Thursday, November 21, 2024
Homeសម្រស់រូបមន្តធម្មជាតិ ៧យ៉ាង ថែស្បែកមុខ និង ក

រូបមន្តធម្មជាតិ ៧យ៉ាង ថែស្បែកមុខ និង ក

ការថែសម្រស់ ជារឿងចាំបាច់មួយសម្រាប់នារីគ្រប់វ័យ ទាំងការប្រើផលិតផលរក្សាសម្រស់ និងវិធីធម្មជាតិ។ ដោយឡែកវិធីធម្មជាតិ ៧យ៉ាង ខាងក្រោមនេះ អ្នកអាចសាកល្បងជ្រើសប្រើងាយៗដូចខាងក្រោម ដែលមានច្រើនវិធី អ្នកអាចជ្រើសប្រើរូបមន្តមួយណាក៏បាន ដើម្បីថែស្បែកមុខ និងស្បែកក …។

១- រូបមន្តថែបំប៉នស្បែកមុខ ដោយទឹកឃ្មុំ ៖

-លាងមុខឲ្យស្អាត ជូតឲ្យស្ងួត ប្រើចុងម្រាមដៃ ជ្រលក់ទឹកឃ្មុំ យកមកលាបលើមុខ  និងក រួចម៉ាស្សាមុខដោយចុងម្រាមដៃ យ៉ាងថ្នមៗ ប្រមាណ ៥នាទី រហូតទឹកឃ្មុំស្អិត ម៉ាស្សាបន្តទៀតលែងកើត ទុកវាមួយស្របក់។

-ដេកសម្រាក ដោយឲ្យផ្នែកក្បាលស្ថិតនៅទាបជាងចុងជើង  ដើម្បីឲ្យលោហិតមកចិញ្ចឹមស្បែកមុខ និងក បានល្អឡើង។

-សម្រាកមួយសន្ទុះ សឹមប្រើកន្សែងពោះគោ ជ្រលក់ទឹកសើម យកមកជូតទឹកឃ្មុំចេញ។

២- រូបមន្តថែបំប៉នស្បែកមុខ ដោយផ្លែប៉ោម ៖

-ចិតផ្លែប៉ោម ខ្វេះយកស្នូលនិងគ្រាប់ចេញ រួចកិនឲ្យម៉ដ្ឋ។ ក្នុងពេលកិន ត្រូវដាក់ទឹកឃ្មុំ ចូលទៅផង ។

-នៅពេលកិនចូលគ្នាសព្វល្អហើយ យកមកលាបបំពោកមុខ។

-ទុកចោល ២០នាទី សឹមប្រើទឹកដោះគោស្រស់ ត្រជាក់ៗ មកលាងមុខចេញ រួចលាងសម្អាតដោយទឹកត្រជាក់ មួយសាទៀត។

៣- រូបមន្តថែស្បែកមុខ ដោយឪឡឹក ៖

-ចិតឪឡឹក ជាចំណិតស្តើងៗ យកមកបិទឲ្យពេញផ្ទៃមុខ រួចយកក្រណាត់ស ឬកន្សែងស មកគ្របមុខ។

-គេងសម្រាក ប្រមាណ កន្លះម៉ោង រួចលាងមុខដោយទឹក្រជាក់។

៤- រូបមន្តថែស្បែកមុខ ដោយស៊ុតស ៖

-គោះពងមាន់ ១គ្រាប់ ញែកយកស៊ុតក្រហមចេញ ទុកតែស៊ុតស ចាក់ដាក់ក្នុងកែវ ហើយប្រើសម វាយស៊ុតស ឲ្យឡើងពពុះ។

-យកជក់ទន់ៗ ជ្រលក់ស៊ុតស លាបលើមុខ និងក ឲ្យសព្វ។

– ទុកចោល ប្រមាណ ២០នាទី រហូតស៊ុតស ចាប់ផ្តើមរឹង សឹមលាងចេញដោយទឹកត្រជាក់។

៥- រូបមន្តថែស្បែកមុខ ដោយទឹកក្រូចឆ្មារ និងទឹកឃ្មុំ ៖

-ផ្សំទឹកឃ្មុំ ១ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ កូរឲ្យចូលគ្នាសព្វ។

-យកល្បាយខាងលើ មកលាបឲ្យពេញផ្ទៃមុខ និងក។

– ទុកចោល យ៉ាងតិច កន្លះម៉ោង សឹមលាងចេញដោយទឹកក្តៅឧណ្ហៗ។

៦- រូបមន្តថែស្បែកមុខ ដោយប៉េងប៉ោះ ៖

-ហាន់ប៉េងប៉ោះ ជាចំណិតក្រាស់ៗ យកមកមកត្រដុសឲ្យសព្វផ្ទៃមុខ និងក ថ្នមៗ ជាពិសេស បរិវេណដែលមានមុនអង្កាម ឬមុនខ្សាច់ ។

-ប៉េងប៉ោះ មានវីតាមីន សេ (Vitamin C) និងអាស៊ីដ អេអេចអេ (AHA) នឹងជួយបកស្បែកផ្នែកខាងលើដែលងាប់ខូច ឲ្យជ្រុះចេញ។

– ប្រើសំឡី ជ្រលក់ទឹកត្រជាក់ ជូតគ្រាប់ប៉េងប៉ោះចេញ រួចលាងមុខ ដោយទឹកត្រជាក់។

៧- រូបមន្តថែស្បែកមុខ ដោយទឹកដោះគោជូរ ៖

-យកទឹកដោះគោជូរ ដែលក្លាស្សេត្រជាក់ខ្លាំង មកលាបបំពោកមុខ និងក ឲ្យសព្វ។

– ទុកចោល ២០នាទី ឬយូរជាងនេះ រួចប្រើកន្សែងពោះគោ ទន់ៗ ជូតចេញ។

រូបមន្តនេះ ប្រើបានផលល្អណាស់ នៅរដូវក្តៅ នឹងជួយឲ្យស្បែកមុខដែលស្លេកស្លាំង ប្រែពណ៌ជម្ពូ ស្រស់ថ្លា៕

RELATED ARTICLES