Wednesday, April 24, 2024
Homeព័ត៌មានជាតិសង្ឃ​ប៊ុត ប៊ុន​តិញ ថា​អ្នក​ស្នេហា​ជាតិ​ខ្វះ​បញ្ញា​ចោទ​ព្រះ​អង្គ ជា​ខ្មាំង​បង្កប់​បក្ស​កាន់​អំ​ណាច

សង្ឃ​ប៊ុត ប៊ុន​តិញ ថា​អ្នក​ស្នេហា​ជាតិ​ខ្វះ​បញ្ញា​ចោទ​ព្រះ​អង្គ ជា​ខ្មាំង​បង្កប់​បក្ស​កាន់​អំ​ណាច

ភ្នំពេញ ៖ ព្រះតេជគុណប៊ុត ប៊ុនតិញ ប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បី យុត្តិធម៌សង្គម បានបញ្ចោញប្រតិកម្ម ឆ្លើយតប ចំពោះក្រុមអ្នកស្នេហាជាតិ ខ្វះបញ្ញាមួយចំនួន ដែលចោទប្រកាន់ព្រះអង្គថាជាខ្មាំងបង្កប់របស់ គណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច)

ព្រះតេជគុណប៊ុត ប៊ុនតិញ បានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ កាលពី ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ថា “តើភិក្ខុ ប៊ុត ប៊ុនតិញ ពិតជាខ្មាំងបង្កប់របស់គណបក្ស ប្រជាជនកម្ពុជា ដូចអ្នកស្នេហាជាតិ ខ្វះបញ្ញា ថា មែនទេ? តើមានទីផ្សារសម្រាប់ដាក់លក់ ឧត្តមគតិនិងមនសិការទេចំពោះភិក្ខុ ប៊ុត ប៊ុនតិញ? ស្នេហាជាតិខ្វះបញ្ញា ហើយថា តែមាត់ គឺមិន សូវមានន័យ និងមានប្រយោជន៍ សម្រាប់ជាតិ ទេ។ ស្នេហាជាតិប្រភេទនេះ គឺបំផ្លាញសេចក្តី ថ្លៃថ្នូរបស់ខ្លួនទៅវិញទេ”។

ជាមួយគ្នានេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក៏បានបញ្ចោញវីដេអូឃ្លីបរយៈពេល១៨នាទី និង០៧វិនាទី បង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់ ព្រះអង្គ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ បកស្រាយឆ្លើយតបចំពៅះការចោទប្រកាន់ខាងលើនេះ ដែល មានខ្លឹមសារថា “ខ្ញុំព្រះករុណា អាត្មាភាព សូម នមស្ការចំពោះព្រះករុណា ព្រះគុណម្ចាស់គ្រប់ ព្រះអង្គ ជាទីគោរពសក្ការៈ និងសូមចម្រើនពរ ញាតិញោមប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ដោយមេត្រីធម៌។ រាត្រីនេះ ខ្ញុំព្រះករុណា អាត្មាភាព សូមពិតប្រគេន និងចម្រើនពរ ព័ត៌មានខ្លះៗ អំពីជីវប្រវត្តិរបស់ខ្ញុំ ព្រះករុណា អាត្មាភាព ដែលត្រូវបានញាតិញោម ស្នេហាជាតិ មួយចំនួន ចោទប្រកាន់ថា អាត្មាជាមនុស្ស បង្កប់របស់គណបក្សប្រជាជនកម្ពុជា ហៅថា CPP ហើយញាតិញោមមួយចំនួន ក៏បានសួរ អាត្មាថា បានឡាន ៥៧០ ជិះហើយឬនៅ? ហើយទទួលបានមេដាយពីនាយករដ្ឋមន្ត្រី ហើយ ឬនៅ? អាត្មា ចម្រើនពរថា មិនទាន់បានទទួល ទេ ឡានក៏មិនទាន់បាន មេដាយក៏មិនទាន់ បានយក គេប្រុងឱ្យ ក៏ប៉ុន្តែអាត្មាមិនទាន់យក ចម្រើនពរ អាហ្នឹងនិយាយឱ្យញាតិញោម ពុទ្ធបរិស័ទស្តាប់ឱ្យធូរពោះបន្តិច ហើយអាត្មា សូម ចម្រើនពរថា ឧត្តមគតិ វាអត់មានសម្រាប់ លក់ទេ ចំពោះជីវិតអាត្មា ហើយឧត្តមគតិ ក៏ គ្មានទីផ្សារខ្ពស់ដែរ ចំពោះអាត្មា អាត្មាគ្រាន់តែ ចម្រើនពរថា អ្នកដែលអាចគេអាចទិញដូរបាន  មកពីយើងជារបស់ដែលគេអាចលក់ ហើយអ្នក ដែលគេឱ្យទ្រព្យសម្បត្តិហើយ យើងទទួល មកពីយើងត្រេកអរនិងស្រេកឃ្លាន ហើយមួយ ទៀតយើងក្រ ក៏ប៉ុន្តែអាត្មាបានអប់រំចិត្ត និង សិក្សាពីជីវិតថ្លៃថ្នូរបស់មនុស្ស មិនស្ថិតនៅលើ ការទិញដូរ និងរបស់ដែលគេឱ្យទេ គឺមនុស្ស ម្នាក់ៗមានសេចក្តីថ្លៃថ្នូរនៅត្រង់ជំហរប្រាកដប្រជា ហើយធ្វើជីវិតឱ្យមានសីលធម៌ ជាពិសេស ក្រមសីលធម៌ជីវិត ត្រូវតែមានគ្រប់ពេល មិន អាចធ្វើអ្វីៗគ្រាន់តែក្នុងគោលបំណងដោះដូរ យកសម្ភារៈណាមួយ យកមកអួតក្អេងក្អាងប្រាប់ គេប្រាប់ឯងថា ខ្លួនអស្ចារ្យ អាចលក់ដូរឧត្តមគតិ របស់ខ្លួនបាននោះទេ។ ហើយការមកចូលរួម ធ្វើកិច្ចការងារសង្គមនេះ មិនមែនទើបតែឃើញ គេធ្វើកិច្ចការតស៊ូមតិ ជេរគេជេរឯងតាមហ្វេសប៊ុក បានលុយបានកាក់ ក៏ស្ទុះមកធ្វើនោះទេ សូម ចម្រើនពរថា កិច្ចការងារសង្គមដែលអាត្មាបាន ចូលរួមបម្រើសង្គមជាតិរបស់អាត្មាដ៏កម្សត់ មួយនេះ គឺអាត្មាបានចាប់ផ្តើមតាំងពីខែ១១ ឆ្នាំ១៩៩៧ រហូតមកដល់ថ្ងៃនេះយូរហើយ ហើយអ្នកដែលបបួលអាត្មាចូលការងារសង្គម  គេបានធ្វើទេសចរណ៍នយោបាយពីបក្សមួយ ទៅបក្សមួយ ហើយពីក្រុមមួយទៅក្រុមមួយ ដោយឡែក ចំពោះអាត្មាមិនទាន់បានចូលទៅ ក្រុមណាមួយទេ គឺថាអាត្មានៅតែជាអាត្មា…”

