កណ្ដាល: បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីក្បត់ទំនុកចិត្តបន្ទាប់ពីជននេះខ្ចីម៉ូតូគេជិះបែរជាយកទៅបញ្ចាំលេងភ្នាល់ជល់មាន់ ចាញ់អស់ហើយជនរងគ្រោះប្តឹងសមត្ថកិច្ចនៅចំណុចភូមិ ដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាន សាមិត្ត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេជាងភ្លើង មានលំនៅភូមិ ទួលកណ្តាល ឃុំ ព្រៃខ្លា ស្រុក កោះអណ្ដែត ខេត្តតាកែវ ស្នាក់នៅផ្ទះជួលភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ ចាន់ គារ៉ា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ គ្រូបង្រៀនមានលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិ ចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ( ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក កាបូបដៃ ពណ៌ខ្មៅ ចំនួន០១ , ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ០១ សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីត-១៩ ០១ សន្លឹក,AEON CARD ០១ សន្លឹក,កាតធនាគារ ABA ០១ សន្លឹក, ទូរស័ព្ទដៃម៉ាក Nokia អិនចុចពិល ពណ៌ខ្មៅ ០១ គ្រឿង។ សម្ភារ:បាត់បង់រួមមាន ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE 2119 និងលុយចំនួន ១០០ដុល្លារ។

សមត្ថកិច្ចដដែលឲ្យដឹងដែរថា នៅថ្ងៃកើតហេតុវេលាម៉ោង ៧និង១០នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះជួលដើម្បីទៅធ្វើការនៅកន្លែងកើតហេតុ ដោយឌុបគ្នាបីនាក់ ម្នាក់ឈ្មោះ ម៉ាក វណ្តេត និងម្នាក់ទៀត ឈ្មោះចាន់ គារ៉ា (ជនសង្ស័យ) ពេលទៅដល់កន្លែងធ្វើការជនរងគ្រោះ និងជនសង្ស័យបានធ្វើការផ្នែកជាងភ្លើងជាមួយគ្នា លុះដល់ម៉ោង០៩និង៤៨នាទី ជនសង្ស័យបានមកខ្ចីម៉ូតូរបស់ជនរងគ្រោះ ដោយប្រាប់ថា ”មានការចេញទៅក្រៅមួយភ្លែត” ពេលនោះជនរងគ្រោះបានហុចសោម៉ូតូ និងលុយចំនួន១០០$ (ដុល្លារសហរដ្ឋអាមេរិក) ដើម្បីឲ្យយកទៅដូរ រួចជនសង្ស័យបានជិះម៉ូតូចេញទៅបាត់។ មួយសន្ទុះក្រោយមកជនសង្ស័យបានទូរស័ព្ទប្រាប់ជនរងគ្រោះថា ”ដូរលុយបានហើយ តែមិនទាន់បានទៅវិញទេព្រោះមានធុរ:បន្ត” លុះជនរងគ្រោះចាំមើលផ្លូវយូរពេកមិនឃើញ ជនសង្ស័យត្រលប់មកវិញ បានតេទូរស័ព្ទ ពេលនោះ ជនសង្ស័យបានលើកទូរស័ព្ទហើយ ប្រាប់ថា ”ខ្ញុំមានរឿងជាមួយគ្រួសារ ប្រពន្ធខ្ញុំមករករឿងដល់កន្លែងការងារ”។ ពេលនោះជនរងគ្រោះបានប្រាប់ថា”ចាំដោះស្រាយចប់ ចាំយកមក” រួចជនរងគ្រោះក៏អង្គុយរង់ចាំរហូតដល់ម៉ោង៤និង៤០នាទីរសៀល ជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យទៀតម្តងទៀត តែជនសង្ស័យមិនលើកទូរស័ព្ទ លុះដល់ម៉ោង៦ល្ងាច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្នបាលឃុំ ដើមឬស ។

ប្រភពបន្តថា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើមឬសបានទាក់ទងជនសង្ស័យឲ្យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឬស ដើម្បីសាក់សួរ ។ ក្រោយការសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវ ក្នុងតម្លៃ ៦០០ដុល្លារ ដើម្បីយកទៅសងគេ និងយកទៅលេងល្បែងស៊ីសង (ជល់មាន់)ចាញ់អស់ហើយ។ តាមចម្លើយសារភាពសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