ដោយ អាចារ្យថាំ
អ្នកវិភាគ ក៏ដូចអ្នកគាំទ្របក្សប្រឆាំង តែងមានសំណូមពរចង់ឱ្យបក្សប្រឆាំងរួបរួមគ្នា ទើបយកឈ្នះបក្សកាន់អំណាច បាន ប៉ុន្តែសង្ឃឹមអី? បើពួកប្រឆាំងទាំងល្បីនិងមិនល្បី “ពាក់មុខយក្សដាក់គ្នា” យ៉ាងនេះ។ ទោះជាបោះឆ្នោត ១សតវត្ស ទៀត ក៏បក្សកាន់អំណាច ដែល “កាន់វិន័យដែកថែប” នៅតែឈ្នះរហូត បើមិនជឿ សាកមើលទៅ! ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ពួកប្រឆាំងពាក់មុខយក្សដាក់គ្នា” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
លោកគឹម សុខ អ្នកវិភាគនយោបាយដ៏ស្រួចស្រាល់ ត្រូវគេលើកឱ្យធ្វើ “ប្រធានវេទិកាពលរដ្ឋ” ដែលមាននិន្នាការប្រឆាំង នៅក្រៅប្រទេស បានផុសសំណេរតាមហ្វេសប៊ុកថា “បើក្រុមគណបក្សនយោបាយ ដែលមាននិន្នាការចង់បាន ប្រជាធិបតេយ្យ នៅតែហួងហែងតាមខ្សែបក្សខ្សែពួក មិនព្រមលះបង់ពុតអស្មិមានះរៀងខ្លួនរៀងពួក មករកផ្លូវរួបរួម ដោយស្មារតីជាតិសុចរិត តាមឆន្ទៈរបស់ប្រជាពលរដ្ឋ ពួកគេនឹងចាញ់បោកសុបិនភូតភរខ្លួនឯង លេងល្បែងនយោបាយ ក្នុងដៃគូប្រជែងច្របាច់ករហូត ហើយឈប់ដោះសាភរប្រជាពលរដ្ឋ ដោយទម្លាក់កំហុសលើអ្នកដទៃ”។
សំណេរលោកគឹម សុខ មានន័យស្តីបន្ទោសពួកប្រឆាំងដែលកំពុងបែកបាក់ចែកបក្សចែកពួកគ្នាហ្នឹងឯង ដែលសរុបទៅ យើងឃើញនៅកម្ពុជា “មានបក្សប្រឆាំងរាប់សិប” មិនមែនតែក្រុមលោកសម រង្ស៊ី និងក្រុមលោកកឹម សុខា នោះទេ។ សូម្បីតែបក្សលោកខឹម វាសនា បក្សលោកម៉ម សូណង់ដូ បក្សលោកពេជ្រ ស្រស់៘ ក៏សុទ្ធតែប្រឆាំង CPP ដូចគ្នា គ្រាន់តែបក្សខ្លះប្រឆាំងខ្លាំង បក្សខ្លះប្រឆាំងស្រាល ជាពិសេស “បក្សភ្លើងទៀន” ដែលជាបុត្រសម្ព័ន្ធ ឬជាមេបារបស់អតីត បក្សសង្គ្រោះជាតិ (CNRP) មានសកម្មភាពប្រឆាំងខ្លាំង ខណៈដែលបក្សប៉ុន្មានទៀត ដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅនោះ ប្រឆាំងថ្នមៗ។
“នគរធំ” មានទស្សនៈស្របតាមអ្នកវិភាគគឹម សុខ ដែលថា “បើពួកប្រឆាំង មិនព្រមលះបង់អស្មិមានះ មិនរួបរួមគ្នា តាមឆន្ទៈប្រជាពលរដ្ឋ និងចាញ់ដៃគូ CPP ជារៀងរហូត”។
ចំណុចនេះ មានសំណួរថា “តើពួកប្រឆាំង រួបរួមគ្នាបានទេ?” “នគរធំ” ហ៊ានឆ្លើយយ៉ាងប្រាកដនិយមថា “មិនអាចទេ” ជាពិសេស ក្រុមលោកសម រង្ស៊ី និងក្រុមលោកកឹម សុខា “កាន់តែពាក់មុខយក្សដាក់គ្នា” ធ្ងន់ធ្ងរជាងមុនបោះឆ្នោតឃុំ-សង្កាត់ ទៅទៀត។
