ភ្នំពេញ៖ បុរសម្នាក់ឃើញមិត្តភក្តិយកលុយដុល្លារក្លែងក្លាយទៅទិញស្រាបៀរបានម្តងហើយ កើតចិត្ដចង់បានដែរ ក៏ទៅទិញបន្លំទៀត ត្រូវអ្នកលក់ដឹងទាន់រត់ចោលម៉ូតូមួយគ្រឿង នៅមុខផ្ទះលក់ចាបហួយក្នុងបុរីប៊ុនហ៊ួរ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៨ ខែកក្កដា ។
ជនរងគ្រោះមានឈ្មោះ ខូវ ហៀង ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ចាប់ហួយ មានទីលំនៅនៅភូមិកើតហេតុខាងលើ ។ ជនសង្ស័យអាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង1F.6682។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី7 ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា មកិទិញស្រាបៀរអាន់ឆ័រ ចំនួន1កេះក្នុងតំលៃ12$ ដោយយកលុយក្រដាស100ដុល្លារដែលជាលុយក្លែងក្លាយមកទិញ តែរូបគាត់មិនបានពិនិត្យត្រឹមត្រូវទេ ក៏បានអាប់ទៅវិញចំនួន88ដុល្លារ ទាល់តែបុរសរូបនោះចេញទៅបាត់ទើបដឹងថាលុយក្លែងក្លាយ ។
ប្រភពដដែលបានបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់ទៀត មកទិញស្រាបៀរអាន់ឆ័រមួយកេះនិងយកលុយក្រដាស១០០ដុល្លារមកទិញដូចគ្នាទៀត ធ្វើឲ្យគាត់ចាប់អារម្មណ៍លើលុយទិញក្រោយដឹងថាជាលុយក្លែងក្លាយ គាត់ក៏បាននិយាយថា ថ្ងៃមុនយកលុយក្លែងក្លាយមកទិញគាត់ម្តងរួចមកហើយ តែជនសង្ស័យរូបនោះ បានឆ្លើយថាមិត្តភ័ក្ដិប្រើអោយមកទិញទេ ។ ពេលនោះអ្នកលក់ប្រាប់ឲ្យយកលុយមកសងវិញ ដោយអ្នកលក់ឃាត់ម៉ូតូទុកម៉ូតូសិន រង់ចាំបានលុយសងទើបប្រគល់អោយវិញ ស្រាប់តែជនសង្ស័យចេញទៅបាត់រហូតមិនឃើញត្រឡប់មកសោះ។
ក្រោយពេលកើតហេតុជនរងគ្រោះបានយកម៉ូតូរបស់ជនសង្ស័យ និងលុយដុល្លារក្លែងក្លាយ ក្រដាស១០០ដុល្លារ ចំនួន២សន្លឹក ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ៕
ថោង ធីម