ព្រះតេជគុណប៊ុត ប៊ុនតិញ បានបន្តថា “សូមចម្រើនពរទៅញាតិញោមមួយចំនួន ដែលបានបង្កើតហ្វេសប៊ុកវាយប្រហារអាត្មា ថា ជាមនុស្សបង្កប់របស់គណបក្សប្រជាជនកម្ពុជា ហើយធ្លាប់បានទទួលថវិកាពីលោកជាម យៀប ហើយឧបត្ថម្ភអាត្មា ឱ្យទៅរៀននៅ ស្រុកឥណ្ឌា ខ្ញុំព្រះករុណា អាត្មាភាព សូមពិត ប្រគេន និងចម្រើនពរប្រាប់ញាតិញោមពុទ្ធបរិស័ទថា តាំងពីអាត្មាតស៊ូរៀនសូត្រ តាំងពី ឆ្នាំ១៩៩១ រហូតមកដល់ឆ្នាំ២០១១ គឺគ្មាន បានបុគ្គលជាម យៀប មកឧបត្ថម្ភអាត្មាទេ អាត្មាបានឮឈ្មោះជាម យៀប ដែលល្បីខ្លាំង ជាងគេ គឺក្រោយពីបើកឡានបុកគេហើយ រត់ ចាប់ផ្តើមល្បីពីពេលនោះមក ដែលស្គាល់គាត់ ច្បាស់ ប៉ុន្តែដោយឡែកត្រង់ថា គាត់បានឧបត្ថម្ភ ទំនុកបម្រុងឱ្យអាត្មាទៅរៀននៅប្រទេសឥណ្ឌា ៨ឆ្នាំនោះ អាត្មាមិនដែលបានទទួលទេ រឿង ទី១ ហើយអ្នកដែលមានឧបការគុណចំពោះ អាត្មាក្នុងការផ្ចុងផ្តើមឱ្យអាត្មាបានទៅរៀនសូត្រនៅប្រទេសឥណ្ឌា ទី១ គឺអ្នកគ្រូពេទ្យ ដែលជាជនជាតិអូស្ត្រាលី ឈ្មោះអ្នកគ្រូពេទ្យ នីកូឡា ជែរេនិក ដែលគាត់បានអញ្ជើញមក កាន់ប្រទេសខ្មែរ នៅឆ្នាំ២០០២ នៅពេលនោះ គាត់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ធ្វើ សមាធិ១៥ថ្ងៃ ហើយអាត្មាជាអ្នកបកប្រែឱ្យ គាត់ ហើយគាត់បានធ្វើសមាធិចប់១៥ថ្ងៃ គាត់ ក៏បានសួរអាត្មាថា មានបំណងចង់ទៅសិក្សា រៀនសូត្រនៅឯណាទេ? គាត់មានលទ្ធភាព ហើយ គាត់ឱ្យអនុសាសន៍ថា ប្រទេសឥណ្ឌា ជាទីតាំង មួយដ៏ល្អសម្រាប់ការសិក្សាទាំងផ្នែកសាសនា និង សង្គម ហើយគាត់មានលទ្ធភាពខ្លះជួយអាត្មា។ នៅពេលនោះ អ្នកគ្រូពេទ្យ នីកូឡា ជែរេនិក បានប្រគេនថវិកាដល់អាត្មា៥០០ដុល្លារ ក្នុង ជីវិតអាត្មា ដែលមិនដែលស្គាល់សោះនៅឆ្នាំ ២០០២ ហើយក៏ជូនអាត្មាមករាជធានីភ្នំពេញ ដើម្បីធ្វើប៉ាស្ព័រ ហើយអ្នកគ្រូពេទ្យ ក៏បានអញ្ជើញ ទៅកាន់ប្រទេសឡាវ បាត់ទៅ។ ពេលគាត់បានទៅ ដល់ប្រទេសឡាវ គាត់ក៏បានទូរស័ព្ទមកសាកសួរ អាត្មាថា