ភ្នំពេញ៖ស្រីស្អាតធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា បានប្រកាន់ជំហថាធ្វើការផង ដើរលេងផង ទើបធ្វើឲ្យជីវិតនាងមានន័យ ហើយនាងក៍ហោះទៅលំហែកាយ៉ានៅថៃរយៈពេលខ្លីដោយរីករាយ។ប៉ុន្ដែហ្សាណា មិនបានបង្ហាញអ្នករួមដំណើរជាមួយនាងដូចតារាផ្សេងៗទៀតដែលគេមានសង្សារហើយទៅកៀកកើយគ្នាយ៉ាងរ៉ូមែនទិកនៅបរទេសនោះឡើយ បើទោះជាកាលពីឆ្នាំ២០២០ នាងធ្លាប់បង្ហាញសញ្ញាមានគូស្នេហ៍ដោយកាន់ដៃប្រុសម្នាក់ដោយមិនបើកមុខក្ដី។ដោយឡែកប្រភពជិតដិតហ្សាណា បានបង្ហើបថាមិនថាតែនៅក្នុងស្រុកនោះទេ ពោលគឺការចេញទៅកម្សាន្ដនៅបរទេសរបស់ស្រីស្រស់ធ្មេញចំពើសរូបនេះតែងតែមានឪពុកនិងម្ដាយនាងទៅតាមជាប្រចាំដូចទម្លាប់រាល់ដងដែរ ហើយគ្រប់ពេលឪពុករបស់នាងបានកាន់កាមេរ៉ាធំតាមថតគ្រប់សកម្មភាពរបស់អ្នកចម្រៀងធ្មេញចំពើសរូបនេះ ដើម្បីឲ្យនាងមានសកម្មភាពនៅលើបណ្ដាញសង្គមជាប្រចាំតែម្ដង។

សូមបញ្ជាក់ថាតាំងពីរ៉េត ស៊ូហ្សាណា ចាប់អាជីពចម្រៀងជាង៦ឆ្នាំមកនាងមិនដែលធ្លាប់ប៉ៈរឿងអាស្រូវកេរ្ដិ៍ណាមួយឡើយ បើទោះជានៅរដូវកូវីដស្រីស្អាតបានបង្ហាញការមានលុយទិញផ្ទះ២ជុងជាប់គ្នាតម្លៃមិនក្រោម៣០ម៉ឺនដុល្លារ និងរថយន្ដទំនើបJeep Rubicon តម្លៃ៨៧០០០ដុល្លារក្ដី តែការសង្ស័យថាអ្នកចម្រៀងរូបស្រស់ម្នាក់នេះមានគូស្នេហ៍នៅក្រោយខ្នងហាក់ស្រាលជាងតារាស្រីផ្សេងៗទៀត ព្រោះសម្អាងថាហ្សាណា មានឪពុកម្ដាយជាអ្នកមានជីវភាពធូធារតាំងពីមុននាងចូលច្រៀងម្លេះ ហើយតាមព័តមានថាហ្សាណា នឹងត្រូវគ្រួសារនាងឲ្យឈប់ពីសិល្បៈភ្លាមៗប្រសិនណានាងប៉ៈរឿងអាស្រូវណាមួយកើតឡើង។

អ្វីដែលគូឲ្យកត់សម្គាល់នោះស៊ូហ្សាណា មិនដែលបង្ហាញភាពស្និតស្នាលជាមួយប្រុសណាម្នាក់ឡើយ ប៉ុន្ដែមានតែកូនប្រុសលោកឧកញ៉ាព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ ប៉ុណ្ណោះដែលជាញឹកញាប់ពួកគេស្និតស្នាលគ្នាប្លែកទាំងក្នុងនិងក្រៅឆាក ពោលគឺដូចគូសង្សារតែម្ដងហើយឪពុកម្ដាយហ្សាណា អត់ដែលជំទាស់ម្ដងណាឡើយ។Fan របស់ហ្សាណា ចង់ឲ្យស្រីស្អាតរូបនេះក្លាយទៅជាកូនប្រសារលោកឧកញ៉ាព្រាប សុវត្ថិ តែនាងមិនដែលតបឡើយ។ដោយឡែកទាក់ទងអាជីពចម្រៀងវិញគេឃើញថានាងស៊ូហ្សាណា មានរាសីឡើង ព្រោះនៅហង្សមាសមានតែនាងម្នាក់ប៉ុណ្ណោះដែលហក់ឡើងនារដូវកូវីដកន្លងមកនេះ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ព្រមានថាហ្សាណា មិនទាន់អាចទៅរ៉ាប់រងតារាស្រីលំដាប់ជូរមុខនៅហង្សមាសបានទេ ព្រោះការច្រៀងបទជាភាសារខ្មែររបស់នាងនៅមានកម្រិតពោលគឺត្រូវការពេលវេលាបន្ថែមទៀត៕

