ប្រសិនបើនិយាយអំពី “មុន” (Acne) នារីជាច្រើននឹងងាកចេញ ពោលគឺគ្មាននរណាម្នាក់ចង់ឱ្យកើតមុនទេ សូម្បីតែនៅលើសរីរាង្គដែលមិនគួរកើត ដូចជា មុននៅកំប៉េះគូទ ទោះបីជាតំបន់នោះមិនត្រូវបានបង្ហាញឱ្យគេឃើញក៏ដោយ។ មុននៅកំប៉េះគូទ នេះ វានាំមកនូវការឈឺចាប់ ហើយមានការពិបាក នៅពេលត្រូវការស្លៀកពាក់ឈុតប៊ីគីនី។
មូលហេតុនៃការកើតមុន នៅគូទ វាអាចមានករណី ជាច្រើនជួនកាលវាអាចបណ្តាលមកពីរន្ធញើសនៅបរិវេណនោះមានការរលាក ឬអាចមកពីភាពផ្អាប់សើម មានកាកសំណល់សាប៊ូនៅក្នុងខោទ្រនាប់ រួមទាំងការស្លៀកខោ ឬខោទ្រនាប់ដែលហប់ មិនអាចឲ្យខ្យល់អាកាសចេញចូលបាន ឬខោតឹងពេកជាដើម។
ទោះជាយ៉ាងណា បើអ្នកកើតមុន នៅកំប៉េះគូទ អាចព្យាបាលបានដោយវិធីខាងក្រោម ៖
១-ថែរក្សាអនាម័យ ៖
មូលហេតុនៃការកើតមុន នៅគូទ អាចមកពីក្លិនញើសនិងភាពកខ្វក់ ជាពិសេសនារីដែលចូលចិត្តហាត់ប្រាណ កុំឱ្យញើសសើមផ្អាប់យូរ ត្រូវលាងសម្អាតបរិវេណគូទឲ្យស្អាត អាចប្រើសាប៊ូដែលមានផ្សំសារធាតុបង់ហ្សូអីុល ពែរអុកសីុដ (Benzoyl peroxide) យ៉ាងហោចណាស់២% ដើម្បីជួយសម្អាតខ្លាញ់ដែលលើស និងជួយកម្ចាត់មុន នៅកំប៉េះគូទ។
២-លាងសម្អាតស្បែកជាប្រចាំ ៖
ការងូតទឹកតែម្យ៉ាង គឺមិនគ្រប់គ្រាន់នោះទេ អ្នកគួរខាត់ស្បែក យ៉ាងហោចណាស់ ២-៣ដង ក្នុងមួយសប្តាហ៍ ខាត់ស្បែកថ្នមៗ ដោយសាញននោងធម្មជាតិ ឬប្រើក្រែមខាត់ស្បែករូបមន្តកាហ្វេ ឬអំបិលដើម្បីជម្រុះកោសិកាស្បែកចាស់ដែលមិនរលោង ឲ្យជ្រុះចេញ ឲ្យកោសិកាស្បែកថ្មីលូតលាស់ឡើង។
៣-លាបថ្នាំការព្យាបាលមុន ៖
ថ្នាំព្យាបាលមុនដែលអ្នកប្រើព្យាបាលមុន លើមុខនោះ ក៏អាចយកមកប្រើចំពោះមុននៅលើកំប៉េះគូទ បានផងដែរ។ ជ្រើសប្រើថ្នាំព្យាបាលមុន ដែលមានផ្សំសារធាតុបង់ហ្សូអីុល ពែរអុកសីុដ (Benzoyl peroxide), អាសីុដ សាលីសីុលិក (Salicylic acid) ឬ អាសីុដ អាល់ហ្វា អីុដ្រុកសីុ ( Alfa hydroxyl) acid វាជួយឱ្យមុនឆាប់ជា។
៤-ព្យាបាលមុន ដោយរូបមន្តធម្មជាតិ ៖
បន្ទាប់ពីងូតនិងសម្អាតស្បែករួច ជូតឱ្យស្ងួត យកទឹកក្រូចឆ្មារ ឬទឹកខ្មេះផ្លែប៉ោម មកលាបលើមុន នៅកំប៉េះគូទ ទុករយៈពេល៣០នាទី បន្ទាប់មកលាងជម្រះចេញដោយទឹកត្រជាក់ ឬបន្តក់លើគ្រាប់មុន ដោយប្រេងធីទ្រី(Tea tree oil) ឬប្រេងដូង (Coconut oil) ទុកវាចោល។ វាជួយកាត់បន្ថយមុននៅកំប៉េះគូទ បាន ព្រោះប្រេងទាំងនេះ ជួយកម្ចាត់មេរោគបាក់តេរី និងមេរោគផ្សិត។
៥-ស្លៀកពាក់សម្លៀកបំពាក់ស្អាត និងជាសាច់ក្រណាត់ដែលខ្យល់ចេញចូលបានស្រួល ៖
បន្ថែមលើអនាម័យខ្លួនប្រាណ សម្លៀកបំពាក់គួរតែស្អាតផងដែរ។ គួរផ្លាស់ប្តូរខោទ្រនាប់ ដើម្បីការពារភាពផ្អាប់សើម រួមទាំងកុំស្លៀកខោដែលរឹតតឹងពេក ជ្រើសរើសក្រណាត់ដែលមានខ្យល់អាកាសចេញចូលបានស្រួល ដូចជាក្រណាត់កប្បាស (Cotton) ដែលអាចជួយឱ្យខ្យល់ចេញចូលបានល្អ។គ្មានភាពផ្អាប់សើមនៃញើសដែលជាមូលហេតុនៃការកើតមុននៅកំប៉េះគូទ។
៦-ទទួលទានអាហារដែលមានប្រយោជន៍ ៖
ក្រោយពីការថែរក្សា ព្យាបាលមុន ពីខាងក្រៅ អ្នកគួរថែទាំសុខភាពពីខាងក្នុងផងដែរ ដោយការបរិភោគអាហារដែលមានជីវជាតិដូចជាបន្លែនិងផ្លែឈើដែលសម្បូរទៅដោយជាតិរ៉ែ និងវីតាមីន កាត់បន្ថយអាហារចៀន អាហារខ្លាញ់ ត្រូវផឹកទឹកឲ្យបានច្រើន យ៉ាងតិច ៨ ទៅ១០កែវ ជារៀងរាល់ថ្ងៃ ដើម្បីបន្ថែមសំណើមដល់រាងកាយនិងស្បែក៕