Wednesday, November 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ចំណាយច្រើនដល់ម្លុឹងផង ពេលប្អូនស្រីឈឺជិត៤ឆ្នាំ

ខេមរៈ សិរីមន្ត ចំណាយច្រើនដល់ម្លុឹងផង ពេលប្អូនស្រីឈឺជិត៤ឆ្នាំ

ភ្នំពេញ ៖ បន្ទាប់ពីពិធីបុណ្យសព កញ្ញាខេមរៈ ស្រីពៅ បានបញ្ចប់ទៅទាំងស្រុង ក្រោមអារម្មណ៍ក្តុកក្តួល អួលអាក់ ស្តាយស្រណោះជាពន់ពេក ពីសំណាក់សាច់ញាតិក្រុមគ្រួសារ ក៏ដូចជាមហាជនអ្នកគាំទ្ររួចមក នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ តារាចម្រៀងខេមរៈ សិរីមន្ត ដែលជាបងប្រុសបង្កើត កញ្ញាខេមរៈ ស្រីពៅ បានសម្រេចចិត្តចេញមុខធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបកស្រាយពីស្ថានភាពជំងឺរបស់ប្អូនស្រី ខេមរៈ ស្រីពៅ ដែលត្រូវសម្រាកក្នុងមន្ទីរពេទ្យរហូតដល់ទៅ៤ឆ្នាំ តែចុងក្រោយមិនត្រឹមតែមិនអាចបានជាសះស្បើយដូចដើមនោះទេ បែរជសង្គ្រោះជីវិតមិនបានទៀតផង។

តារាចម្រៀងខេមរៈ សិរីមន្ត បានអះអាងថា មូលហេតុដែលប្អូនស្រីរបស់លោកបាត់បង់ជីវិត គឺបណ្តាលមកពីការប្រើប្រាស់ថ្នាំខុស ខណៈដែលវេជ្ជបណ្ឌិតធ្វើិរោគវិនិច្ឆ័យអ្នកជំងឺ (ប្អូនស្រី) មិនត្រឹមត្រូវ ជាហេតុធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ត្រូវចេញទៅព្យាបាលឆ្លងប្រទេស និងចំណាយប្រាក់អស់ជាច្រើនសន្ធឹកសន្ធាប់ ក្នុង១ខែ ចាប់ពី៦ពាន់ រហូតដល់១ម៉ឺនដុល្លារ ក៏នៅតែមិនអាចស្រោចស្រង់ជីវិតបានទៀត។

