ស្រីស្រស់តូចច្រឡឹងនាងតន់ ច័ន្ទសីម៉ា ធ្លាប់បង្ហាញភាពស្និតស្នាលគ្នាជាមួយតារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ដូចគូស្នេហ៍ដោយពេលខ្លះពួកគេជិះរថយន្ដតែ២នាក់ជាមួយគ្នាទៀតផង។សកម្មភាពបែបនេះធ្វើឲ្យលេចឮថានាងច័ន្ទសីម៉ា ត្រូវបានអនាគតភរិយារបស់លោកខេម គឺអ្នកនាងស្រីកា ដែលជាអាណិកជនខ្មែរមកពីបារាំងនោះមិនសូវរីករាយឡើយព្រោះថាខ្លាច”ស្នេហ៍មិនឈ្នះស្និត”។

ប៉ុន្ដែក្នុងជំនួបជាមួយអ្នកកាសែតកន្លងមកនាងច័ន្ទសីម៉ា អះអាងថាទំនាក់ទំនងរវាងនាងនិងលោកខេម គឺគ្មានអ្វីពិសេសនោះទេព្រោះថានាងក៍បានដឹងថាលោកខេម មានម្ចាស់ចិត្តរួចទៅហើយអីចឹងការរាប់អានត្រឹមជាសិស្សប្អូននិងរៀមច្បងប៉ុណ្ណោះ។តាមព័តមានថាក្រោយមានការអះអាងរបស់ច័ន្ទសីម៉ា បែបនេះមកធ្វើឲ្យបណ្ដូលចិត្តរបស់លោកខេម នាងស្រីកា ធូទ្រួងនិងលែងមានការសង្ស័យឬប្រចណ្ឌខេម ជាមួយសីម៉ា ទៀតហើយ។

តន់ ច័ន្ទសីម៉ា អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២បានក្លាយទៅជាតារាចម្រៀងស្នូលរបស់Galaxyព្រោះតែបទចម្រៀងរបស់នាងដែលបានចេញល្បីស្ទើតែគ្រប់បទទាំងអស់។យ៉ាងណានាងច័ន្ទសីម៉ា ទើបតែឡើងដល់ចំណុចកំពូលកាលពីពេលថ្មីនេះក្រោយពីបានចាប់ដៃគូជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម ដែលធ្វើឲ្យអតីតម្ចាស់ជ័យលាភីលេខ១ផ្នែកស្នូតប្រចាំខេត្តតាកែវរូបនេះកាន់តែល្បីនិងមានប្រៀបជាងគេក្នុងទីផ្សារចម្រៀងផ្នែកយុវវ័យនាពេលបច្ចុប្បន្ន។

ចំណែកអ្នកគ្រប់គ្រងផលិតកម្មGalaxyវិញបានលេងមួយក្បាច់ចំពោះបណ្ដារក្រុមហ៊ុនទាំងឡាយណាដែលចង់បានសីម៉ា ទៅច្រៀងសម្ដែងដោយកំណត់ច្រៀងConcertsធំស៊ីថ្លៃ១កម្មវិធី៥០០០ដុល្លារ,ឡើងប៉ុស្ដិ៍ទូរទស្សន៍ម្ដងស៊ីថ្លៃពី១០០០ទៅ២០០០ដុល្លារនិងថតសម្អាងការ១ចំណាយពេល១ទៅ២ថ្ងៃស៊ីថ្លៃ២០០០០ដុល្លារ។ការតំឡើងតម្លៃខ្លួននាងសីម៉ា បែបនេះធ្វើឲ្យមានការលើកឡើងថាថ្នាក់ដឹកនាំGalaxy ហាក់ដូចជាចង់ឲ្យតារាចម្រៀងរូបនេះដេកស្អាត ដោយសារតែលែងមានអ្នកហ៊ានជួលឡើងច្រៀងតែម្ដងព្រោះតម្លៃនោះខ្ពស់ជាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀត។ប៉ុន្ដែលោកយឹម តាស្រង់ អ្នកគ្រប់គ្រងGalaxyធ្លាប់បញ្ជាក់ថាតម្លៃខ្លួនសីម៉ា មិនអាចកែប្រែបានទេហើយបើគេថាថ្លៃពេកមិនហ៊ានជួលក៍Galaxyមានសម្ថភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមតារាចម្រៀងរបស់ខ្លួនឲ្យរស់ដែរ។

តន់ ច័ន្ទសីម៉ា ដែលធ្លាប់ច្រៀងប្រចាំនៅហាងវីហ្វ្រេនជាច្រើនឆ្នាំបានតម្លៃខ្លួន១យប់តែជាង១០ដុល្លារនោះធ្លាប់ប្រាប់ថានាងពេញចិត្តធ្វើការជាមួយGalaxyព្រោះបទចម្រៀងដែលផលិតមកត្រូវនិងសម្លេងរបស់នាងតែម្ដង។តែទាក់ទងរឿងស្នេហាវិញសីម៉ា តែងតែឆ្លើយទៅFanនាងថាបេះដូងនាងមិនទាន់មានម្ចាស់ទេ បើទោះជាតាមព័តមានថានាងត្រូវបានបុរសពោះម៉ាយកូន៣ម្នាក់ដែលមានឥទ្ធិពលនៅផលិតកម្មមួយតាមស្នេហាក្ដី៕


