ភ្នំពេញ ៖ លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ដែលកំពុងបន្តសំងំលាក់ ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សនៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបញ្ជាក់ ថា តួនាទីរបស់គណបក្សប្រឆាំង ដែលត្រូវធ្វើ ក្រៅពីរិះគន់រដ្ឋាភិបាល ត្រូវផ្តល់អនុសាសន៍ ដើម្បីចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ សង្គម និងជាតិ។
លោកកឹម សុខា បានថ្លែងបែបនេះ នៅ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមការងារ គណៈកម្មកាធិការប្រតិបត្តិក្រុមទ្រទ្រង់ចលនា យុវជន និងចលនាស្ត្រី ខេត្តកំពង់ចាម” នៅ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាល ពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកកឹម សុខា បានសរសេរបញ្ជាក់នៅ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “ក្នុង ជំនួបជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម ព្រឹក នេះ ខ្ញុំបានលើកឡើង ៣ចំណុចធំៗគឺ ៖
១–រៀបចំយុទ្ធនាការសប្តាហ៍ចុងក្រោយ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋទៅចុះឈ្មោះ បោះឆ្នោត ដោយផ្តោតទៅលើឃុំ–សង្កាត់ណា ដែលអ្នកចុះឈ្មោះបោះឆ្នោតនៅចំនួនតិចនៅ ឡើយ។
២–ត្រៀមរៀបចំប្រកាសជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ–សង្កាត់ ដោយផ្តោតលើ បេក្ខជនដែលមានគុណភាព ប្រជាប្រិយភាព និងភាពស្មោះត្រង់ចំពោះជាតិ ប្រជាពលរដ្ឋ ជាដើម។
៣–អំពីសារនយោបាយ សម្រាប់ឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ ឆ្នាំ២០១៧។
ក្នុងឱកាសនោះដែរ ខ្ញុំបានបញ្ជាក់ថា ក្នុង តួនាទីរបស់ខ្លួនជាគណបក្សប្រឆាំង ត្រូវធ្វើនោះ បន្ថែមលើការរិះគន់រាជរដ្ឋាភិបាល គណបក្ស សង្គ្រោះជាតិ ត្រូវផ្តល់អនុសាសន៍លើប្រធានបទ នីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋ បញ្ហាសង្គម និងបញ្ហាប្រទេសជាតិ ទោះបីយើងមិនទាន់បានដឹកនាំរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលទទួលយក ឬមិនទទួល យកក៏ដោយ។
ខ្ញុំយល់ឃើញថា ការធ្វើបែបនេះ គឺជាការ ស្វែងរកនូវគុណតម្លៃរួម ដើម្បីឈានទៅរក ឯកភាពជាតិ”៕
ដោយ ៖ កុលបុត្រ