ភ្នំពេញ៖ខេមរៈ សិរីមន្ដ បានផ្អាកឡើងឆាកតន្រ្ដីជិតកន្លះឆ្នាំទៅហើយក្រោយពីផ្ទុះតារាហង្សមាសបានកើតកូវីដជាបន្ដបន្ទាប់កាលពីដើមខែមីនា ដោយលោកបានប្រាប់អ្នកយកព័តមានយើងថាមិនអាចកំណត់ថាវិលវិញពេលណាទេបើទោះជាអ្នកគ្រប់គ្រងការប្រគុំតន្រ្ដីប៉ុស្ដិ៍ហង្សមាសចង់ឲ្យលោកចេញច្រៀងសម្ដែងនៅStudioហង្សមាសជារៀងរាល់សប្ដាហ៍មែន តែលោកមានតែសុំការអធ្យាស្រ័យព្រោះត្រូវពន្យាពេលមួយរយៈសិន។



ទោះជាយ៉ាងណាគេឃើញថាអំឡុងពេលដែលលោកប៊ុនថៃ មិនទាន់ចេញច្រៀងសម្ដែងតាមឆាកតាមប៉ុស្ដិ៍ទូរទស្សន៍ដូចមុនវិញនេះតារាកូន៣រូបនេះសម្រុកទៅថតMVបទចម្រៀងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះដោយអតីតតារា ចម្រៀង U2 និងសាន់ដេរូបនេះថែមទាំងបានយកក្មួយស្រីទាំង២របស់ខ្លួនគឺកញ្ញាDenny និងហេង បញ្ញា ចូលថតMVនោះជាមួយគ្នា ទៀតផង។ប៉ុន្ដែតារាចម្រៀងល្បីរបស់ហង្សមាសរូបនេះមិនពឹងលើអាជីពចម្រៀងទាំងស្រុងដូចមុនទៀតឡើយព្រោះអំឡុង រដូវកូវីដមិនទាន់ស្ងាត់នេះគេឃើញលោកប៊ុនថៃ និងភរិយាក៍ផ្ដោតទៅលើការរកស៊ីផ្នែកអចលនទ្រព្យដោយខ្លួនឯងផងដែរ ខណៈដែលកាលពីឆ្នាំមុនសិរីមន្ដ ច្រើនតែទៅឃោសនារកស៊ីលក់ដីឡូតិ៍ឲ្យថៅកែGalaxy។

មហាជនកត់សម្គាល់ដែរថានៅរយៈពេល២ឆ្នាំចុងក្រោយនេះខេមរៈ សិរីមន្ដ មានជីវភាពកាន់តែធូធារឡើងដូចជាទិញរថយន្ដទំនើបដល់ទៅ៤គ្រឿងជិះឆ្លាស់គ្នាមានគឺRolls Royce Ghost ,Lexus Lx570 ,Mazda និងVolkswagen ដែលគ្រាន់តែលេងម៉ូដថយន្ដទាំងនេះចំណាយលុយដល់ទៅជិត១លានដុល្លារទៅហើយ។តែរឿងលោកប៊ុនថៃ ដែលមានដំណឹងថាចង់បើកផលិតកម្មផ្ទាល់ខ្លួនមុនលោកឈានជើងចូលហង្សមាសកាលពីឆ្នាំ២០១៧ ក្រោយចេញពីសាន់ដេនោះពេលនេះបែរជាស្ងប់ស្ងាត់ទៅវិញ។

ចំពោះរឿងស្នេហាវិញតារាចម្រៀងខេម ប៊ុនថៃ វ័យ៣៥ឆ្នាំរូបនេះកាន់តែបង្ហាញភាពស្អិតល្មូតជាមួយភរិយាកូន៣អ្នកនាងគួយ ផល្លី ក្រោយពីអ្នកទាំង២ចាប់ដៃគ្នា១៧ឆ្នាំមកហើយតាមរយៈការផ្អែមល្ហែមមិនចាញ់គូស្នេហ៍ទើបរៀបការហើយថ្មោងថ្មីនោះគេជឿរថាមិនយូទេលោកសិរីមន្ដ នឹងវ៉ាព្រាប សុវត្ថិ ហើយតាមស្មើលោកខាន់ ជេមស៍ ដោយយកបានកូនទី៤ស្មើគ្នាជាមិនខានឡើយដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំថែមទៀត។ប៉ុន្ដែដំណឹងលោកប៊ុនថៃ និងភរិយា រៀបការជាចំហនៅតែស្ងាត់សូន្យឈឹងក្រោយតារាហង្សមាសរូបនេះធ្លាប់ប្រកាសថាលោកបានរៀបការកាលពីឆ្នាំ២០០៩ រួចទៅហើយនោះ៕



