Sunday, January 19, 2025
Homeព័ត៌មានជាតិឆបោកគេរួច គេចខ្លួនជិត១៤ឆ្នាំ វិលវិញជាប់ខ្នោះ

ឆបោកគេរួច គេចខ្លួនជិត១៤ឆ្នាំ វិលវិញជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកគេ រួចក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេលជិត១៤ឆ្នាំ ទើបលបវិលត្រឡប់ចូលស្រុកវិញ ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចជំនាញប្រទះឃើញ ធ្វើការឃាត់ខ្លួន តាមអំណាចដីកាសាលាដំបូងខេត្តកំពង់ស្ពឺ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចឃុំត្រពាំងគង ស្រុកសំរោងទង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា មានឈ្មោះឈុន យ៉ែម ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំង គង ស្រុកសំរោងទង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៥៧ ដច ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ របស់លោកយ៉ាន សុភាព ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បង្គាប់ឱ្យនាំខ្លួន ជនត្រូវចោទឈ្មោះឈុន យ៉ែម ជាប់ចោទ ពីបទ រំលោភទំនុកចិត្ត ប្រព្រឹត្តនៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០០៥។

ប្រភពដដែលបន្តថា ក្រោយពីប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តហើយ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់មិនដឹងជាសម្ងំរស់នៅទីណា រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES