Tuesday, March 19, 2024
Homeព័ត៌មានជាតិបោកម៉ូតូមិត្តភក្តិបញ្ចាំចាយអស់ ជាប់ខ្នោះ

បោកម៉ូតូមិត្តភក្តិបញ្ចាំចាយអស់ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាសន្តិសុខឯកជនម្នាក់ បានខ្ចីម៉ូតូពីមិត្តភក្តិម្នាក់ ប្រាប់ថាជិះទៅទិញអីវ៉ាន់ ១ភ្លែត រួចក៏បែកគំនិតជិះហួសយកទៅបញ្ចាំ បានលុយ ៤០០ដុល្លារ យកមកដើរស៊ីចាយហ៊ឺហា ផឹកស៊ី ជក់ថ្នាំញៀន អស់លុយពីខ្លួន ក៏ត្រូវសមត្ថកិច្ចតាមរកមុខឃើញ ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីឆបោកយកម៉ូតូមិត្តភក្តិទៅបញ្ចាំនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ម៉ោង១០និង៣០នាទី នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ រហូតមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះចំរើន សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរប្រធានសន្តិសុខ ស្នាក់នៅផ្ទះលេខ 5E ភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសារុន ដាណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-1471 ទៅជួបជនសង្ស័យ ពេលនោះជនសង្ស័យក៏ប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះជិះ ដោយប្រាប់ថា ទៅយកអីវ៉ាន់មួយភ្លែត រួចក៏ជិះម៉ូតូជនរងគ្រោះ យកទៅបញ្ចាំ បានលុយ ៤០០ដុល្លារ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ ចំណែកជនរងគ្រោះ ក្រោយពីបាត់មិនឃើញជនសង្ស័យ យកម៉ូតូមកសងវិញ ក៏បានទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។

រហូតមកដល់វេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនប្រគល់ឱ្យប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធីតែម្តង៕

RELATED ARTICLES