Sunday, January 19, 2025
Homeព័ត៌មានជាតិខឹងប្រពន្ធមើលងាយ ផឹកស្រវឹងដុតផ្ទះ ស្វាងចែស អង្គុយយំស្តាយកំហុស

ខឹងប្រពន្ធមើលងាយ ផឹកស្រវឹងដុតផ្ទះ ស្វាងចែស អង្គុយយំស្តាយកំហុស

ខេត្តសៀមរាប៖ ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីដេញវ៉ៃប្រពន្ធអត់បាន ដុតផ្ទះឆេះអស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក។

បុរសជាប្តី មានឈ្មោះស៊ិន នុយ អាយុ៣១ឆ្នាំ មុខរបរកម្មករ។ ប្រពន្ធឈ្មោះកែវ ឡុក អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធខាងលើនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះគ្មានសល់ មានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ សង់ពីឈើ ជញ្ចាំងស្លឹក ដំបូលស័ង្កសី កំពស់ពីដី៥ម៉ែត្រ (ឆេះអស់ទាំងស្រុង)។

តាមការអះអាងពីស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានធ្វើឱ្យផ្ទះរបស់នាងត្រូវភ្លើងឆេះអស់គ្មានសល់ គិតជាទឹកប្រាក់ប្រហែលប្រាំលានរៀល និងធ្វើឱ្យខូចខាតខូចឯកសារសំបុត្រកំណើតកូន និងម្តាយ ប្តី ព្រមទាំងសៀវភៅគ្រួសារផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជាប្តី ស្រាប់តែបុរសនោះហាក់ស្វាងស្រាចែស ដោយគិតតែពីអង្គុយយំ ធ្វើឱ្យប្រពន្ធមានចិត្តអាណិតអាសូរ ក៏អង្វរសមត្ថកិច្ច គ្រាន់តែធ្វើការអប់រំប្តីនេះបានហើយ មិនចង់ឱ្យប្តីជាប់គុកច្រវាក់នោះឡើយ។ យ៉ាងណាក្តី មកដល់ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនបុរសជាប្តីរូបនោះ តាមបញ្ជាលោកកើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ លុះដល់រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ លោកស្រី គឹម សុគន្ធា ចៅក្រមសាលាដំបងខេត្តសៀមរាបបានបញ្ជាឱ្យឃុំខ្លួនជនបង្កខាងលើ ពីបទហិង្សាប្រព្រឹត្តិដោយសហព័ន្ធ ឬអនីតិសង្វាសជន៕

RELATED ARTICLES