គង់ សុជាតិ ទើបតែហោះមកពីសាំងហ្គាពួរ ជាមួយប្តីក្មេងជា វិបុល មកដល់ស្រុកវិញ កាលពីពេលថ្មីៗនេះ ហើយប្តីប្រពន្ធល្បីឈ្មោះក្នុងសិល្បៈរូបនេះ មានទឹកមុខសប្បាយរីករាយជាខ្លាំង ព្រោះតែទើបឱ្យគ្រូពេទ្យពិនិត្យផ្ទៃពោះសុជាតិ ឃើញលទ្ធផលថា អ្នកនាងកំពុងពពោះកូនស្រី ដែលមានអាយុ៦ខែទៅហើយ។ នេះជាកាដូមួយ ដែលក្រុមគ្រួសារអ្នកសិល្បៈនេះ បញ្ជាក់ថា មិនអាចកាត់ថ្លៃបានឡើយ សម្រាប់ចំណងដៃអាពាហ៍ពិពាហ៍ជិត៣ឆ្នាំនេះ ហើយទីបំផុត គឺសម្រេចដូចក្តីបំណងមែន គឺបានកូនដូចចិត្តប៉ង។
ក្នុងជំនួបជាមួយគង់ សុជាតិ តាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ទាំងអារម្មណ៍រីករាយថា “ខ្ញុំ និងប្តី ប៉ាម៉ាក់ទាំងសងខាង ពួកគាត់អបអរសាទរពេលដែលដឹងថា ខ្ញុំបានកូនស្រី ដែលទើបពិនិត្យកាលពីពេលថ្មីៗនេះ”។
សុជាតិ បន្ថែមថា “សម្រាប់ខ្ញុំធ្លាប់មានកូនប្រុសស្រីហើយ អីចឹងកូនលើកនេះ ប្រុសក៏បាន ស្រីក៏បានដែរ ពេលទៅពិនិត្យអេកូទៅឃើញ កូនស្រីក៏រីករាយដែរ។ និយាយទៅ ហ្នឹងជាកាដូអាពាហ៍ពិពាហ៍ខ្ញុំនិងប្តី ហើយតាមចិត្តខ្ញុំគឺថា ចង់បាន១ទៀត តែប្តីថា ១ហ្នឹងបានហើយ អីចឹង មិនដឹងជាធ្វើម៉េចទេ ប្រហែលជាបានតែមួយហ្នឹងទេ មើលទៅ… (សើច)។ ឥឡូវកូនក្នុងពោះខ្ញុំ៦ខែហើយ ដែលអាចសម្រាលនៅចុងខែធ្នូ ឆ្នាំ ២០១៦ ឬដើមខែមករា ឆ្នាំ២០១៧។ ថ្មីៗនេះដែរ ខ្ញុំទើបតែត្រឡប់មកពីដើរកម្សាន្តជាមួយស្វាមីនៅសាំងហ្គាពួរ ៥ថ្ងៃ តាមការអញ្ជើញ របស់ក្រុមហ៊ុនទឹកដោះគោ នូទ្រី ម៉ាម (Nutri Mum) ដែលគេឱ្យ យើងទៅមើលរោងចក្រគេនៅហ្នុង ព្រោះខ្ញុំថតស្ពតឱ្យគាត់ ដែលមានការកុងត្រា១ឆ្នាំ ជាមួយគ្នាផង វាជាទឹកដោះគោដែលបំប៉នសុខភាព ម្តាយនិងទារក ពេលយើងមានទម្ងន់នេះ ហើយខ្ញុំញ៉ាំវារាល់ថ្ងៃ”។
គង់ សុជាតិ-ជា វិបុល បានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយរយៈពេលជិត៣ឆ្នាំ នៃជីវិតប្តីប្រពន្ធ នេះ អ្នកទាំង២ បានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលមិនដែលមានភាពល្អក់កករអ្វីឡើយ។ ប៉ុន្តែទម្រាំតែបានពពោះកូនដំបូងឱ្យប្តីក្មេង