Monday, January 20, 2025
Homeព័ត៌មានជាតិមើលមុខឌឺចុះឡើងវ៉ៃគ្នាប្រាវ ទាំងមិនទាន់គិតលុយ ម្ចាស់ហាងចាក់សោរទ្វារជាប់

មើលមុខឌឺចុះឡើងវ៉ៃគ្នាប្រាវ ទាំងមិនទាន់គិតលុយ ម្ចាស់ហាងចាក់សោរទ្វារជាប់

ភ្នំពេញ៖ យុវជន២ក្រុមបាននាំគ្នាចូលទៅផឹកស៊ីក្នុងហាងតែមួយ ដោយអង្គុយផឹកលើសាឡុងជាប់គ្នា លុះចាប់ផ្តើមស្រវឹងធ្លាក់ភ្នែក ក៏ចេះតែនៅមិនសុខសម្លឹងមុខឌឺដងដាក់គ្នា រហូតផ្ទុះជាជំលោះ ឈានដល់អំពើហិង្សាវ៉ៃគ្នាផ្អើលពេញហាង ធ្វើឱ្យភ្ញៀវផ្សេងទៀតរត់ចេញអស់ ទាំងមិនទាន់បានគិតលុយ១រៀល ជាហេតុធ្វើឱ្យម្ចាស់ហាងខឹង ក៏បិទទ្វារហាងចាក់សោជាប់ រួចទាក់ទងហៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ហេតុការណ៍ផឹកស៊ីផ្ទុះជំលោះវ៉ៃគ្នាផ្អើលហាងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងយីហោ ហ្គោឌីន ស៊ីធី២ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីប្អូនម្ចាស់ហាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានមនុស្ស២ក្រុម ដោយម្ខាងមានគ្នា៥នាក់ បានចូលមកផឹកស៊ី និងអង្គុយសាឡុងជាប់គ្នា។

លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែភាគីទាំងសងខាង ចាប់ផ្តើមសម្លឹងមើលមុខ គ្នា ទៅវិញទៅមក ក្នុងន័យឌឺដងដាក់គ្នា រហូតធ្វើឱ្យកើតជាជំលោះ និងឈានដល់អំពើហិង្សាវាយតប់គ្នា បណ្តាលឱ្យបែកចាន បែកកែវក្នុងហាងអស់ជាច្រើន និងធ្វើឱ្យផ្អើលដល់ភ្ញៀវផ្សេងទៀតនាំគ្នារត់ចេញពីហាងអស់ ទាំងមិនបានបានគិតលុយ១រៀលនៅឡើយ។

ប្រភពដដែលបន្តថា ដោយសារតែទ្រាំមិនបាននឹងការអុកឡុករបស់ក្រុមទាំង២ខាងលើ ទើបម្ចាស់ហាងបានប្រាប់ឱ្យបុគ្គលិកទាញទ្វារហាងបិទ ចាក់សោជាប់ រួចរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ជួយធ្វើការសម្របសម្រួលមួយសន្ទុះក្រោយមក ទើបចេញមកខាងក្រៅវិញ និងបានបញ្ជាក់ប្រាប់ថា ពុំមានរឿងអ្វីកើតឡើងនោះទេ គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ហើយពេលនេះ ភាគីទាំងសងខាងបានសម្រួលគ្នាទៅផ្ទះរៀងខ្លួនហើយ ដោយគ្មានភាគីខាងណា សងទៅខាងណានោះទេ ព្រមទាំងម្ចាស់ហាងផងដែរ៕

RELATED ARTICLES