បានទទួលឯកសារក្រដាសស្នាមគ្រប់គ្រាន់ហើយឬនៅ? គាត់នឹងបន្តទៅកាន់ប្រទេស អាល្លឺម៉ង់ និងត្រឡប់ទៅកាន់ស្រុកគាត់វិញ។ អាត្មាក៏បានចម្រើនពរប្រាប់គាត់ថា បានទទួល ប៉ាស្ព័រ តែប្រាក់នៅសល់៣០០ដុល្លារ ហើយនឹង ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា តាមរយៈឡាន ក្រុង ជិះកាត់ប្រទេសថៃ ប្រទេសភូមា បង់ក្លាដេស រួចចូលឥណ្ឌា ដោយសារតែថវិកាមាន តិចតួចស្តួចស្តើង ត្រូវតែជិះឡានពីប្រទេសខ្មែរ រហូតដល់ប្រទេសឥណ្ឌា តែចៃដន្យនៅពេល អាត្មាធ្វើដំណើរទៅដល់ព្រំប្រទល់ភូមា នៅពេល នោះ គឺមានបញ្ហាចម្បាំងរវាងជនជាតិដើម ភាគតិចបង់ក្លាដេស និងប្រទេសភូមា ក៏អាត្មា សម្រេចចិត្តវិលមកទីក្រុងបាងកក ហើយសរសេរ សំបុត្រទៅប្រាប់អ្នកគ្រូពេទ្យថា អាត្មាអត់មាន លទ្ធភាពទៅប្រទេសឥណ្ឌា ទៀតទេ ហើយគាត់ ក៏បានផ្ញើថវិកាចំនួន៥០០ដុល្លារបន្ថែមទៀត ទើបអាត្មាបានទិញសំបុត្រយន្តហោះចេញពី ទីក្រុងបាងកក ទៅចុះនៅគយាអ៊ែរផត ទីក្រុង គយា ក្បែរកន្លែងព្រះពុទ្ធត្រាស់ដឹង តាំងពី ថ្ងៃទី១៣ ខែ៥ ឆ្នាំ២០០៣។ នេះឱ្យញាតិញោម បានដឹងពីដំណើរការនៃការនិមន្តទៅដល់ប្រទេស ឥណ្ឌា របស់អាត្មា គ្មានការជ្រោមជ្រែងពីគណបក្សប្រជាជន ឬក៏ពីជាម យៀប នោះទេ។ ហើយពេលអាត្មាបានទៅដល់ទីនោះ ពុំទាន់មាន លទ្ធភាពចូលរៀនទេ ស្នាក់នៅពុទ្ធគយា ៦ខែ ទើបនិមន្តទៅទីក្រុងញូវដេលី បន្ទាប់មក ក៏រស់នៅ ទីក្រុងញូវដេលីមួយរយៈ ទើបបន្តទៅរស់នៅ ទីក្រុងសាវថី ដើម្បីសន្សំថវិកាខ្លះយកមកបង់ ថ្លៃសាលា តាមរយៈការបោសជូតវត្ត ហើយ គណៈកម្មការអាចារ្យវត្ត ប្រគេនប្រាក់ជាប្រចាំ ពី២,៥ដុល្លារ ទៅ៥ដុល្លារ ក្នុងមួយថ្ងៃ អាត្មា ធ្វើជាកម្មករផង ធ្វើជាអ្នករស់នៅក្នុងវត្តផង ទទួលបានថវិកាក្នុងរយៈពេល១ឆ្នាំ ក៏សល់ថវិកា សមរម្យ។ គាប់ជួនឆ្នាំ២០០៥ ពេលនោះ ឯកឧត្តម កុល ផេង រដ្ឋមន្ត្រីក្រសួងអប់រំ បាន អញ្ជើញទៅកាន់ទីក្រុងប៊ុមបៃ ហើយអាត្មាក៏ ទទួលបានការនិមន្តពីសេដ្ឋីឥណ្ឌាម្នាក់ ឱ្យទៅ រៀននៅក្នុងសាលារបស់គាត់ គឺដុទ័រ  S.K SO- MAIYA ដែលជាជនជាតិឥណ្ឌា