ក្រុមលោកសម រង្ស៊ី ដែលរួបរួមគ្នា “ដុតភ្លើងទៀន” យល់ព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត គ្រាន់តែឡាំប៉ាខ្លះៗថា “បោះឆ្នោតអាក្រក់បំផុត” តែពួកគេត្រៀមយកកៅអីមេឃុំ៤ និងកៅអីជំទប់ ក្រុមប្រឹក្សាជាង ២០០០ ក្នុងពេលឆាប់ៗនេះ។
ផ្ទុយទៅវិញ ក្រុមលោកកឹម សុខា ដែលធ្វើពហិការបោះឆ្នោតនោះ អ្នកខ្លះថា “លោកសម រង្ស៊ី កំពុងរៀបចំផែនការ ទុច្ចរិត ធ្វើឱ្យបក្សភ្លើងទៀន ត្រូវរំលាយចោល” ខ្លះទៀតថា “បើបក្សកាន់អំណាចមិនរំលាយបក្សភ្លើងទៀន គឺទុកបញ្ឆោត មតិជាតិ-អន្តរជាតិ”។
ដោយឡែកមេប្រឆាំង សម រង្ស៊ី បានស្តីបន្ទោសលោកកឹម សុខា ជាអាទិ៍ថា “មិនចេញទៅបោះឆ្នោតគាំទ្រភ្លើងទៀន” ដែលធ្វើឱ្យគេអាចយល់បានថា “បងធំ បងតូច” ទាំងពីរនេះ លែងជា “មនុស្សតែមួយទៀតហើយ”។
ពួកប្រឆាំងសំខាន់ៗ តែ២ក្រុមហ្នឹង “កំពុងពាក់មុខយក្សដាក់គ្នា” គ្មានថ្ងៃអវសាន។ ឧបមាថា ពួកភ្លើងទៀន ចូលធ្វើការជាមួយ CPP នៅរដ្ឋអំណាចមូលដ្ឋាន ក៏ក្រុមលោកកឹម សុខា នៅតែតាមចាប់កំហុសជារៀងរហូត លៃយ៉ាងណា “មិនឱ្យចាក់ប្ញសជាប់ដីបាន”។ ដោយហេតុថា នៅ១ឆ្នាំទៀត ដល់ពេលបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៧ ដែល មន្ត្រី CPP ខ្លះទស្សន៍ទាយថា CPP នឹងទទួលបាន ១០៤អាសនៈនោះ ធ្វើឱ្យពួកប្រឆាំងទាំងពីរក្រុម កាន់តែទាស់អធ្យាស្រ័យគ្នាទ្វេឡើង។
សូម្បីព្រះពុទ្ធសាសនា ក៏បែកបាក់ជា ២ដែរ គឺកាលព្រះពុទ្ធ បរមគ្រូ នៅគង់ព្រះជន្ម “ទេវទត្ត” ធ្លាប់បំបែកជាលើកទី១ ដោយទេវទត្ត តាំងខ្លួនជាព្រះពុទ្ធ រួចឃោសនាបញ្ចុះបញ្ចូលសង្ឃសាវ័ក ៥០០អង្គ ឱ្យបែកខ្ញែកចេញពីព្រះសមណគោតម ប៉ុន្តែព្រះពុទ្ធអង្គ បានប្រើព្រះអគ្គសាវ័កទាំង២ គឺមហាសារីបុត្តត្ថេរ និងមហាមោគ្គល្លានត្ថេរ ទៅអូសទាញបានមកវិញ។
លុះព្រះពុទ្ធ បរិនិព្វានជាច្រើនរយឆ្នាំ ព្រះពុទ្ធសាសនា ក៏បែកជា ២និកាយ គឺឧត្តរនិកាយ ដែលគេហៅថា “មហាយាន ឬអាចរិយវាទ” ផ្សាយទៅទិសខាងជើង មានចិន ជប៉ុន ម៉ុងហ្គោលី ទីបេត៍ កូរ៉េ វៀតណាម ជាដើម។ រីឯទក្ខិណនិកាយ ដែលគេហៅថា “ហីនយាន ឬថេរវាទ” បែកមកទិសខាងត្បូង មានសិរីលង្កា នេប៉ាល់ ឥណ្ឌា កម្ពុជា ភូមា ថៃ លាវ។
