ព្រះសីហនុ៖នៅម៉ោងប្រមាណ ៤ កន្លះ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)ជាច្រើនគ្រឿងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។

បើតាមការអះអាងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា៖ “ម៉ោង 4:40 ល្ងាចនេះក្បួនឡាននឹងទៅដល់ ខេត្ត ព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបង តម្លៃ 1គីឡូ1900រៀល ទីតាំង ផ្សារហ្វូរិ ក្បែរ វិមានឯករាជ្យ”។ ទទឹមគ្នានោះដែរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះទៅពិនិត្យមើលការ ចាត់ចែងលក់ជូនបងប្អូនផ្ទាល់តែ ម្ដង។

គ្រាន់តែមកដល់ភ្លាមប្រជាពលរដ្ឋក្នុងក្រុងកំពង់សោម បានមកចាំត្រៀបត្រា រង់ចាំទិញ ដោយទឹកមុខសប្បាយរីករាយជាខ្លាំង។ ការលក់ផ្លែមៀនតាង៉ែនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង មិនមែនធ្វើការលក់តែ១ថ្ងៃឡើយ ពោលគឺលក់រហូតគ្រប់១០០០តោន ដែលអ្នកឧកញ៉ាបានសន្យាទិញពីប្រជាពលរដ្ឋ ខណៈដែលមកដល់ម៉ោងនេះក្រុម ការទើបតែប្រមូលទិញបានចន្លោះ ២០០ ទៅ ៣០០តោន តែប៉ុណ្ណោះ ពោលតាមបណ្ដាខេត្តអាចបន្តលក់ចន្លោះ៧ថ្ងៃទៅ១០ថ្ងៃ តាមស្ថានភាពជាក់ស្ដែង។

យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបងតាមរថយន្ដដោយផ្ទាល់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ ទៅលក់ក្នុងតម្លៃខាតដើម ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ គឺដើម្បីឱ្យអ្នកកំពង់សោម បានភ្លក់រសជាតិផ្លែ ឈើខ្មែរយើង និងបានរួមចំណែករំលែកទីផ្សារក្នុងស្រុក ខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះ កំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។

គួររំលឹកផងដែរថា ការចុះប្រមូលទិញដល់ចម្ការ និងបែងចែកផ្ទាល់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅពេលនេះ ស្របតាម ការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធាន កាកបាទក្រហមកម្ពុជា ក្នុងការលើកស្ទួយ និងរកដំណោះស្រាយបញ្ហាខ្វះទីផ្សារជូនប្រជាកសិករឱ្យបានទាន់ពេលវេលា៕