មកពីរដ្ឋគុជរ៉ាទី ជាសេដ្ឋីម្នាក់ មានមហាវិទ្យាល័យជាច្រើននៅ ក្នុងទីក្រុងប៊ុមបៃ តាំងពីពេទ្យ វិស្វករ ហើយ និងសាលាខាងជំនួញផ្សេងៗ ហើយក្រៅពីនោះ  គាត់ក៏បង្កើតមជ្ឈមណ្ឌលព្រះពុទ្ធសាសនា ហើយ ផ្តល់អាហារូបករណ៍ឱ្យព្រះសង្ឃបរទេសពីប្រទេស ភូមា ថៃ កម្ពុជា វៀតណាម ជាដើម។  ដោយឡែក កាលពីឆ្នាំ២០០៥ អាត្មាបាននិមន្ត ទៅដល់ទីក្រុងប៊ុមបៃ នៅថ្ងៃទី១៥ ខែ០១ ឆ្នាំ ២០០៥ ដើម្បីបានចូលរៀនថ្នាក់ឌីប្លូម នៅ ក្នុងមណ្ឌលសិក្សាព្រះពុទ្ធសាសនា ក្នុងមហាវិទ្យាល័យ K.J SOMAIYA។ លោកសេដ្ឋី សូម៉ាយ៉ា គាត់បានបន្តឧបត្ថម្ភអាត្មារហូតដល់ រយៈពេល៨ឆ្នាំ ការឧបត្ថម្ភរបស់គាត់ មានកន្លែង ស្នាក់នៅដោយមិនគិតថវិកា អាហារដោយមិន គិតថវិកា ហើយផ្តល់ការព្យាបាលដោយមិន គិតថ្លៃ នៅក្នុងករណីដែលអាត្មាមានរោគាពាធ ឬជំងឺរោគាអ្វីផ្សេងៗ។ ក្រោយពីបានបញ្ចប់ បរិញ្ញាបត្រនៅក្នុងមហាវិទ្យាល័យហើយ អាត្មា ក៏សុំគាត់បន្តការសិក្សាទៅសាកលវិទ្យាល័យ ប៊ុមបៃ គាត់ក៏បានអនុគ្រោះឱ្យអាត្មាស្នាក់នៅ ក្នុងសាលាគាត់ដដែល ប៉ុន្តែទៅរៀននៅសាលា វិទ្យាល័យ រយៈពេល២ឆ្នាំ។ ក្រោយពីអាត្មា បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសង្គមវិទ្យា ពី សាកលវិទ្យាល័យប៊ុមបៃ អ្នកគ្រូដែលជានាយក របស់អាត្មា គឺអ្នកគ្រូ ខេ សង់កាណារ៉េយ៉ាន់  ហើយនិងអ្នកគ្រូ ដេស ប៉ាន់ដេ ដែលជាអ្នកគ្រូ ផ្ទាល់របស់អាត្មា អ្នកគ្រូទទួលបន្ទុកថ្នាក់ផ្ទាល់ របស់អាត្មា គឺគាត់ជាអ្នកបង្រៀនអាត្មាផ្ទាល់ តែម្តង ហើយគ្រូ១ សិស្ស១ នៅពេលអាត្មា ទៅ ដល់ប្រទេសឥណ្ឌា ជាលើកដំបូង គឺជាមនុស្ស មិនសូវដឹងទិសតំបន់អីប៉ុន្មានទេ ព្រោះអីភាសា មិនប្រាកដប្រជា ហើយអ្នកគ្រូនិងនាយកសាលា បានស្រលាញ់យកចិត្តទុកដាក់ថ្នាក់ថ្នមដូចជា កូនបង្កើតរបស់គាត់អ៊ីចឹង គាត់ឃើញរបស់ណា ឆ្ងាញ់ ទិញយកមកផ្ញើ ហើយម៉្យាងទៀត ស្រុក ខ្មែរយើងទទួលចង្ហាន់ឆាន់សាច់ ហើយដល់ទៅ រស់នៅបរិវេណសាលា គេមិនអនុញ្ញាតឱ្យអ្នកណាមួយទទួលទានសាច់នោះទេ សូម្បីពងទា ក៏មិនអនុញ្ញាតដែរ ដូច្នេះអ្នកគ្រូបន្ទុក និងនាយក ដឹងថាអាត្មាឃ្លានសាច់ ពេលខ្លះក៏ប្រាប់ផ្លូវឱ្យ  អាត្មានិមន្តទៅមាត់សមុទ្រ ដើម្បីរកសាច់ឆាន់  ហើយគាត់ប្រាប់ថា ឆាន់សាច់រួច ដុះធ្មេញផង កុំឱ្យធុំក្លិនដល់គេ ហើយចាំត្រឡប់មកសាលា វិញ គឺគាត់បានជួយជ្រោមជ្រែងអាត្មារហូតទទួល បានការសិក្សាដោយបរិបូណ៌ ដល់អនុបណ្ឌិត។ ក្រោយពីបញ្ចប់ថ្នាក់អនុបណ្ឌិតរួចមក គាត់ក៏ បានបន្តផ្តល់អាហារូបករណ៍ដល់អាត្មាថែមទៀត គឺ PhD ដែលសិក្សាពីអរិយធម៌ វប្បធម៌បុរាណ របស់ឥណ្ឌា តែពេលនោះអាត្មា នឹកឃើញថា ប្រឹងរៀនរហូត មិនដែលបានធ្វើការឱ្យគេសោះ ស្ពាយសញ្ញាបត្របណ្ឌិតមកវិញ ក៏មិនសូវមានន័យទូលំទូលាយដែរ ទើបអាត្មាបោះបង់អាហារូបករណ៍បណ្ឌិតចោលនៅឯទីក្រុងប៊ុមបៃ និមន្ត មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ក៏បានដាក់ ពាក្យធ្វើការនៅក្នុងសាកវិទ្យាល័យបញ្ញាសាស្ត្រ កម្ពុជា អស់រយៈពេល២ឆ្នាំ មុននឹងចេញមក ធ្វើការតស៊ូមតិតាមដងផ្លូវ ដូចញាតិញោមបាន ឃើញ។ នេះជាជីវប្រវត្តិ ការរស់និងរៀនរបស់ អាត្មានៅឯប្រទេសឥណ្ឌា”។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានរៀបរាប់ បន្តទៀតថា “អាត្មាមិនបដិសេធទេ មានរឿង មួយនៅក្នុងឆ្នាំ២០០៦ ខែ១២ ថ្ងៃ២៦ គឺពេល នោះ ពុទ្ធបរិស័ទដែលបានអញ្ជើញពីប្រទេស កម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ដើម្បីធ្វើនមស្ការតាមបូជនីយដ្ឋាន កន្លែងពុទ្ធស្ថាននានា នៅ ក្នុងប្រទេសឥណ្ឌា ដឹកនាំដោយឧកញ៉ាញឹក ប៊ុនថា ដែលមានញាតិញោមចូលរួមក្នុងកម្មវិធីនោះ ១៩៥នាក់ ហើយដោយគណៈកម្មការរៀបចំ ទស្សនកិច្ច ធម្មយាត្រា ថ្វាយបង្គំព្រះតាមពុទ្ធស្ថាន ខ្វះអ្នកជួយជ្រោមជ្រែងធ្វើអាហារ និង ធ្វើមគ្គុទេសក៍ជូនញាតិញោម ក៏គេនិមន្តអាត្មា ឱ្យចូលរួម គាប់ជួនចៃដន្យនៅពេលនោះ គឺ ញោមស្រី ហាក់ ជូ ដែលជាភរិយាលោកជាម យៀប បានពឹងពាក់ឱ្យអាត្មាជួយទៅទិញកូន ព្រះ បន្តោងព្រះ នៅពុទ្ធគយា និងទិញថ្នាំមូស ពេលនោះ គឺថាភរិយាលោកជាម យៀប ចង់ ទិញថ្នាំមូសរាប់រយដប មកដាក់សណ្ឋាគារ២របស់ គាត់នៅឯទីក្រុងសៀមរាប អាត្មាក៏បានទៅ ទិញថ្នាំមូស កូនព្រះ បន្តោងព្រះ មកឱ្យញោមស្រីហាក់ ជូ ហើយនៅពេលនោះ គាត់ក៏បាន ប្រគេនបច្ច័យចំនួន១០០ដុល្លារ ដល់អាត្មា នោះគឺជាលើកទី១ ដែលអាត្មាបានទទួលថវិកា  ពីគ្រួសារលោកជាម យៀប ហើយអាត្មាមិន ដែលមានទំនាក់ទំនង សូម្បីនិយាយទូរស័ព្ទ ជាមួយលោកជាម យៀប ម្តងណាឡើយ តែ ញោមស្រីប្រគេនបច្ច័យ ដោយសារមានការ ពឹងពាក់ឱ្យអាត្មាជួយទៅទិញថ្នាំមូសឱ្យ និង ទិញព្រះ ហើយគាត់ក៏មានសទ្ធាជ្រះថ្លាចំពោះ ការធ្វើមគ្គុទេសក៍របស់អាត្មាដែរ នៅពេល នោះ។ ហើយនៅឆ្នាំ២០០៧ គាត់ក៏មានសទ្ធា ជ្រះថ្លាម្តងទៀត ពេលពុទ្ធបរិស័ទអញ្ជើញទៅ ប្រទេសឥណ្ឌា ញោមស្រីហាក់ ជូ ក៏បានផ្ញើ បច្ច័យឱ្យអាត្មាចំនួន១០០ដុល្លារទៀត។ ជារួម នៅក្នុងការរស់និងរៀនរបស់អាត្មា ៨ឆ្នាំនៅក្នុង ប្រទេសឥណ្ឌា បានទទួលថវិកាពីញោមស្រី ជៀម យាប តែ២០០ដុល្លារទេ ហើយក៏មិន មានទំនាក់ទំនងអ្វីជិតស្និទ្ធ ជាសាច់ជាឈាម ជាបងជាប្អូន ដូចការចោទប្រកាន់របស់អ្នក ចោទប្រកាន់ដែលតាំងខ្លួនថា ជាអ្នកស្រលាញ់ យុត្តិធម៌នៅក្នុងប្រទេសកម្ពុជា រហូតដល់ហ៊ាន ដាក់ ភាងេ របស់ខ្លួន ស្ញុតិចេ ឡៀវរេ និ ជាមបៀដិា ប៉ុន្តែបើតាំងខ្លួនជាអ្នកស្រលាញ់យុត្តិធម៌ ហើយបង្កើតរឿងអយុត្តិធម៌ចែកចាយឱ្យអ្នកដទៃនោះ វាគ្មានប្រសិទ្ធភាព និងគ្មានន័យចំពោះ ឈ្មោះអ្នកស្រលាញ់យុត្តិធម៌នោះទេ។ អាត្មាសុំ ចម្រើនពរថា ជំហររបស់អាត្មា ភិក្ខុប៊ុត ប៊ុនតិញ នៅតែជាប៊ុត ប៊ុនតិញ បើទុកណាមានអ្នកមិន សប្បាយចិត្តនឹងប្រជាប្រិយភាពរបស់អាត្មា ហើយ ខំប្រឹងចោទប្រកាន់ដល់កម្រិតណា ក៏អាត្មានៅ តែជាអាត្មា ហើយអាត្មាមានសុទិដ្ឋិនិយមក្នុង ជីវិតអាត្មា កើតមកគឺដើម្បីបម្រើជាតិរបស់ អាត្មា តាមលទ្ធភាពដែលអាត្មាអាចធ្វើទៅបាន មិនមែនកើតមក ដើម្បីស៊ីឈ្នួលវាយប្រហារអ្នកដទៃ ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួននោះ ទេ”។

