Monday, January 20, 2025
Homeព័ត៌មានជាតិរួចដៃពីការងារ ស្រែកហៅកូនមិនឮឆ្លើយ ដើររកឃើញជើងបះឡើងលើក្នុងធុងស្ពេត្រូ

រួចដៃពីការងារ ស្រែកហៅកូនមិនឮឆ្លើយ ដើររកឃើញជើងបះឡើងលើក្នុងធុងស្ពេត្រូ

ខេត្តសៀមរាប៖ ក្មេងប្រុសតូចម្នាក់ មានឈ្មោះឡា សុធារ៉ា អាយុ១៣ខែ មានឪពុកឈ្មោះសុទ្ធ ទុំ អាយុ២៧ឆ្នាំ ម្តាយឈ្មោះហួន សុខ អាយុ២៥ឆ្នាំ ទើបនឹងចេះដើរតតេះតតះ បានដើរទៅលេងទឹកនៅក្នុងធុងស្ពេត្រូនៅក្បែរផ្ទះ លុះស្របពេលដែល ឪពុកម្តាយរវល់ការងាររៀងខ្លួនមិនបានចាប់អារម្មណ៍ ស្រាប់តែក្មេងប្រុសរងគ្រោះបានដាំក្បាលចូលធុងស្ពេត្រូ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិតាព័រ១ ឃុំពង្រក្រោម ស្រុកជីក្រែង។

តាមប្រភពពីឪពុកម្តាយក្មេងប្រុសរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅមុនពេលកើតហេតុ ពួកខ្លួន២នាក់ប្តីប្រពន្ធ បានទុកឱ្យកូនប្រុសដើរលេងក្បែរៗផ្ទះ ដោយសារតែខ្លួនជាឪពុករវល់ដងទឹកទុកក្នុងធុង ដើម្បីសំលៀងកាំបិត នៅជិតម៉ាស៊ីនឈូសឈើខាងជើងផ្ទះ ចំណែកប្រពន្ធរវល់ដាំស្ល។ ចំណែកកូនប្រុសនោះ បានដើរទៅលេងទឹកនៅក្នុងធុងស្ពេត្រូក្បែរផ្ទះ រួចក៏ឱនដាំក្បាលចូលធុង បណ្តាលឱ្យលង់ទឹកស្លាប់ដោយគ្មានអ្នកដឹងតែម្តង។

ប្រភពដដែលបន្តថា លុះក្រោយពេលរួចដៃពីការងារអស់ហើយ ក៏នឹកឃើញកូន ទើបស្រែកហៅតែមិនឮសំឡេងកូនឆ្លើយតបសោះ លុះដើររកមើល ស្រាប់តែប្រទះឃើញកូនប្រុសនៅក្នុងធុងស្ពេត្រូ ដែលមានទឹកក្នុងនោះ ស្ថិតក្នុងសភាពដាំក្បាលបះជើងឡើងលើ ទើបប្រញាប់ស្ទុះរត់ទៅលើកកូនចេញមក តែអកុសល កូនប្រុសបានលង់ទឹកស្លាប់បាត់ទៅហើយ។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES