ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានបើកកាណូតដឹកត្រីយកទៅលក់ឯផ្សារ លុះបាំងដុបព្រៃ មើលខាងមុខមិនឃើញកាណូតរបស់បងប្រុសបង្កើតរបស់ខ្លួន កំពុងបើកមកដែរនោះ ក៏ជ្រុលបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាបងប្រុសធ្លាក់ចូលទឹក ត្រូវស្លាបចាក់កាប់ចំក្បាល ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅលើផ្ទៃបឹងទន្លេសាប ចំណុចកោះកញ្ឆា ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍។
បុរសរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្ទៃទឹក (កាណូតបុកគ្នា) មានឈ្មោះប៉ុន ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនេសាទត្រី មានប្រពន្ធឈ្មោះវ៉ាន់ សេងហៀង និងមានកូនចំនួន៣នាក់ក្នុងបន្ទុក មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកភាគីបង្ក មានឈ្មោះប៉ែក ប៉ា អាយុ២៦ឆ្នាំ មុខរបរនេសាទត្រីដូចគ្នា និងត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយ គ្នា។
ក្រោយកើតហេតុ ជនបង្កជាប្អូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងកសាងឯកសារបញ្ជូនបន្តតាមនីតិវិធី។
ចំណែកសាកសពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះពិនិត្យ និងធ្វើកោសល្យវិច័យរួច ក៏ប្រគល់ទៅឱ្យគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