ជា វិបុល នេះ អ្នកនាងសុជាតិ និងប្តី បានស្វែងរក គ្រូពេទ្យជាច្រើនប្រទេសមកហើយ ព្រោះតែភ័យអត់កូនប្រើ តែនៅទីបំផុតការតស៊ូបានសម្រេច មែន ដោយពេលនេះ សុជាតិ បានកូនដូចបំណងហើយ នៅខែតុលានេះ អ្នកនាងបានផ្អាកការងារ សិល្បៈបណ្តើរហើយ ដើម្បីថែរក្សាគភ៌ឱ្យមានសុខភាពល្អ។ ថ្វីត្បិតតែការពពោះរបស់សុជាតិ នេះ ហាក់ដូចជាការចងជើងប្តីក្មេងវិបុល កុំឱ្យងាករេចិត្តរកស្រីក្មេងក្តី តែតាមព័ត៌មានថា អ្នកនាង សុជាតិ ក៏ខ្វាយខ្វល់ចិត្តខ្លះដែរ ព្រោះអំឡុងពេលដែលអ្នកនាងមានផ្ទៃពោះរីកកាន់តែធំនេះ មិនអាចចុះទៅតាមប្តីដែលទៅធ្វើជាពិធីករនៅខេត្តឆ្ងាយៗបានដូចមុនទេ ហើយពេលខ្លះ លោកវិបុល ជាប់រវល់ការងារច្រើនពេកនៅខេត្ត រហូតដាច់យប់ ព្រឹកឡើងទើបចូលផ្ទះ ក៏មានដែរ ដែលធ្វើឱ្យសុជាតិ មិនសូវសប្បាយចិត្ត ព្រោះតែខ្លាចប្តីក្មេងមានស្រីក្រៅផ្ទះ ពេល អ្នកនាងពោះធំនេះ។
គង់ សុជាតិ និយាយមិនបង្អង់ថា “ប្តីខ្ញុំរវល់ច្រើនមែន ពេលខ្លះម៉ោង១-២ បានដល់ផ្ទះ ក៏មាន គាត់ជាប់ការងារគាត់នៅខេត្ត តែប្តីប្រពន្ធខ្ញុំមានទំនុកចិត្តគ្នាណាស់ មិនដែលគិតថា ខ្លាចគាត់ក្បត់ចិត្តអំពីយើងអ៊ីចឹងទេ។ កាលខ្ញុំមិនទាន់មានផ្ទៃពោះ ពេលប្តីខ្ញុំធ្វើពិធីករការប្រគំតន្ត្រី នៅខេត្តណា ដែលអាចដើរលេងបានដូចជានៅសៀមរាប កំពង់សោម កំពត កោះកុងអីហ្នឹង ខ្ញុំចេះតែដើរទៅលេងជាមួយគាត់ទៅ តែបើធម្មតា ខ្ញុំមិនដើរតាមគ្រប់ជំហាន ខ្លាចប្តីមានស្រីក្រៅ អី គឺអត់ទេ ព្រោះខ្ញុំក៏រវល់ដែរ ហើយយើងទុកចិត្តគ្នាណាស់។ ពេលនេះការងារសិល្បៈ ខ្ញុំបាន សម្រាកខ្លះៗហើយ ដូចជានៅ MyTV អីបានថតទុកច្រើន ហើយ គ្រាន់តែថតសម្រាប់វគ្គថ្មីអី យើងមិនបានថត ក៏មាន ដែរ ព្រោះពោះកាន់តែធំដែរ។ សម្រាប់ការសម្រាល កូនស្រីនេះ ខ្ញុំបានសម្រេចចិត្តហើយ គឺនឹងជ្រើសរើស ពេទ្យក្នុងស្រុក មិនទៅក្រៅប្រទេសទេ ព្រោះខ្ញុំយល់ថា ពេទ្យក្នុងស្រុកក៏មានបច្ចេកវិទ្យាទំនើបៗដែរ ហើយ ខ្ញុំសូមអរគុណបងប្អូនទាំងអស់ ដែលតែងគាំទ្រ និងចង់ដឹងពីការមានកូនរបស់ខ្ញុំ ឥឡូវនេះ ខ្ញុំបានសម្រេចដូចបំណងហើយ”៕ ហ៊ឹម វិចិត្រ