ខេត្តត្បូងឃ្មុំ៖ ករណីលួចដុតបំផ្លាញផ្ទះអ្នកភូមិនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិស្ពាន ឃុំដារ ស្រុកមេមត់។
ជនសង្ស័យដែលលួចដុតផ្ទះរបស់គេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ន់ ហ៊ុយ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិំឃុកើតហេតុខាងលើ។ ចំណែកម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះសំ ពែក ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខណៈដែល ម្ចាស់ផ្ទះកំពុងដេកលង់លក់នៅលើផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះហ៊ន់ ហ៊ុយ បានលបទៅធ្វើសកម្មភាពលួចដុតផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យ ឆេះយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យជនរងគ្រោះជាម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនទាន់ បីកូនជញ្ជូនចេញមកក្រៅទាន់ពេលវេលា ពុំនោះទេច្បាស់ជាអស់ជីវិត នៅក្នុងភ្នក់ភ្លើងមិនខាន។
ប្រភភពដដែលបន្តថា បន្ទាប់ពីស្ទុះរត់ចេញពីភ្លើងបានរួចរស់ជីវិតហើយ ជនរងគ្រោះជាម្ចាស់ផ្ទះ បានព្យាយាមស្រែកឆោឡោហៅអ្នក ភូមិឱ្យជួយពន្លត់ភ្លើងដែលកំពុងឆេះផ្ទះរបស់ខ្លួនដែរ តែដោយសារអំណាចភ្លើងកំពុងឆេះពេញបន្ទុកទៅហើយ ទើបមិនអាចពន្លត់បានឡើយ ទីបំផុត ផ្ទះ១ខ្នង ត្រូវបានភ្លើងឆេះខ្ទេចអស់គ្មានសល់។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ន់ ហ៊ុយ បញ្ជូនមកអធិការ ដ្ឋាននគរបាលស្រុកមមត់ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ផ្តន្ទាទោសតាមច្បាប់។
ជុំវិញករណីខាងលើនេះ អ្នកភូមិខាងលើ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនសង្ស័យឈ្មោះហ៊ន់ ហ៊ុយ សព្វថ្ងៃរស់នៅជាមួយម្តាយជាស្ត្រី មេម៉ាយ មានជីវភាពទីទ័លក្រខ្លាំងណាស់ ហើយជនសង្ស័យបានកើតមានជំងឺប្រសៃប្រសាទប្រចាំកាយទៀត ដោយម្តងឆ្កួតម្តងជា ហើយកន្លងមក ជនសង្ស័យរូបនេះ ធ្លាប់បានវាយប្រអប់នាឡិកាស្ទង់កុងទ័រភ្លើងរបស់អ្នកភូមិ បណ្តាលឱ្យបែកធ្លាក់ ធ្លាប់វាយកញ្ចក់រថយន្តរបស់គេ ធ្លាប់យកសំបក កង់រថយន្ត និងថឡេថងរបស់អ្នកភូមិដុតឆេះផ្អើលភូមិទៀតផង។ ចំណែកស្ត្រីជាម្តាយ ជនសង្ស័យវិញ ហេតុតែអាណិតកូន ទើបរាល់ពេល ដែលកូនប្រុសរូបនេះ ដើរវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គាត់ជាម្តាយតែងតែលក់របស់របរដែលខ្លួនមានសងគេតាមលទ្ធភាព៕