៏ទម្លាយទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញ ស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅចំណុចបន្ទប់ជួល តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ស្ត្រីរងគ្រោះដែលដេកស្លាប់ក្នុងបន្ទប់ដោយគ្មានអ្នកដឹង មានឈ្មោះយាយ ម៉ៅ អាយុជាង៥០ឆ្នាំ មុខរបរលក់គ្រឿងកាឡៃនៅខាងមុខរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅកម្ពុជាក្រោម។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញខាងកោសល្យវិច័យ ឱ្យមកពិនិត្យ និងធ្វើកំណត់ហេតុ។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តសំបូរមាស រង់ចាំស្រាវជ្រាវរកសាច់ញាតិ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