ជាចុងក្រោយ ព្រះតេជគុណប៊ុត ប៊ុនតិញ បានបញ្ជាក់ថា “អាត្មាឃើញសង្គមយើងដើរ ខុសឆ្គងមួយ មនុស្សភាគច្រើនចង់បានផលប្រយោជន៍ ចង់បានប្រជាប្រិយភាព តែមិន ចេះបង្កើតស្នាដៃ ចំពោះការគិត ការត្រិះរិះ ពិចារណារបស់អាត្មា បើចង់បានស្អីមួយ គឺត្រូវ បង្កើតដោយខ្លួនឯងឱ្យអស់ពីលទ្ធភាព ហើយ ត្រូវចេះបង្កើតស្នាដៃ ទោះតូចឬធំ ជាស្នាដៃ ដែលយើងបង្កើតដោយខ្លួនយើង។ ជាក់ស្តែងអាត្មា ចង់ធ្វើអ្វីមួយនៅក្នុងសង្គមរបស់អាត្មា គឺអាត្មា ខំប្រឹងប្រែងធ្វើកិច្ចការឱ្យគេទទួលស្គាល់ មិន មែនខំប្រឹងប្រែងវាយប្រហារអ្នកដទៃ ដើម្បី បានប្រជាប្រិយភាពផ្ទាល់ខ្លួននោះទេ។ នេះជា ការផ្តល់គន្លឹះត្រិះរិះពិចារណាដោយសង្ខេបខ្លី ប៉ុណ្ណេះ។ ហើយរឿងមួយទៀត ក្រៅពីការ ទំនុកបម្រុងពីសេដ្ឋី និងអ្នកគ្រូនាយក និងអ្នកគ្រូ ផ្ទាល់ខ្លួនរបស់អាត្មា អាត្មាបានទទួលថវិកា ឧបត្ថម្ភ១៣០០ដុល្លារ ពីឆ្នាំ២០០៦ រហូតមក ដល់ឆ្នាំ២០០៩ គឺពីញោមស្រីណុប លី នៅផ្សារ អូរប្ញស្សី គាត់បានប្រឹងប្រែងជួយអាត្មា ដោយសារឃើញអាត្មាខ្វះខាតទុរគត គាត់ក៏បានជួយ ថវិកាឱ្យអាត្មាបង់ថ្លៃសាលា និងចាយវាយនេះ ជាមនុស្សដែលមានឧបការគុណចំពោះជីវិត និងការសិក្សារបស់អាត្មា មួយអន្លើ ព្រះគ្រូចៅអធិការ អតីតកាល ខៀវ សំអាង ហៅជ័យ នៅវត្តខ្មែរញូវដេលី គាត់បានជួយជ្រោមជ្រែង ទំនុកបម្រុងឱ្យអាត្មារៀនសូត្រ។ អាត្មាសូម កោតសរសើរចំពោះការជួយជ្រោមជ្រែងមនុស្ស ម្នាក់ គឺអាត្មាឱ្យបានសិក្សារៀនសូត្រមានចំណេះដឹង ហើយបានវិលត្រឡប់មកបម្រើជាតិរបស់ ខ្លួន ដូចសេចក្តីប្រាថ្នារបស់ញាតិញោម ហើយ អាត្មាប្តេជ្ញានឹងធ្វើកិច្ចការងាររបស់អាត្មាតទៅ មុខទៀត បន្តទៀត ហើយការចោទប្រកាន់ថា ជាខ្មាំងបង្កប់ជាអី ចោទទៅចុះ អាត្មាជាអ្នកបម្រើជាតិខ្មែរ មិនបម្រើគណបក្សណា បុគ្គល ណាទេ បើទុកណាជាស្តេច ឬនាយករដ្ឋមន្ត្រី ក៏ដោយ បើមិនបានធ្វើអ្វីសម្រាប់ជាតិ អាត្មា មិនខ្ចីបម្រើអ្នកឯង នេះជាជំហររបស់អាត្មា”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES