ភ្នំពេញ៖ ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ក្បែរសាលារៀនក្រាំងធ្នង់ ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលត្រូវក្មេងទំនើងវាយ១ខ្សែក្រវាត់ឱ្យរងរបួស មានឈ្មោះប្រាក់ សូលី ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលសង្កាត់ក្រាំងធ្នង់ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (រងរបួសរលាត់ស្បែកកញ្ចឹងក ផ្នែកខាងស្តាំមួយកន្លែង)។ ចំណែកជនសង្ស័យដៃដល់ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយ៉ាត ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ទី២-ឈ្មោះផន សុផាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ដោយឡែក បក្ខពួកជនសង្ស័យ២នាក់ទៀត ដែលបានគេចខ្លួន (ឈ្មោះឆាយ និងឈ្មោះកក្កដា)។
សម្ភារដែលសមត្ថកិច្ចដកហូតបាន រួមមាន ខ្សែក្រវាត់ចំនួន១ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខតាកែវ 1H-0592។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងយាមប្រចាំការនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ បានជិះម៉ូតូមកឈប់ជិតសាលារៀនក្រាំងធ្នង់ស្រែកឡូឡា ភ្លាមនោះជនរងគ្រោះបានដើរចេញពីប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ មកសួរនាំ ស្រាប់តែជនសង្ស័យឈ្មោះកក្កដា បានដកខ្សែក្រវាត់ វាយមកលើជនរងគ្រោះចំកញ្ចឹងកបណ្តាលឱ្យរបួស ខណៈនោះកម្លាំងល្បាតបាន ទៅដល់ចំណុចកើតហេតុឃើញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែម្តង។
រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