ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានដើរទៅកាន់លើកអំពូលភ្លើងនៅក្រោមផ្ទះ ទាំងដៃកំពុងតែមានសំណើមនៅឡើយ ទើបធ្វើឱ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចខាងក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍ម្រះ ឃុំចក ស្រុកបរិបូរណ៍។
បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះផាន់ ប៊ុនធឿន អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ទើបនឹងលាងដៃរួច នៅសើមនៅឡើយ ក៏ដើរទៅកាន់លើកអំពូលភ្លើងដែលកំពុងបើកបំភ្លឺនៅខាងក្រោមផ្ទះ ស្រាប់តែមិនដឹងជាយ៉ាងម៉េច ក៏ឆ្លងចរន្តឆក់ជនរងគ្រោះ បណ្តាលឱ្យដេកដួលទៅលើដី ស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។
ប្រភពដដែលបន្តថា នៅពេលកើតហេតុភ្លាមៗនោះ ក្រុមគ្រួសារបានស្ទុះទៅជួយលើកជនរងគ្រោះ ដើម្បីជួយសង្គ្រោះបឋមដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង៕