ភ្នំពេញ៖ ខ្មាញ់កាំភ្លើងបាញ់សម្លាប់អ្នកវិភាគនយោបាយឯករាជ្យ លោក កែម ឡី បានសារភាពថា ដោយសារតែខ្លួនខឹងនិងជនរងគ្រោះជំពាក់លុយចំនួន៣ពាន់ដុល្លារ អស់រយៈពេល១ឆ្នាំមកហើយ គឺខ្ចីយកទៅ ឃោសនាបោះឆ្នោតមិនព្រមសង ទើបរូបគេទៅធ្វើការនៅប្រទេសថៃ ហើយបានទិញកាំភ្លើង ពីប្រទេសថៃ យកមកបាញ់សម្លាប់ជនរងគ្រោះតែម្តង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលបញ្ជូនជនដៃដល់ដល់អធិការដ្ឋានខណ្ឌចំការមន ជនដៃដល់បាន រៀបរាប់ប្រាប់នគរបាលខណ្ឌចំការមនថា រូបគេមានឈ្មោះ ជួប សំលាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករបាញ់ថ្នាំសត្វល្អិត នៅស្រុកស្រះកែវ ប្រទេសថៃ មានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ ចំពោះ មូលហេតុដែលគេបាញ់ សម្លាប់ជនរងគ្រោះខាងលើដោយសារតែខឹងរឿងជំពាក់លុយចំនួន ៣០០០ដុល្លារ មិនព្រមសង ។ លុយចំនួន ៣០០០ដុល្លារនេះ រូបគេបានមកលក់ដីសម្បទារបស់សម្តេចតេជោផ្តល់ ឲ្យមួយកន្លែង បានប្រាក់ចំនួន ៣០០០ដុល្លារនេះក៏បានឲ្យទៅជនរងគ្រោះ ដើម្បីជួយដល់ជនក្រីក្រ ប៉ុន្តែដល់ពេលគេស្រាវជ្រាវដឹងថា ជនរងគ្រោះឆបោកមិនបានយកប្រាក់ទៅជួយដល់ជនក្រីក្រទេ បានទារលុយវិញ ហើយទារមិនបាន ទើបរូបគេមកពីប្រទេសថៃវិញតាមដានជនរងគ្រោះ រយៈពេល៥ថ្ងៃមកហើយ ទម្រាំដល់ថ្ងៃបាញ់សម្លាប់នេះ ហើយរូបគេបាញ់តែជនរងគ្រោះតែម្នាក់តែប៉ុណ្ណោះ ។
ក្រោយធ្វើការសាកសួរ នៅប៉ុស្តិ៍នគរ បាលទន្លេបាក់បានបន្តិចក៏បានបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរបន្ត ទៀត ។
គួរបញ្ជាក់ថា លោកកែម ឡី ជាអ្នកស្រាវជ្រាវ តាមដាន និងវិភាគស្ថានការសង្គមកម្ពុជា និងជាបុគ្គលដែលហ៊ានរិះគន់ចំៗ លើរដ្ឋាភិបាលកម្ពុជាក់ត្រូវបានខ្មាញ់កាំភ្លើងបាញ់ចំនួន៣គ្រាប់ ធ្លាក់ពីលើកៅអីដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុងស្តារម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច តាមផ្លូវព្រះមុន្នីវង្ស ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ព្រឹកមិញនេះ ៕