ចុះទម្រាំពួកប្រឆាំង តើអាចរួបរួមគ្នាបានទេ បើសូម្បីតែព្រះពុទ្ធសាសនា “ឯកភាពមិនបានផងនោះ?” ដូច្នេះយើងអាច សន្និដ្ឋានបានថា បើ CPP នៅតែដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះជាពួកប្រឆាំងប្តូរឈ្មោះបក្សប៉ុន្មានដង ទៀត ក៏បោះឆ្នោតមិនឈ្នះ CPP។
“ចាញ់ CPP នៅត្រង់បែកបាក់” ហ្នឹងឯង។ បើកាលណាបែកបាក់ ឈ្លោះគ្នាព្រឹក-ល្ងាច ជេរដៀលគ្នា យកត្រូវតែរៀង ខ្លួន មើលកំហុសខ្លួនមិនឃើញទេ។ ឧបមាថា CPP ចង់យកឈ្នះដាច់ក្នុងការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខ គ្រាន់តែបន្ធូរខ្យល់ឱ្យលោកកឹម សុខា “ចេញរៀបចំសង្គ្រោះជាតិ” ឡើងវិញ ក្នុងនាមលោកកឹម សុខា ជា “ប្រធានគណបក្ស”។ ចំណែកលោកសម រង្ស៊ី ប្រឹងធ្វើសកម្មភាពទាមទារសង្គ្រោះជាតិ ទៅវិញដែរ គឺពេលនោះហើយ ដែល “សង្គ្រោះជាតិ ២ខាំ គ្នា” ខ្លាំងជាងពេលនេះទៅទៀត។
យើងឃើញហើយ ទោះបីជាលោកសម រង្ស៊ី នៅពីក្រោយបក្សភ្លើងទៀន ក៏គាត់ “ព្យាយាមទាមទារ CNRP” មកវិញ ខណៈដែលលោកកឹម សុខា ម៉ាត់ណាក៏មិនចោលពាក្យ “ថែរក្សាព្រលឹង CNRP”។ អ៊ីចឹង CPP គ្រាន់តែស្នើសុំព្រះរាជក្រឹត្យ លើកលែងទោសឱ្យលោកកឹម សុខា និងផ្តល់សិទ្ធិឱ្យគាត់រៀបចំ CNRP ឡើងវិញនោះ CPP ស៊ីផុយ អាចបានកៅអីតំណាងរាស្ត្រ ហួសពី១០៤ ដែលលោកសួស យ៉ារ៉ា ព្យាករទៅទៀត។
កាលបើមាន CNRP ដល់ទៅពីរ ខណៈដែលប្រឆាំងទាំងពីរក្រុមនេះ “ពាក់មុខយក្ស ងារដំបងវាយគ្នា” ធ្វើឱ្យប្រជាពលរដ្ឋដែលគាំទ្រ CNRP ធុញទ្រាន់ ក្តៅក្រហាយ ដកសេចក្តីទុកចិត្តពីពួកអួតខ្លួនថា “ប្រជាធិបតេយ្យនោះ” មកបោះឆ្នោត គាំទ្រ CPP លើសពី ៩៥% ទៅទៀត បើមិនជឿកុំប្រមាថ!
សរុបទៅ “ពួកប្រឆាំងពាក់មុខយក្សដាក់គ្នា” នៅពេលនេះ មិនទាន់ដល់កម្រិតទេ ប៉ុន្តែបើតុលាការដោះលែង ឬមាន ព្រះរាជក្រឹត្យលើកលែងទោសជូនលោកកឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ជម្លោះរវាងពួកប្រឆាំងទាំងពីរ ធ្ងន់ជាងសព្វថ្ងៃទ្វេមួយជាដប់។ CPP ចាំតែទទួល “ស៊ីឡាកពីការពាក់មុខយក្សដាក់គ្នានោះ” ទោះមិនចាំបាច់ហែក្បួន ឃោសនាគគ្រឹកគគ្រេង ក៏ឈ្នះដែរ ដែលជាបរិបទសម្រាប់ក្រុមលោកសម រង្ស៊ី និងក្រុមលោកកឹម សុខា ពិចារណាតាមការ គួរ…’៕