តាមរយៈសន្និសីទសារព័ត៌មាន រយៈពេលជាង៥០នាទី លោកខេមរៈ សិរីមន្ត បានរៀបរាប់ទាំងស្រុងថា “ក្នុងថ្ងៃនេះ ខ្ញុំបានសន្យាជាមួយក្រុមអ្នកសារព័ត៌មាន នឹងផ្តល់ជូននូវព័ត៌មានដែលបងប្អូនចង់ដឹង រយៈកាល៤ឆ្នាំកន្លងមកហើយ ហើយការផ្តល់ជូននៅក្នុងថ្ងៃនេះ គឺជាប្រយោជន៍សម្រាប់បងប្អូនពូមីង ដែលតាមដានពាក់ព័ន្ធបញ្ហាសុខភាពផងដែរ នៅក្នុងពេលនេះ ខ្ញុំសូមលើកយកចំណុច៣ធំៗ ដែលយើងធ្វើការផ្តល់បទសម្ភាសន៍នេះ បានប្រយោជន៍ទៅលើអ្វីខ្លះ ដែលជាផលចំណេញរបស់យើង គឺទី១-ខ្ញុំបាទផ្ទាល់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយនឹងក្រសួងសុខាភិបាល ប្រយុទ្ធប្រឆាំងជាមួយហ្នឹងឱសថក្លែងក្លាយ ទី២-យើងចង់បញ្ជ្រាបសារពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំពេទ្យ ដែលនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ទី៣-យើងចង់អំពាវនាវ ទទូចអង្វរដល់បណ្តាដុកទ័រ និងអ្នកលក់ថ្នាំនៅតាមគ្លីនិកផ្សេងៗ សូមមេត្តាវិនិច្ឆ័យរកជំងឺឱ្យបានច្បាស់លាស់ កុំឱ្យមានការថ្លោះធ្លោយ នាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ ជាក់ស្តែងករណីប្អូនស្រីខ្ញុំដែលបាត់បង់ជីវិតនេះ មិនមែនជារឿងធម្មតា ហើយក៏មិនមែនជារឿងថ្មីៗដែរ គឺផ្តើមឡើងកាលពី៤ឆ្នាំមុន កាលពី៤ឆ្នាំមុនខ្ញុំចាំបាននៅក្នុងខែ៧ ឆ្នាំ២០១៥ កាលណោះប្អូនស្រីខ្ញុំ ម៉ោង២យប់ គាត់ថប់ដង្ហើម ដកដង្ហើមមិនរួច គាំងបេះដូង នៅក្នុងពេលវេលាហ្នុង គឺខ្ញុំជូនគាត់ទៅកាល់ម៉ែតទាំងយប់ យើងនិយាយពីហេតុអីបានជាគាត់គាំងបេះដូង? ប្អូនខ្ញុំគឺមានសុខភាពល្អ គឺកាយសម្បទាល្អធម្មតា ហាត់រាំច្រៀងអីធម្មតា ប៉ុន្តែនៅពេលវេលាមួយ កាលពីខែ៥ ខែ៦ គាត់រាំទៅភ្លាត់ស្នៀតក៏គ្រេចកជើង ហើយក៏កើតជាកន្ទួលក្រហមៗ ដូចមូសខាំនៅតាមកជើង និងថែមទាំងហើមកជើងទៀតផង លុះគាត់សម្រាក២-៣ថ្ងៃទៅ ក៏បាត់ទៅវិញទៅ បន្ទាប់មកមានការហាត់សមរាំ ចេញសម្តែងទៀត គាត់មានអាការហើមកជើងដដែល២-៣ដង ២-៣លើក គាត់ក៏សម្រេចចិត្តទៅរកការព្យាបាលពីពេទ្យសរសៃ ឬពេទ្យណាដែលពាក់ព័ន្ធនឹងកជើងរបស់គាត់ ក៏មានការណែនាំពីបងស្រីធំរបស់ខ្ញុំ ឱ្យទៅរកពេទ្យសរសៃពូកែនៅផ្សារតាប៉ាង ទើបគាត់សប្បាយចិត្តចង់ទៅព្យាបាលឱ្យបានជាឡើងវិញ ព្រោះគាត់ត្រូវមានកម្មវិធីនៅតាមខេត្ត ពេលនោះគាត់ស្ទុះទៅគេឱ្យទៅពិនិត្យឈាម ដើម្បីរុករកជំងឺ ហើយដុកទ័រហ្នឹង គាត់សង្ស័យថា ប្អូនស្រីខ្ញុំមានជំងឺសន្លាក់ ហើយទៅឱ្យពិនិត្យឈាមនៅឡាបូធំជាងគេ គេថា អត់មានសន្លាក់អីទេ ក៏ត្រឡប់មកវិញ តែមិនដឹងជាយ៉ាងម៉េច ដុកទ័រនោះគាត់មើលចុះមើលឡើង ក៏ថា ប្រហែលជាកើតសន្លាក់ដំណាំក់កាលដំបូង ចឹងគាត់ក៏ផ្សំថ្នាំ១កញ្ចប់ (ថ្នាំពេទ្យ) រួចប្រាប់ប្អូនស្រីខ្ញុំថា ឱ្យប្រឹងលេប១អាទិត្យជាហើយ បន្ទាប់មកប្អូនស្រីខ្ញុំគាត់ចង់ជា ព្រោះមានកម្មវិធីច្រើន ដល់កាលណាមានហើមកជើង និងកន្ទួលក្រហមចឹង គាត់បារម្ភថា ធ្វើការមិនបានល្អ អាចពិបាកក្នុងការធ្វើការ ដល់ចឹងគាត់ទ្រាំលេបបាន១ថ្ងៃ មានអារម្មណ៍ថាថប់ដង្ហើម ដកដង្ហើមអត់រួចទេ ពេលហ្នឹងគាត់អត់ប្រាប់អ្នកណាទាំងអស់ ព្រោះគាត់ចង់ជា ហើយគាត់ក៏ទ្រាំលេបថ្នាំហ្នឹង១ថ្ងៃទៀត ពេលហ្នឹងហើយដែលគាត់ គឺគាំងបេះដូងពេលហ្នឹងតែម្តង គឺថប់ដង្ហើមគាំងបេះដូងភ្លាមៗ ម៉ោង១ ម៉ោង២យប់ហ្នឹង បងប្អូនផ្អើលឈូរឆ យកគាត់ទៅកាល់ម៉ែតភ្លាម យើងកាន់ថ្នាំដែលគាត់លេបទៅដែរកាលហ្នឹង ដល់ព្រឹកឡើងបានគ្រូពេទ្យជំនាញនៅកាល់ម៉ែត គាត់មកដល់ គាត់ជួយខ្នះខ្នែងមើលស្ថានភាពប្អូនស្រីខ្ញុំ ដល់គាត់យកថ្នាំមកមើល ហើយគាត់មើលស្ថានភាពជំងឺ គាត់បានប្រាប់ថា ប្អូនស្រីខ្ញុំសង្វាក់បេះដូងគឺខ្សោយមែនទែន គឺប៊ិះហ្នឹងស្លាប់ទៅហើយ ទឹកវិញគឺចូលសួតអស់ហើយ ក្រលៀនរលាកកម្រិតធ្ងន់ហើយ ក្រពះក៏រលាក បំពង់កក៏រលាក គាត់សួរថា ទៅធ្វើអី បានជាមនុស្សនៅវ័យប៉ុណ្ណឹង ក្មេងប៉ុណ្ណឹង ហេតុអីបានគ្រឿងក្នុងគាត់ត្រូវបានខ្ទេចក្នុងរយៈពេលដ៏ខ្លី យើងក៏បង្ហាញថ្នាំហ្នឹងឱ្យគាត់មើល គាត់ក៏ថា ថ្នាំហ្នឹងគឺថ្នាំសន្លាក់ ថ្នាំហ្នឹងគឺគ្រោះថ្នាក់បំផុតសម្រាប់សុខភាព គឺវ៉ៃកំទេចគ្រឿងក្នុង បើសិនជាវិនិច្ឆ័យមិនត្រូវ ទីបំផុត គ្រឿងក្នុងគាត់ត្រូវបាន ខ្ទេចខ្ទីអស់ហើយ រយៈពេលហ្នឹង គឺក្រុមគ្រួសារខ្ញុំ ឪពុកម្តាយខ្ញុំ មានការឆួលអារម្មណ៍ មិនគួរណាមានរឿងហ្នឹង កើតឡើងចំពោះប្អូនស្រីខ្ញុំសោះ រយៈពេលតែ២ថ្ងៃ ពីមនុស្សដែលមានកម្លាំងកំហែង អាចធ្វើការ សម្តែងបាន គ្រាន់តែហើមកជើងតិចតួច …”៕

(ព័ត៌មានលម្អិត សូមអានកាសែត “នគរធំ”)

RELATED ARTICLES