ភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនដឺរ ពាក់ ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង បើកបរ បោះពួយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុក រថយន្តទំនើបឡង់គ្រីសឺរ ហើយបានរេចង្កូតទៅបុករថយន្តទំនើប Bentleybentayga SUV បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ដែលករណីនេះបានកើតឡើងនៅមុខហាង B1&B2 Salon ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីម៉ោង៣ និង៤០នាទី នៅ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកហាយឡែនដឺរ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 02-7749 បើកបរដោយបុរសម្នាក់ ពីកើតមកលិច ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ បានបើកគេចម៉ូតូ និងម៉ូតូរ៉ឺម៉កកង់បី ក៏បានរេចង្កូតទៅបុករះរថយន្តស៊េរីទំនើប ឡង់គ្រីសឺរ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AV-9886 បានចតទុកចោលនៅចិញ្ចើមផ្លូវ។
បន្ទាប់មករថយន្តបង្កក៏រេចង្កូតបុករថយន្តស៊េរីទំនើប Bentleybentayga SUV ពាក់ស្លាកលេខ 2BH-2727 បណ្តាលឱ្យរងការខូចខាត រថយន្តទាំងសងខាងបានភ្ជាប់ទល់មុខគ្នា រងការខូចខាតយ៉ាងដំណំ នៅនឹងកន្លែងកើតហេតុតែម្តង។
ប្រភពបន្តថា ក្រោយកើតហេតុ ភាគីរថយន្តស៊េរីទំនើប Bentleybentayga SUV មិនចង់មានរឿងវែងឆ្ងាយ បានបើកចេញពីកន្លែងកើតហេតុ មិនទាមទារសំណងអ្វីឡើយ ដោយសុខចិត្តយករថយន្តទៅជួសជុលដោយខ្លួនឯង ហើយនៅសល់តែរថយន្តទាំងពីរដោះស្រាយគ្នានៅនឹងទីតាំងកន្លែងកើតហេតុ ដោយភាគីខាងបង្ក បានសងសំណងទៅលើរថយន្តឡង់គ្រីស័រ ចំនួន១ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ហើយក៏នាំគ្នាបើកចាកចេញអស់ទៅ ដោយមិនចាំបាច់មានកម្លាំងសមត្ថកិច្ចមកធ្វើការវាស់វែងយកទៅដោះស្រាយឡើយ។
មហាជនដែលឃើញហេតុការណ៍នេះ បាននិយាយទាំងអារម្មណ៍ហួសចិត្តថា ឡានចតចោលនៅចិញ្ចើមផ្លូវសោះ ត្រូវរថយន្តផ្សេងមកបុក ក៏ទទួលបានសំណងដែរ។ ខណៈដែលពួកគាត់បានរិះគន់ទៅលើអាជ្ញាធរថា គ្មានចំណាត់ការអ្វីឲ្យមុឺងម៉ាត់នោះទេ បណ្តោយឲ្យឡានទំនើបៗទាំងនោះចតគ្មានសណ្តាប់ធ្នាប់ បណ្តាលឲ្យកកស្ទះដល់ប្រជាជនដែលកំពុងធ្វើដំណើរតាមដងផ្លូវ៕