Tuesday, April 30, 2024
Homeព័ត៌មានជាតិប្រុសបញ្ចេញសារទឹកភ្នែក ស្រីស្នេហ៍បែកគ្មានថ្ងៃត្រឡប់

ប្រុសបញ្ចេញសារទឹកភ្នែក ស្រីស្នេហ៍បែកគ្មានថ្ងៃត្រឡប់

ខេត្តកណ្តាល៖ គូស្នេហ៍វ័យក្មេងមួយគូនេះ កំពុងស្រលាញ់គ្នាស្អិតល្មួតចាក់ទឹកមិនលិច ស្រាប់តែត្រូវកម្មកាចតាមមកពង្រាត់ បំបែកខាងស្រីចេញទៅបាត់ដោយគ្មានថ្ងៃវិលត្រឡប់ (ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកស្លាប់) ជាហេតុធ្វើឱ្យខាងប្រុសនឹកស្តាយស្រណោះ មិនអស់ចិត្ត បញ្ចេញសារទុក្ខសោកបង្ហាញពីការឈឺចាប់ ត្បិតព្រាត់មនុស្សជាទីស្រលាញ់ត្រឹមមួយួប៉ព្រិចភ្នែក។

យុវជនដែលត្រូវនារីជាគូស្នេហ៍ព្រាត់និរាសចេញទៅដោយគ្មានថ្ងៃត្រឡប់ ទាំងមិនទាន់អស់ចិត្តស្រលាញ់ មានឈ្មោះរី សារឹម និងមានគណនីហ្វេសប៊ុកឈ្មោះ Sarim Ry។

ចំណែកនារីរងគ្រោះជាគូស្នេហ៍ មានឈ្មោះ ឈ្មោះអ៊ឹម សុទិតា អាយុ១៨ឆ្នាំ មុខរបរជាសិស្សរៀន នៅវិទ្យាល័យទេពប្រណម្យ មានលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកស្លាប់) កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sarim Ry ដែលជាគូស្នេហ៍នារីរងគ្រោះខាងលើ បានបង្ហោះសារទុក្ខសោកមួយ កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ថា “វាហាក់បីដូចជាលឿនពេកមែន បងស្ទើរតែមិនជឿថា វាជាការពិតទេ? តែបើអូនហត់ហើយ អូនសម្រាកចុះណាអូនសម្លាញ់ ព្រោះអូនហត់ពេកហើយ? បងដឹង បងអត់បន្ទោសអូនទេ។ អូនទៅឱ្យបានសុខ កុំមានចិត្តអាលោះអាល័យអ្វីឱ្យសោះណាអូនសម្លាញ់។ បើមានជាតិមុខ សូមឱ្យអូនជួបតែរឿងល្អក្នុងជីវិត ដូចអំពើល្អរបស់អូនណា។ បងពិតជាមានសំណាងណាស់ ដែលបានស្គាល់អូន។ អូនជាមនុស្សល្អ បំផុតសម្រាប់បង។ បងនឹងចងចាំការស្រលាញ់មួយនេះទុកក្នុងបេះដូងបងជានិច្ច។ បងមិនអាចធ្វើអ្វីបាន ក្រៅពីសម្លឹងមើលរូបថត ហើយនឹកអាល័យចំពោះរូបអូន បងពិតជាសោកស្តាយអូនខ្លាំងណាស់ តែអូនកុំបារម្ភពីបងអីណា បងអត់អីទេ បងសប្បាយចិត្តវិញទេ ដែលអូនទៅបានសុខ នោះ ទៅឱ្យបានសុខណាអូនសម្លាញ់ លាហើយ លារហូតហើយ…”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បន្តថា “អូនទៅចោលបងហើយ ទៅរហូតហើយសូមអូនទៅឱ្យបានសុខ…”។
ដោយឡែក មិត្តភក្តិរបស់នារីរងគ្រោះខាងលើ ដែលមានគណនីឈ្មោះ JEe Mêy បានបង្ហោះសារមួយផងដែរថា“ ស្អែកក្រោកឡើង ហើយទៅរៀនហា៎ ប្រយ័ត្នដេកយូរពេក ទៅរៀនអត់ទាន់…”។

ជាមួយនេះ ម្ចាស់គណនី JEe Mêy ក៏បានបញ្ជាក់ថា “ក្នុងនាមខ្ញុំជាមិត្តភក្តិរួមថ្នាក់សព អ៊ឹម សុទិតា ជាសិស្សនៃវិទ្យាល័យទេពប្រណម្យ ខ្ញុំសូមជំនួសមុខឱ្យគ្រួសារសព សូមគោរពអញ្ជើញដល់អ្នកដែលបានស្គាល់គាត់ទាំងអស់ថា សពហែរនៅថ្ងៃស្អែក ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល ហើយបូជានៅវេលាម៉ោង៧យប់ សូមគោរពចូលរួមទាំងអស់គ្នា…”។

គួរបញ្ជាក់ថា យុវតីអភ័ព្វឈ្មោះអ៊ឹម សុទិតា បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុករះម៉ូតូ២គ្រឿង) កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ។

រថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខ តាកែវ 2A-1790 បើកបរដោយជនពុំស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

ចំណែកភាគីខាងម៉ូតូមាន២គ្រឿង រួមមាន ទី១-ម៉ូតូហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល 1Q-8710 បើកបរដោយនារីវ័យក្មេងឈ្មោះអ៊ឹម សុទិតា អាយុ១៨ឆ្នាំ មុខរបរជាសិស្សរៀន នៅវិទ្យាល័យទេពប្រណម្យ មានលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ (របួសធ្ងន់ត្រង់ក្បាល និងស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ) និងទី២-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-5950 បើកបរដោយក្មេងស្រីវ័យជំទង់ម្នាក់ឈ្មោះហេង លីណា អាយុ១៣ឆ្នាំ មុខរបរសិស្សសាលា មានលំនៅក្នុងភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ (រងរបួសស្រាល)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរបោះពួយ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើ បានរេចង្កូតជ្រុលទៅបុកម៉ូតូទាំង២គ្រឿង ខាងលើយ៉ាងពេញទំហឹង បណ្តាលឱ្យនារីរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកស្កុបពី ទទួលរងរបួសធ្ងន់ត្រង់ក្បាល ឬក្មេងស្រីជំទង់ ជាអ្នកបើកបរម៉ូតូ ហុងដាឌ្រីម រងរបួសស្រាល ចំណែកអ្នកបើករថយន្តបានទុករថយន្តរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ នារីរងគ្រោះឈ្មោះអ៊ឹម សុទិតា ដែលទទួលរងរបួសយ៉ាងធ្ងន់ត្រង់ក្បាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបាន ទើបនារីរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យក្រុមគ្រួសារយំសោកបោកខ្លួន ស្តាយស្រណោះអាយុជីវិតនារីរងគ្រោះយ៉ាងខ្លាំង៕

RELATED ARTICLES