ភ្នំពេញ៖សម្រាប់ទីផ្សារតារាចម្រៀងល្បីៗតែងតែមានអ្នកនិពន្ធទំនុកច្រៀងនិងMelodyនៅក្រោយខ្នងតែតារាខ្លះទៀតទិញប៉ារូលនិងភ្លេងពីគេតែម្ដង។សម្រាប់ឆ្នាំ២០២១នេះគេកត់សម្គាល់ថាមានតារាស្រី៤ដួងដែលអាចនិពន្ធទំនុកច្រៀងដោយខ្លួនឯងទើបធ្វើឲ្យពួកគេមិនពឹងទាំងស្រុងទៅលើអ្នកនិពន្ធក្នុងការធ្វើបទចម្រៀងឲ្យច្រៀងនោះទេ។
១៖ម៉េង កែវពេជ្ជតាៈកំពូលតារាចម្រៀងរូបនេះចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងនិងមានបទល្បីៗជាច្រើនដែលអ្នកនាងច្រៀងដោយស្នាដៃនិពន្ធផ្ទាល់ខ្លួន។អ្នកនាងកែវពេជ្ជតា ដែលធ្លាប់ត្រូវបានអតីតអ្នកគ្រប់គ្រងផលិតកម្មហង្សមាសលោកអ៊ិន ទីតូ ធ្លាប់ដាក់ងារថាជាតារាសម្លេងតែ១គ្មាន២នោះមានវង្សតន្រ្ដីបុរាណប្រចាំគ្រួសាររបស់នាងតែម្ដងហើយកូនប្រុសស្រីទាំង២របស់នាងត្រូវបានគេជឿរថានឹងបន្ដវេនពីនាងនៅថ្ងៃអនាគតផងដែរ។ប៉ុន្ដែរឿងស្នេហាវិញអ្នកនាងកែវពេជ្ជតា នៅតែស្ងប់ស្ងាត់គ្មានដំណឹងចូលរោងការឡើយក្រោយនាងបានប្រកាសមើលចិត្តថ្លើមបុរសម្នាក់នៅបារាំង កាលពីដើមឆ្នាំ២០២០ បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយលោកឧត្តមសេនីយ៍ឯកមួង ឃីម កាលពីឆ្នាំ២០១០។



២៖ពេជ្រ សោភាៈអ្នកមេម៉ាយឡើងកូដវ័យ៣៧ឆ្នាំតែសម្រស់នៅតែស្រស់ស្អាតរូបនេះក៍ចេះនិពន្ធទំនុកច្រៀងនិងMelodyដោយខ្លួនឯងដែរដែលនាងចេះមកពីអតីតអ្នកនិពន្ធល្បីឈ្មោះហង្សមាសលោកជុំ ប៊ុនធឿន និងបច្ចុប្បន្ននាងក៍មានជំនួយពីលោកគ្រូភ្លេងលោកមាស សុគន្ធ ហៅគ្រូអ៊ួយ ផងដែរ។ពេជ្រ សោភា មានស្ទីឌីយោផ្ទាល់ខ្លួននៅផ្ទះហើយនាងថាថ្ងៃណាមានអារម្មណ៍ល្អអាចសរសេរបទចម្រៀងបាន២បទ។ទោះជាយ៉ាងណាក្រោយលែងប្ដីជាង៤ឆ្នាំពេលនេះសោភា មិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាមួយលោកឆឹម សក្កដា ឡើយ។



៣៖អេដាៈតារាចម្រៀងOriginal Songs រូបនេះក៍ចេះនិពន្ធទំនុកច្រៀងនិងMelody ដោយខ្លួនឯងដែរ ហើយបទចម្រៀងរបស់នាងល្បីស្ទើតែគ្រប់បទតែម្ដង។ក្រោយប្រេះឆាស្នេហ៍ជាមួយអតីតប្ដីជាកូនមន្រ្ដីធំពេលនេះអេដា បានភ្ជាប់ស្នេហ៍ជាមួយបុរសជាជនជាតើបរទេសឈ្មោះលោកAllen តែមិនទាន់មានដំណឹងពួកគដឹកដៃគ្នាចូលរោងការឡើយ។



៤៖រ៉ាប៊ីៈតារាថោនដែលមានក្បាច់រាំគូរឲ្យក្នក់ក្នាញ់រូបនេះទោះជាមិនដែលឡើងឈ្មោះថានាងជាអ្នកនិពន្ធបទច្រៀងរបស់ខ្លួនមែន ប៉ុន្ដែនាងថាមានបទចម្រៀងជាច្រើនដែលនាងបានច្រៀងភាគច្រើនគឺនាងជាអ្នកសរសេរសាច់រឿងហើយឲ្យទៅអ្នកនិពន្ធកែច្នៃខ្លះហេតុនេះហើយអាចចាត់ទុកថានាងក៍ជាអ្នកនិពន្ធម្នាក់ដែរព្រោះនាងថាការមិនចេញពីថោន ទៅផលិតកម្មផ្សេងៗទៀតដោយសារតែនាងគិតថាទៅដល់ណាក៍នៅតែធ្វើបទចម្រៀងដោយខ្លួនឯងដដែល។រ៉ាប៊ី ជាស្រីស្អាតម្នាក់ដែលប្រុសៗចង់បានបេះដូងនាងធ្វើជាម្ចាស់ តែអ្វីដែលចម្លែកស្រីស្រស់រូបនេះបែរជាថ្ងូរថាក្រោយបែកស្នេហ៍ប្រុសក្មេងពេលនេះនាងរកតែក្ដឹបសង្សារ១ធ្វើថ្នាំមិនបានទៅវិញ៕
ហ៊ឹម វិចិត្រ


